ក្រោ​យពីក្រុមមន្ត្រីអនុវត្តច្បាប់ព្រួតគ្នាវាយដំយុវជនពីរនាក់ ពាក់ព័ន្ធនឹងកម្មភាពឈរលើកបដាតវ៉ាដោយ​​​ស​​​​​​​​​​ន្តិ​​​​​​​​វិធីនៅមុខក្រសួងអប់រំរួចមក ក្រុមសិទ្ធិមនុស្សទាមទារឱ្យរដ្ឋា​​​​​ភិបាលផ្តន្ទា​​ទោ​សជនដៃ​​ដល់ ដើម្បីលុបបំ​បា​ត់​វប្បធម៌នីទ​ណ្ឌ​ភា​ព និងការពារសិទ្ធិបញ្ចេញមតិ តបតាមរដ្ឋធម្មនុញ្ញ ។

បើតាមវីដេអូមួយដែលគេបង្ហោះលើបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃចន្ទ មានមនុ​ស្ស​មួយក្រុមស្លៀក​ពា​​ក់​ឯ​កសណ្ឋាននគរបាល ព្រួតគ្នាប្រតាយប្រតប់ទៅលើយុវជនម្នាក់ រួចរុញយុវជននោះទៅក្នុងរថយន្ត និងខ្លះបានវាយតប់ទៅលើរាងកាយ ។

ដោយឡែកយុវជនម្នាក់ទៀត កាន់កាមេរ៉ាផ្តិតយករូបភាព យុវជនឈរលើកបដា ក៏បានអះអាងមកថា គាត់ត្រូវបា​​ន​​ម​ន្ត្រីអនុវត្តច្បាប់ទាំងនោះ វាយដំទ្រមខ្លួនដែរ។

នា​យកប្រតិបត្តិអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស(CHRAC)លោក  រស់ សុដ្ឋា ទាមទារឱ្យមន្រ្តីន​គរបា​​​លជាន់ខ្ព​​​​​ស់ ​ត្រូ​​វមានវិធានការលើមន្រ្តីដែលបង្កហិង្សា ដើម្បីផ្ដល់យុត្តិធម៌ឱ្យជនរងគ្រោះ។

មួយវិញទៀតលោ​កថា តុលាការក៏មានតួនាទីចាត់វិធានការបន្ទាន់ដែរ ដោយមិនចាំបាច់ជនរងគ្រោះដាក់ពា​ក្យ​​បណ្តឹងនោះទេ ដោ​​​យ​​​សំអាងថា ការបង្កហិង្សានេះ ជា​ទម្រង់នៃបទល្មើសជាក់ស្ដែង។

លោក សុដ្ឋា គូសបញ្ជាក់ថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស មិនគួរទុកឱ្យមន្ត្រីអនុវត្តច្បា​​​​ប់​ប្រើហិង្សា បំពានសិទ្ធិបញ្ចេញមតិ ដែលការពារដោយរដ្ឋធម្មនុញ្ញតទៅទៀតនោះទេ។

ជាងនេះទៅទៀតលោកថា ការដែលរដ្ឋាភិបាលចាត់វិធានដាក់ទោសមន្ត្រីបំពានទៅលើសិទ្ធិបញ្ចេញមតិ ជាកា​​​​​រផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះ និងជាកា​តព្វកិ​ច្ចរបស់រដ្ឋាភិបាល ដើម្បីធានាសិទ្ធិស្មើភាពគ្នាចំពោះមុខច្បា​ប់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោកថា៖ «ពួកគាត់ត្រូវទទួលបានយុត្តិធម៌ ច្បាប់មានហើយអ្នកណាប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ​ មានប្រសាសន៍ថា ត្រឹមយុវជនម្នាក់ ឈ​រលើ​​កបដាតវ៉ា មិនបង្កឱ្យខូចសណ្ដាប់ធ្នាប់សង្គមនោះទេ តែថាការវាយដំទៅលើអ្នកតវ៉ាដោយសន្តិវិធីជា​​ការរំលោភសិទ្ធិមូលដ្ឋានយ៉ាងធ្ងន់ធ្ងរ។

លោកសង្កេតឃើញដែរថា តាមទម្លាប់ អាជ្ញាធរតែងប្រើអំពើហិង្សា ដើម្បីបង្ក្រាបអ្នកតវ៉ា មិនប្រើជ​ម្រើ​​​​​ស​​ស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព ។

