សកម្មជនដីធ្លីម្នាក់នៅភូមិឡពាង ត្រូវអាជ្ញាធរប្តឹងពីបទបរិហារកេរ្តិ៍ ក្រោយនិយាយរំឭកពីប្រវត្តិបាត់បង់ដីសហគមន៍ជាង១០០ហិកតា ទៅលើក្រុមហ៊ុន KDC International របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម ខណៈការតវ៉ាជាង២០ឆ្នាំភាគីពាក់ព័ន្ធមិនអាចដោះស្រាយដើម្បីបញ្ចប់ជម្លោះបាន។
អ្នកដែលអាជ្ញាធរប្តឹង គឺលោក ស្ងួន ញឿន ឱ្យដឹងនៅថ្ងៃទី២៣សីហានេះថា មេភូមិឡពាង លោក ឌុច ប៊ុនហេង ប្តឹងគាត់ថាបានបរិហារកេរ្តិ៍ បន្ទាប់ពីគាត់ផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយនិយាយពីអាជ្ញាធររើសអើងនិងរួមគំនិតលក់ដីសហគមន៍ ឱ្យទៅក្រុមហ៊ុន KDC ។
លោកបន្តថា ការដែលគាត់និយាយរំឭករឿងនេះ អំឡុងពេលព្រះសង្ឃ យុវជន និងអ្នកភូមិផ្សេងទៀត ប្រមាណ ១០០នាក់ មកទស្សកិច្ចក្នុងសហគមន៍ឡពាង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីឈ្វេងយល់ពីបញ្ហាជម្លោះដែលបានអូសបន្លាយជាង២០ឆ្នាំនៅតែមិនទាន់រកច្រកចេញរួច។
សកម្មជនដីធ្លីវ័យ៤៤ឆ្នាំរូបនេះ ឱ្យដឹងទៀតថា ក្រោយគាត់បង្ហោះវីដេអូលើបណ្តាញសង្គម អាជ្ញាធរឃុំបានចេញលិខិតមួយច្បាប់ បង្គាប់ឱ្យគាត់ចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ពាក់ព័ន្ធនឹងការចោទពីបទរិហារកេរ្តិ៍ ។
លោកថា៖«ខ្ញុំយល់ឃើញថា នេះជាការគំរាមគំហែងបំបាក់ស្មារតីរបស់ខ្ញុំ ដែលហ៊ាននិយាយរឿងសង្គម ដែលហ៊ាននិយាយរឿងការពិត ប្រាប់ដល់ប្រជាពលរដ្ឋ ប្រាប់ដល់យុវជន ហើយខ្ញុំនិយាយនេះគឺជារឿងពិតតែម្តង ខ្ញុំមិនបានកុហកឬក៏អីទេ។សុទ្ធតែជារឿងប៉ះខ្លួនខ្ញុំ ប៉ុន្តែបែជា អាជ្ញាធរហ្នឹងចោទពួកខ្ញុំបែរជាថា ខ្ញុំហ្នឹងបរិហារកេរ្តិ៍ពួកគាត់ទៅវិញ»។
មេភូមិឡពាង លោក ឌុច ប៊ុនហេង ប្រាប់ Newsroom Cambodia នៅថ្ងៃពុធនេះថា មូលហេតុដែលលោកប្តឹង លោកស្ងួន ញឿន ព្រោះសកម្មជនដីធ្លីរូបនេះ បានចោទប្រកាន់អាជ្ញាធរមូលដ្ឋានដោយគ្មានភស្តុតាងច្បាស់លាស់។
លោកបន្ថែមថា អាជ្ញាធរនឹងបន្តនីតិវិធីតាមផ្លូវច្បាប់ ប្រសិនបើលោក ស្ងួន ញឿន មិនសុំទោសរូបលោក និងលុបវីឌីអូដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមចោលនោះទេ។
លោកបន្តថា៖ «ខ្ញុំមាននីតិវិធីរបស់ខ្ញុំបន្តទៀត ដោយសារខ្ញុំអត់ចង់វែងឆ្ងាយ ជាមួយប្រជាពលរដ្ឋទេ បើគាត់មិនសុំទោសទេ ប្រហែលខ្ញុំមាននីតិវិធីបន្ត អាហ្នឹងយើងពិភាក្សាគ្នាបន្តទៀត»។
