ក្រោយពីក្រុមមន្ត្រីអនុវត្តច្បាប់ព្រួតគ្នាវាយដំយុវជនពីរនាក់ ពាក់ព័ន្ធនឹងកម្មភាពឈរលើកបដាតវ៉ាដោយសន្តិវិធីនៅមុខក្រសួងអប់រំរួចមក ក្រុមសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលផ្តន្ទាទោសជនដៃដល់ ដើម្បីលុបបំបាត់វប្បធម៌នីទណ្ឌភាព និងការពារសិទ្ធិបញ្ចេញមតិ តបតាមរដ្ឋធម្មនុញ្ញ ។
បើតាមវីដេអូមួយដែលគេបង្ហោះលើបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃចន្ទ មានមនុស្សមួយក្រុមស្លៀកពាក់ឯកសណ្ឋាននគរបាល ព្រួតគ្នាប្រតាយប្រតប់ទៅលើយុវជនម្នាក់ រួចរុញយុវជននោះទៅក្នុងរថយន្ត និងខ្លះបានវាយតប់ទៅលើរាងកាយ ។
ដោយឡែកយុវជនម្នាក់ទៀត កាន់កាមេរ៉ាផ្តិតយករូបភាព យុវជនឈរលើកបដា ក៏បានអះអាងមកថា គាត់ត្រូវបានមន្ត្រីអនុវត្តច្បាប់ទាំងនោះ វាយដំទ្រមខ្លួនដែរ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស(CHRAC)លោក រស់ សុដ្ឋា ទាមទារឱ្យមន្រ្តីនគរបាលជាន់ខ្ពស់ ត្រូវមានវិធានការលើមន្រ្តីដែលបង្កហិង្សា ដើម្បីផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ។
មួយវិញទៀតលោកថា តុលាការក៏មានតួនាទីចាត់វិធានការបន្ទាន់ដែរ ដោយមិនចាំបាច់ជនរងគ្រោះដាក់ពាក្យបណ្តឹងនោះទេ ដោយសំអាងថា ការបង្កហិង្សានេះ ជាទម្រង់នៃបទល្មើសជាក់ស្ដែង។
លោក សុដ្ឋា គូសបញ្ជាក់ថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស មិនគួរទុកឱ្យមន្ត្រីអនុវត្តច្បាប់ប្រើហិង្សា បំពានសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញតទៅទៀតនោះទេ។
ជាងនេះទៅទៀតលោកថា ការដែលរដ្ឋាភិបាលចាត់វិធានដាក់ទោសមន្ត្រីបំពានទៅលើសិទ្ធិបញ្ចេញមតិ ជាការផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ និងជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដើម្បីធានាសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖ «ពួកគាត់ត្រូវទទួលបានយុត្តិធម៌ ច្បាប់មានហើយអ្នកណាប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ត្រឹមយុវជនម្នាក់ ឈរលើកបដាតវ៉ា មិនបង្កឱ្យខូចសណ្ដាប់ធ្នាប់សង្គមនោះទេ តែថាការវាយដំទៅលើអ្នកតវ៉ាដោយសន្តិវិធីជាការរំលោភសិទ្ធិមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។
លោកសង្កេតឃើញដែរថា តាមទម្លាប់ អាជ្ញាធរតែងប្រើអំពើហិង្សា ដើម្បីបង្ក្រាបអ្នកតវ៉ា មិនប្រើជម្រើសស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព ។