លោកថា៖ «ស្ថាប័នដែលពាក់ព័ន្ធគួរទទួលញត្តិឬក៏ជជែកជាមួយគាត់(យុវជនរងគ្រោះ)យ៉ាងម៉េច វាជារឿ​ងល្អ​​ព្រោះអាហ្នឹងវាជាការសម្ដែងមតិរបស់ពលរដ្ឋ ហើយក៏វាមិនប៉ះពាល់ដល់សណ្ដាប់សាធារណៈឬសុវត្ថិភាពអីទេ(តវ៉ាម្នាក់)»។​

យុវជន កែវ សុវណ្ណឫទ្ធិ ដែលអះអាងថា បានរងនូវការវាយដំ ឱ្យដឹងនៅថ្ងៃទី២៤សីហានេះថា កាលពីថ្ងៃចន្ទ វេលាម៉ោង៧ព្រឹក គាត់បានឈរលើកបដានៅមុខក្រសួងអប់រំយុវជននិងកីឡា ជំរុញឱ្យរកយុត្តិធម៌ពាក់ព័ន្ធនឹងការលុបឈ្មោះគាត់ចេញពីក្របខណ្ឌគរុសិស្ស ។

យុវជនរូបនោះបន្តថា នៅពេលគាត់លើកបដាបានប៉ុន្មាននាទី ក៏លេចមុខមន្ត្រី៦នាក់ស្ទុះមកវាយដំ និង ធា​​ក់​​គា​ត់យ៉ាងកំរោល ហើយអូសគាត់ចូលក្នុងរថយន្តបន្ទាប់ពីគាត់ជំទាស់នឹងការស្នើ​​​​សុំឈប់លើកបដា ។

យុវជនអាយុ២០ឆ្នាំរូបនេះ បញ្ជាក់ថា មូលហេតុចម្បងដែលគាត់លើកបដាតវ៉ានៅមុខក្រសួងអប់រំ យុវជន និ​​ងកីឡានៅពេលនេះ ដោយសារតែជិ​​​​​ត​​​២ឆ្នាំកន្លងទៅ ក្រសួងមិនបានឆ្លើយតបជុំវិញលិខិតតវ៉ាជា​​លា​យ​​ល​ក្ខ​ណ៍អក្សររបស់គា​​ត់ ដែលបាន​តវ៉ាទៅក្រសួងជុំវិញការលុបឈ្មោះគាត់ចេញពីក្របខណ្ឌនេះទេ។ 

លោកថា៖«គាត់(អាជ្ញាធរ)បង្ករបួសស្នាមនៅលើខ្ញុំត្រូវខ្លួនប្រាណខ្ញុំ និងទាត់ខ្ញុំមួយជើងចំកំភួនជើង []គេប្រើដៃរឹតកខ្ញុំយកដៃមួយចំហៀងទៀតគាស់ឆ្អឺងជំនី។ ខ្ញុំផ្កាប់មុខរើអត់កើត។ [ខ្ញុំ]ឈឺពេញខ្លួន»

លោក សុវណ្ណឫទ្ធិ បន្ថែមថា លោកនិងមិត្តភក្តិ បានបាត់ឧបករណ៍ស្រូបសំឡេងនិងវ៉ែនតាមួយ ដែលមាន​ត​ម្លៃសរុប៨៥ដុល្លារ។

 លោកបន្តថា អាជ្ញាធរបានច្រានដាក់គ្នាទៅវិញទៅមក នៅពេលសួររកសម្ភារៈទាំងនេះ​ ខណៈពួគេបានស​ន្យា​ថា នឹងរក្សាទុកឱ្យ ។

យុវជនម្នាក់ទៀងគឺ លោក លាត ប្រាថ្នា វ័យ២១ឆ្នាំជាមិត្តភក្តិរបស់ លោក កែវ សុវណ្ណឫទ្ធិ ដែលជាអ្នកកា ន់​​​​​កាមេរ៉ាថតផ្សាយបន្តផ្ទាល់ រៀបរាប់ថា អាជ្ញាធរបានវាយលោកចំពីក្រោយខ្នងត្រង់ក និងដាក់លោកមួយកែ​​​​​ងត្រង់ស្មាទៀតផង។

លោក ថា អាជ្ញាធរព្យាយាមឆក់យកទូរសព្ទពីដៃរបស់លោក ថែមទាំងរារាំងផ្លូវលោក ហើយក៏វាយសម្រុកពីខា​​​ងក្រោយខ្នង។លោកថា៖ «ខ្ញុំមានអារម្មថាសោកសម្រែង ណាមួយត្រូវឈឺខ្លួន»