យ៉ាងនេះក្តី លោក ស្ងួន ញឿន ដែលតែងតែសកម្មចេញមុខតវ៉ាប្រឆាំងក្រុមហ៊ុនរបស់លោកស្រី ជា ខេង បានប្រកាសជំហរថា លោកមិនលុបវីឌីអូតាមការទាមទាររបស់អាជ្ញាធរទេ ដោយសំអាងថា អ្វីដែលលោកនិយាយគឺជារឿងពិត។ លោកថា៖ «ខ្ញុំនិយាយការពិត មិនមែនខ្ញុំនិយាយអត់ការពិតទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា សកម្មជនដីធ្លីឡពាង តែងតែទទួលរងពាក្យបណ្តឹងជាបន្តបន្ទាប់ ដោយអាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីគំរាមលើប្រជាសហគមន៍។
លោកគូសបញ្ជាក់ថា ការដាក់ពាក្យប្តឹងលើលោកស្ងួន ញឿន ជាថ្មីពីអាជ្ញាធរនេះ ជារូបភាពមួយដាក់បន្ទុកបន្ថែមទៀត ចំពោះប្រជាសហគមន៍ឡពាងមិនឱ្យហ៊ានបញ្ជេញមតិទាមទាររកយុត្តិធម៌ក្រោយបាត់បង់ដី។ លោកយល់ថា វិធាននេះ បង្ហាញពីកង្វះការទទួលខុសត្រូវរបស់អាជ្ញាធរ ដែលមានតួនាទីដោះស្រាយបញ្ហាពលរដ្ឋ ពិសេសអ្នករងការរំលោភបំពានដីធ្លី ដែលកំពុងប្រឈមនឹងបញ្ហាជីវភាព។
លោកបន្តថា៖ «ដល់ពេលអាជ្ញាធរឃុំបែរជាប្តឹង ទៅលើប្រជាពលរដ្ឋនៅក្នុងភូមិ ដែលមានទំនាស់រឿងដីធ្លី ដែលគាត់បង្ហាញអំពីបញ្ហារឿងដីធ្លីទៅវិញ អាហ្នឹង មិនមែនជាការទំនួលខុសត្រូវ ហើយនិងជាអ្នកគ្រប់គ្រងនៅក្នុងភូមិ។ យើងហៅថាជាម៉ែជាឪក្នុងភូមិ ត្រូវចេះមើលលើកូនថា កូនណារងទុក្ខ កូនណាសុខសប្បាយ ហើយកូនណាដែលត្រូវការឳពុកម្តាយជួយនោះ»។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ ។
បើតាមអ្នកភូមិ វិវាទដីធ្លីក្នុងសហគមន៍ឡពាង ស្ថិតនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនេះ បានកើតឡើងចាប់ពីឆ្នាំ២០០០ ។
ជម្លោះរ៉ាំរ៉ៃនេះធ្វ្វេីឱ្ប៉អ្នកតវ៉ាខ្លះត្រូវចាប់ដាក់ពន្ធនាគារ ១៨៤គ្រួសារបាត់បង់ដីទំហំ១០៨ហិកតា ដែលដីនោះក្រុមហ៊ុន KDC International របស់លោកស្រី ជា ខេង ជាភរិយា លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កំពុងគ្រប់គ្រង តែតំណែងរដ្ឋមន្ត្រីនៅក្រសួងរ៉ែនេះនឹងធ្លាក់ទៅលើ លោក កែវ រតនៈ សម្រាប់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលថ្មី។
ក្រោយមានជម្លោះដីធ្លីនេះ សកម្មជនដីធ្លីនៅភូមិឡពាង បានរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ តែដំណោះស្រាយមិនអាចរកច្រកចេញរួច ដោយឡែកបណ្តឹងតវ៉ារបស់អ្នកភូមិទៅស្ថាប័នច្បាប់ ត្រូវតុលាការកាត់ ឱ្យចាញ់ក្តី ក្រុមហ៊ុនលោកស្រី ជា ខេង ។
បញ្ហានេះ ភាគីក្រុមហ៊ុន បានធ្វើរបងស៊ីម៉ងត៍ចាក់គ្រឹះលើដីមានជម្លោះនៅសហគមន៍ឡពាងច្រើនឆ្នាំកន្លងទៅនេះ បើទោះបីតំណាងសហគមន៍អះអាងថា ពួកគេនៅបន្តទាមទាររកយុត្តិធម៌ពីក្រសួងពាក់ព័ន្ធនៅឡើយក្តី៕