លោកថា៖ «ស្ថាប័នដែលពាក់ព័ន្ធគួរទទួលញត្តិឬក៏ជជែកជាមួយគាត់(យុវជនរងគ្រោះ)យ៉ាងម៉េច វាជារឿងល្អព្រោះអាហ្នឹងវាជាការសម្ដែងមតិរបស់ពលរដ្ឋ ហើយក៏វាមិនប៉ះពាល់ដល់សណ្ដាប់សាធារណៈឬសុវត្ថិភាពអីទេ(តវ៉ាម្នាក់)»។
យុវជន កែវ សុវណ្ណឫទ្ធិ ដែលអះអាងថា បានរងនូវការវាយដំ ឱ្យដឹងនៅថ្ងៃទី២៤សីហានេះថា កាលពីថ្ងៃចន្ទ វេលាម៉ោង៧ព្រឹក គាត់បានឈរលើកបដានៅមុខក្រសួងអប់រំយុវជននិងកីឡា ជំរុញឱ្យរកយុត្តិធម៌ពាក់ព័ន្ធនឹងការលុបឈ្មោះគាត់ចេញពីក្របខណ្ឌគរុសិស្ស ។
យុវជនរូបនោះបន្តថា នៅពេលគាត់លើកបដាបានប៉ុន្មាននាទី ក៏លេចមុខមន្ត្រី៦នាក់ស្ទុះមកវាយដំ និង ធាក់គាត់យ៉ាងកំរោល ហើយអូសគាត់ចូលក្នុងរថយន្តបន្ទាប់ពីគាត់ជំទាស់នឹងការស្នើសុំឈប់លើកបដា ។
យុវជនអាយុ២០ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុចម្បងដែលគាត់លើកបដាតវ៉ានៅមុខក្រសួងអប់រំ យុវជន និងកីឡានៅពេលនេះ ដោយសារតែជិត២ឆ្នាំកន្លងទៅ ក្រសួងមិនបានឆ្លើយតបជុំវិញលិខិតតវ៉ាជាលាយលក្ខណ៍អក្សររបស់គាត់ ដែលបានតវ៉ាទៅក្រសួងជុំវិញការលុបឈ្មោះគាត់ចេញពីក្របខណ្ឌនេះទេ។
លោកថា៖«គាត់(អាជ្ញាធរ)បង្ករបួសស្នាមនៅលើខ្ញុំត្រូវខ្លួនប្រាណខ្ញុំ និងទាត់ខ្ញុំមួយជើងចំកំភួនជើង […]គេប្រើដៃរឹតកខ្ញុំយកដៃមួយចំហៀងទៀតគាស់ឆ្អឺងជំនី។ ខ្ញុំផ្កាប់មុខរើអត់កើត។ [ខ្ញុំ]ឈឺពេញខ្លួន»។
លោក សុវណ្ណឫទ្ធិ បន្ថែមថា លោកនិងមិត្តភក្តិ បានបាត់ឧបករណ៍ស្រូបសំឡេងនិងវ៉ែនតាមួយ ដែលមានតម្លៃសរុប៨៥ដុល្លារ។
លោកបន្តថា អាជ្ញាធរបានច្រានដាក់គ្នាទៅវិញទៅមក នៅពេលសួររកសម្ភារៈទាំងនេះ ខណៈពួគេបានសន្យាថា នឹងរក្សាទុកឱ្យ ។
យុវជនម្នាក់ទៀងគឺ លោក លាត ប្រាថ្នា វ័យ២១ឆ្នាំជាមិត្តភក្តិរបស់ លោក កែវ សុវណ្ណឫទ្ធិ ដែលជាអ្នកកា ន់កាមេរ៉ាថតផ្សាយបន្តផ្ទាល់ រៀបរាប់ថា អាជ្ញាធរបានវាយលោកចំពីក្រោយខ្នងត្រង់ក និងដាក់លោកមួយកែងត្រង់ស្មាទៀតផង។
លោក ថា អាជ្ញាធរព្យាយាមឆក់យកទូរសព្ទពីដៃរបស់លោក ថែមទាំងរារាំងផ្លូវលោក ហើយក៏វាយសម្រុកពីខាងក្រោយខ្នង។លោកថា៖ «ខ្ញុំមានអារម្មថាសោកសម្រែង ណាមួយត្រូវឈឺខ្លួន»។
យ៉ាងនេះក្តី យុវជនទាំងពីហាក់បង្ហាញភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្តឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកយុត្តិធម៌ ជុំវិញការប្រើអំពើហិង្សាពីសំណាក់មន្ត្រីអនុវត្តច្បាប់នេះ ដោយមិនមានជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជា ។
អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោក អ៊ុក ចន្ថា មានប្រសាសន៍ថា ករណីលុបឈ្មោះគរុសិស្សនេះ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងអប់រំ មន្ទីរមិនមានសិទ្ធិលូកលាន់នោះទេ ខណៈអ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា លោក រស់ សុវាចា មិនអាចទាក់ទងបាន។
ដោយឡែក លោក ជា ខេមា អភិបាលខណ្ឌដូនពេញអះអាងថា ជាប់រវល់ ខណៈ អ្នកនាំពាក្យតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សុំមិនធ្វើអត្ថាធិប្បាយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ពុំទាន់ដឹងករណីនេះទេ។ ប៉ុន្តែលោក លើកទឹកចិត្តឱ្យយុវជនរងអំពើហិង្សាទាំង២នាក់ ដាក់ពាក្យបណ្ដឹងទៅសម្ថកិច្ចដែលនៅក្បែរពួកគេ។
លោកថា៖«យ៉ាងណាក៏ដោយបើសិនជាអាជ្ញាធរណាមានអំពើហិង្សាលើអ្នកណាក៏ដោយត្រូវតែស្វែងរកយុត្តិធម៌ពិតជូនជនរងគ្រោះហើយបើសិនមានពាក្យបណ្ដឹង។[…] បើអត់ប្ដឹងពូក៏មិនដឹងធ្វើម៉េច»។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ ចំណែមាត្រា ៣៥ ចែងដែរថា «សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។
លោក រស់ សុដ្ឋា យល់ថា បញ្ហានេះ វានឹងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរដល់ជនរងគ្រោះ ការរីករាលដាលអំពើអយុត្តិធម៌ក្នុងសង្គម ហើយទីបំផុតនឹងជំរុញឱ្យពលរដ្ឋចងគំនុំជាមួយអាជ្ញាធរ ដែលនាំទៅរកការងើបបះបោរប្រឆាំងរដ្ឋាភិបាលនាពេលខាងមុខក៏ថាបាន បើរដ្ឋាភិបាលមិនអាចទប់ស្កាត់ មន្ត្រីបំពានច្បាប់បាន ។
លោកថា៖ «ការឈឺចាប់របស់គាត់(ពលរដ្ឋចងជា)គំនុំគំកួន ។ ថ្ងៃក្រោយអាចកើតជាមេដឹកនាំមួយ ធ្វើឱ្យមានការបះបោរក្នុងប្រទេសក៏ថាបាន។អាហ្នឹងយើងត្រូវប្រយ័ត្ន។[…]ជំងឺផ្លូវចិត្តឈឺចាប់នឹងសង្គមពេក អយុត្តិធម៌ពេក[…]គាត់ទៅជាកាចសាហាវ»។
អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) កាលពីថ្ងៃទី២៦តុលាឆ្នាំ២០២២ បានបន្តដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសគោរពនីតិរដ្ឋទាប ដូច២ឆ្នាំកន្លងទៅ ។
បើតាមរបាយការណ៍នោះ កម្ពុជាស្ថិតនៅលេខរៀង១៣៩ ក្នុងចំណោមប្រទេស១៤០ លើពិភពលោក ដែលបានធ្វើការវាយតម្លៃ។ World Justice Project សំអាងថា មូលហេតុចម្បងទាញទម្លាក់នីតិរដ្ឋនៅកម្ពុជា ដោយសារតែអំណាច នយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាច តាមបែបប្រជាធិបតេយ្យ ជាដើមហេតុជំរុញឱ្យមានការរំលោភសិទ្ធិមនុស្ស រួមទាំងអយុត្តិធម៌សង្គម។