​ម​ន្ត្រីជាន់​ខ្ពស់គណបក្ស​ភ្លើងទៀន​​​ ចាត់ទុ​កកា​រ​​ចា​​ប់​​​​ឃុំ​​ខ្លួ​នសមាជិកជិត១០នាក់ជាបន្ត​បន្ទាប់កន្លងទៅនេះ ​​​ជា​ការ​គំ​រា​ម​​​​កំ​ហែ​ង​​ស​​​ក​ម្ម​​​​​ភាព​​នយោ​​បាយពីបក្សកាន់អំណាច ដែលការណ៍នេះបក្សនោះទាមទារឱ្យរដ្ឋាភិបាលថ្មី ស្តារសិទ្ធិនេះឡើ​ងវិញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ ដើម្បីឱ្យការអភិវឌ្ឍមានតម្លាភាព និងធានាស្ថិរភាពនយោបាយ  ។

ការលើកឡើងនេះ ចំពេលប្រធានគណបក្សភ្លើងទៀនប្រចាំខេត្តត្បូងឃ្មុំម្នាក់ទៀត គឺ លោក ថាន់ ណារិនត្រូ​វតុ​លាការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ក្រោយសមត្ថកិច្ចចាប់ខ្លួន និងមានលិខិតអ​នាមិកគំរា​​​មចាប់ខ្លួនថ្នាក់ដឹកនាំបក្សនេះចំនួន២០នាក់នៅពេលថ្មីៗនេះ។

លោក ថាន់ ណារិន ត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ វេលាម៉ោង១រសៀល ថ្ងៃទី១៩ខែសីហានេះ បន្ទា​ប់មក សាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារ ចោទថា បានញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភិរិទ្ធ ឱ្យដឹងនៅថ្ងៃទី២១សីហាថា លោកបានដឹងពីករណីចាប់ខ្លួនសមាជិកបក្សនៅខេត្តត្បូងឃ្មុំ ហើយថា មួយរយៈនេះ អាជ្ញាធរបានឃាត់ខ្លួនក្បាលម៉ាស៊ីន(សមា​ជិក)​គណបក្សនៅមូលដ្ឋានច្រើននាក់ជាបន្តបន្ទាប់។ លោកគិតថា ករណីនេះ «គ្មានអ្វីក្រៅពីការជាប់ពាក់ព័ន្ធនឹងការរើ​ស​អើ​​ងខាងនយោបាយឡើយ»។

លោក គឹមសួរ ភិរិទ្ធ និយាយទៀតថា ការចាប់ឃុំខ្លួនសមាជិកនេះ គឺជាការគំរាមកំហែង និងដាក់សម្ពាធលើសមាជិក ក្នុងការចូលរួមសកម្មភាពនយោបាយ។

លោកថា៖ «គណបក្សភ្លើងទៀននៅតែរងសម្ពាធ ពិសេសចាប់ហ្នឹង ភាគច្រើនថ្នាក់ដឹកនាំ ជាប្រធានក្រុមប្រឹក្សា ជាប្រធានប្រតិបត្តិ ប្រធានក្រុមការងារអីចឹង។ ធ្វើឱ្យមានសម្ពាធនយោបាយទៅលើគណបក្សភ្លើងទៀ​​នហ្នឹងបន្តបន្ទាប់។ ថ្វីត្បិតការបោះឆ្នោតប្រព្រឹត្តទៅរលួនហើយ យើងឃើញថាពិបាកធ្វើសកម្មភាពនយោបាយនៅក្នុងស្ថានភាពបែបនេះ»

យ៉ាងណាលោក ចង់ឃើញរដ្ឋាភិបាលអាណត្តិថ្មី បន្ថយភាពតានតឹងខាងនយោបាយ ដើម្បីឱ្យមានសិ្ថរភាពនយោបាយ ដែលដើមចមជំរុញឱ្យមានប្រព័ន្ធតាមដានការអភិវឌ្ឍសង្គម ប្រកបដោយតម្លាភាព។

បើតាមលោក គឹមសួរ ភិរិទ្ធ គិតត្រឹមថ្ងៃទី២១សីហានេះ សមាជិករបស់ខ្លួននៅតាមមូលដ្ឋានជិត១០នាក់ហើយ ត្រូវបានចាប់ឃុំខ្លួន ហើយចោទប្រកាន់ពាក់ព័ន្ធនឹងការបោះឆ្នោត។

