មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចាត់ទុកការចាប់ឃុំខ្លួនសមាជិកជិត១០នាក់ជាបន្តបន្ទាប់កន្លងទៅនេះ ជាការគំរាមកំហែងសកម្មភាពនយោបាយពីបក្សកាន់អំណាច ដែលការណ៍នេះបក្សនោះទាមទារឱ្យរដ្ឋាភិបាលថ្មី ស្តារសិទ្ធិនេះឡើងវិញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ ដើម្បីឱ្យការអភិវឌ្ឍមានតម្លាភាព និងធានាស្ថិរភាពនយោបាយ ។
ការលើកឡើងនេះ ចំពេលប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំម្នាក់ទៀត គឺ លោក ថាន់ ណារិនត្រូវតុលាការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ក្រោយសមត្ថកិច្ចចាប់ខ្លួន និងមានលិខិតអនាមិកគំរាមចាប់ខ្លួនថ្នាក់ដឹកនាំបក្សនេះចំនួន២០នាក់នៅពេលថ្មីៗនេះ។
លោក ថាន់ ណារិន ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ វេលាម៉ោង១រសៀល ថ្ងៃទី១៩ខែសីហានេះ បន្ទាប់មក សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារ ចោទថា បានញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត ។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ឱ្យដឹងនៅថ្ងៃទី២១សីហាថា លោកបានដឹងពីករណីចាប់ខ្លួនសមាជិកបក្សនៅខេត្តត្បូងឃ្មុំ ហើយថា មួយរយៈនេះ អាជ្ញាធរបានឃាត់ខ្លួនក្បាលម៉ាស៊ីន(សមាជិក)គណបក្សនៅមូលដ្ឋានច្រើននាក់ជាបន្តបន្ទាប់។ លោកគិតថា ករណីនេះ «គ្មានអ្វីក្រៅពីការជាប់ពាក់ព័ន្ធនឹងការរើសអើងខាងនយោបាយឡើយ»។
លោក គឹមសួរ ភិរិទ្ធ និយាយទៀតថា ការចាប់ឃុំខ្លួនសមាជិកនេះ គឺជាការគំរាមកំហែង និងដាក់សម្ពាធលើសមាជិក ក្នុងការចូលរួមសកម្មភាពនយោបាយ។
លោកថា៖ «គណបក្សភ្លើងទៀននៅតែរងសម្ពាធ ពិសេសចាប់ហ្នឹង ភាគច្រើនថ្នាក់ដឹកនាំ ជាប្រធានក្រុមប្រឹក្សា ជាប្រធានប្រតិបត្តិ ប្រធានក្រុមការងារអីចឹង។ ធ្វើឱ្យមានសម្ពាធនយោបាយទៅលើគណបក្សភ្លើងទៀនហ្នឹងបន្តបន្ទាប់។ ថ្វីត្បិតការបោះឆ្នោតប្រព្រឹត្តទៅរលួនហើយ យើងឃើញថាពិបាកធ្វើសកម្មភាពនយោបាយនៅក្នុងស្ថានភាពបែបនេះ»។
យ៉ាងណាលោក ចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មី បន្ថយភាពតានតឹងខាងនយោបាយ ដើម្បីឱ្យមានសិ្ថរភាពនយោបាយ ដែលដើមចមជំរុញឱ្យមានប្រព័ន្ធតាមដានការអភិវឌ្ឍសង្គម ប្រកបដោយតម្លាភាព។
បើតាមលោក គឹមសួរ ភិរិទ្ធ គិតត្រឹមថ្ងៃទី២១សីហានេះ សមាជិករបស់ខ្លួននៅតាមមូលដ្ឋានជិត១០នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ហើយចោទប្រកាន់ពាក់ព័ន្ធនឹងការបោះឆ្នោត។
Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន និងអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេគិតត្រឹមថ្ងៃអង្គារនេះ ដោយសារទូរសព្ទហៅចូលតែពុំមានអ្នកទទួល ។
ប៉ុន្តែក្រោយការបោះឆ្នោត មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់គំរាមចាប់ខ្លួនអ្នកដែលធ្វើតាមការណែនាំរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងអំពាវនាវឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលដែលអតីតមេដឹកនាំបក្សប្រឆាំងហៅថា ដើម្បីប្រឆាំងនឹងមេដឹកនាំបក្សកាន់អំណាច ដែលរៀបចំការបោះឆ្នោតខ្វះភាពអយុត្តិធម៌ ខណៈតុលាការនៅបន្តបិទខ្ទប់បក្សប្រឆាំងពីទីលានប្រកួត ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុក វិធានចាប់ខ្លួនជាហូរហែនេះ ថា ជាការធ្វើទុកបុកម្នេញលើសកម្មជនគណបក្សជំទាស់។
លោកយល់ថា វិធាននេះ មិនស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ ធានាពីប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ដែលធានាសិទ្ធិពលរដ្ឋ ក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ និងសង្គមនោះទេ។
លោកបន្តថា កម្ពុជានឹងអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ១០០ភាគរយពីសហភាពអ៊ឺរ៉ុប បើរដ្ឋាភិបាលថ្មីរបស់កម្ពុជា មិនព្រមស្តារស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ ដើម្បីស្តារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញនោះ។
លោកថា៖ «យើងជាសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សនេះ យើងក៏នៅតែទទូចសូមឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ពិនិត្យពិចារណា ជាពិសេសគឺដោះស្រាយបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យមានភាពល្អប្រសើរនោះកម្ពុជានឹងទទួលបានផលចំណេញបាន»។
ក្រោយការបោះឆ្នោតអាណត្តិទី៧នេះ ក្រុមប្រទេសលោកសេរី និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយរិះគន់រដ្ឋាភិបាលកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ប្រហាក់ប្រហែលគ្នាថា ស្ថានភាពនយោបាយនៅកម្ពុជា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២៣ UN និយាយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសកលអាណត្តិទី៧ឆ្នាំ២០២៣នេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ។
ពួកគេចាត់ទុកថា របត់នេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ និងពលរដ្ឋ រួមទាំងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលថាសកម្មភាពនេះ បានបង្កឱ្យបាត់ទំនុកចិត្តក្នុងដំណើរការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
យ៉ាងណាអង្គការសហប្រជាជាតិគូសបញ្ជាក់ថារដ្ឋាភិបាលថ្មី របស់កម្ពុជាត្រូវគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចាស់ និងថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។