Newsroom Cambodia មិនអាចសុំការឆ្លើយតបពីអ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ​​ លោក អ៊ី រិន ​​ និងអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេគិតត្រឹមថ្ងៃអង្គារនេះ ដោ​យសា​​រទូរសព្ទហៅចូលតែពុំមានអ្នកទទួល ។

ប៉ុន្តែក្រោយការបោះឆ្នោត មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់គំរាមចាប់ខ្លួនអ្នកដែលធ្វើតាមកា​​​រ​​ណែនាំរបស់ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងអំពាវនាវឱ្យពលរដ្ឋគូសសន្លឹ​​​កឆ្នោ​តចោលដែលអតីតមេដឹកនាំបក្សប្រឆាំងហៅថា ដើម្បីប្រឆាំងនឹងមេដឹកនាំបក្សកាន់អំណាច ដែលរៀបចំការបោះឆ្នោតខ្វះភាពអយុត្តិធម៌ ខណៈតុលាការនៅប​ន្ត​បិទខ្ទប់បក្សប្រឆាំ​ងពី​ទីលានប្រកួត ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ចាត់ទុក វិធានចាប់ខ្លួនជាហូរហែនេះ ថា ជាការធ្វើទុកបុកម្នេញលើសកម្មជនគណបក្សជំទាស់។

លោកយល់ថា វិធាននេះ មិនស្របនឹងស្មារតីរដ្ឋធម្មនុញ្ញ ធានាពីប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ដែលធានាសិទ្ធិពលរដ្ឋ ក្នុងការចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ និងសង្គមនោះទេ។ 

លោកបន្តថា កម្ពុជានឹងអាចបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ១០០ភាគរយពីសហភាពអ៊ឺរ៉ុប បើរដ្ឋាភិបាលថ្មីរបស់កម្ពុជា មិនព្រមស្តារស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ ដើម្បីស្តារប្រព័ន្ធប្រជាធិបតេយ្យឡើងវិញនោះ។

លោកថា៖ «យើងជាសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្សនេះ យើងក៏នៅតែទទូចសូមឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ពិនិត្យពិចារណា ជាពិសេសគឺដោះស្រាយបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យមានភាពល្អប្រសើរនោះកម្ពុជានឹងទទួលបានផលចំណេញបាន»

ក្រោយការបោះឆ្នោតអាណត្តិទី៧នេះ ក្រុមប្រទេសលោកសេរី និងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយរិះគន់រដ្ឋាភិបាលកម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ប្រហាក់ប្រហែលគ្នាថា ស្ថានភាពន​យោបា​​​យ​នៅកម្ពុជា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។

សេចក្តីថ្លែងការណ៍ចុះថ្ងៃទី ២ ខែ សីហា ឆ្នាំ២០២៣ UN និយាយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំស​​ង្កាត់ ឆ្នាំ២​០​​​២​​​​២ និងការបោះឆ្នោតសកលអាណត្តិទី៧ឆ្នាំ២០២៣នេះ មិនអាចធានាបានពីសេរី ត្រឹមត្រូវ និងយុ​​ត្តិធ​​ម៌​​​​ទេ​​។

ពួកគេចាត់ទុកថា របត់នេះបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រឹតត្បឹតលំហនយោបាយ និងពលរដ្ឋ រួមទាំ​ង​​បិទប្រព័ន្ធផ្ស​​ព្វ​ផ្សាយ​ឯករាជ្យ ដែលថាសកម្មភាពនេះ បាន​បង្កឱ្យបាត់ទំនុកចិត្តក្នុងដំ​​ណើ​​រកា​​របោះឆ្នោតកា​លថ្ងៃទី២​​៣ ខែកក្កដា ឆ្នាំ២០២៣។

យ៉ាងណាអង្គការសហប្រជាជាតិគូសបញ្ជាក់ថារដ្ឋាភិបាលថ្មី របស់កម្ពុជាត្រូវគោ​​រពតាមកាតព្វកិច្ចសិទ្ធិមនុ​ស្ស​អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំ​​លោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចា​​​ស់ និ​ងថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។