យ៉ា​ងនេះក្តី យុវជនទាំងពីហាក់បង្ហាញភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យបណ្តឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីស្វែ​ង​​រកយុត្តិធម៌ ជុំវិញការប្រើអំពើហិង្សាពីសំណាក់មន្ត្រីអនុវត្តច្បាប់នេះ ដោយមិនមានជំនឿលើប្រព័ន្ធច្បាប់នៅ​​​កម្ពុជា ។

អនុប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ លោក អ៊ុក ចន្ថា មានប្រសាសន៍ថា ករណីលុបឈ្មោះគរុសិស្សនេះ ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងអប់រំ មន្ទីរមិនមានសិទ្ធិលូកលាន់នោះទេ ខណៈអ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជននិងកីឡា លោក​ រស់ សុវាចា មិនអាចទាក់ទងបាន។

ដោយឡែក លោក ជា ខេមា អភិបាលខណ្ឌដូនពេញអះអាងថា ជាប់រវល់ ខណៈ អ្នកនាំពាក្យតំណាងអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សុំមិនធ្វើអត្ថាធិប្បាយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា ពុំទាន់ដឹងករណីនេះទេ។ ប៉ុន្តែលោក លើកទឹកចិត្តឱ្យយុវជនរងអំពើហិង្សាទាំង២នាក់ ដាក់ពាក្យបណ្ដឹងទៅសម្ថកិច្ចដែលនៅក្បែរពួកគេ។

លោកថា៖«យ៉ាងណាក៏ដោយបើសិនជាអាជ្ញាធរណាមានអំពើហិង្សាលើអ្នកណាក៏ដោយត្រូវតែស្វែងរកយុត្តិធម៌ពិតជូនជនរងគ្រោះហើយបើសិនមានពាក្យបណ្ដឹង។[] បើអត់ប្ដឹងពូក៏មិនដឹងធ្វើម៉េច»

មាត្រា៤១នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ ចំណែមាត្រា ៣៥ ចែងដែរថា «សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»។

លោក  រស់ សុដ្ឋា យល់ថា បញ្ហានេះ វានឹងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរដល់ជនរងគ្រោះ ការរីករាលដាលអំពើអយុ​ត្តិធ​ម៌ក្នុងសង្គ​​ម ហើយទីបំផុតនឹងជំរុញឱ្យពលរដ្ឋចងគំនុំជាមួយអាជ្ញាធរ ដែលនាំទៅរកការងើ​បបះបោ​​រប្រ​ឆាំ​​ងរដ្ឋាភិបាលនាពេលខាងមុខក៏ថាបាន បើរដ្ឋាភិបាលមិនអាចទប់ស្កាត់ មន្ត្រីបំពានច្បាប់បាន ។

លោកថា៖ «ការឈឺចាប់របស់គាត់(ពលរដ្ឋចងជា)គំនុំគំកួន ។ ថ្ងៃក្រោយអាចកើតជាមេដឹកនាំមួយ ធ្វើឱ្យមានការបះបោរក្នុងប្រទេសក៏ថាបាន។អាហ្នឹងយើងត្រូវប្រយ័ត្ន។[]ជំងឺផ្លូវចិត្តឈឺចាប់នឹងសង្គមពេក អយុត្តិធម៌ពេក[]គាត់ទៅជាកាចសាហាវ»។

អង្គ​ការ​​​​​​គម្រោងយុ​ត្តិ​ធម៌​ពិភ​ពលោក (World ​Justice Project) ​កាលពីថ្ងៃទី២៦តុលាឆ្នាំ២០២២ បានប​​ន្ត​ដា​ក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសគោរពនីតិរដ្ឋទាប ដូច២ឆ្នាំកន្លងទៅ ។

បើតាមរបាយការណ៍នោះ កម្ពុជា​​ស្ថិតនៅ​លេខ​រៀ​ង១​៣៩​ ​ក្នុ​ងចំ​ណោមប្រទេ​ស​១៤០ ​លើពិភពលោក ដែ​ល​​​បាន​ធ្វើកា​រវា​យ​តម្លៃ​។​ ​World ​Justice Project សំអាងថា មូលហេ​តុ​ចម្បង​ទាញទម្លាក់នីតិរដ្ឋនៅកម្ពុជា ដោយសារ​តែអំ​ណា​​​ច ន​យោ​​បាយជ្រៀតជ្រែកស្ថាប័នសភា និង​តុលាការ ធ្វើឱ្យ​​​បាត់បង់ប្រព័ន្ធ​ត្រួ​​តពិនិត្យអំណាច តាមបែបប្រជាធិបតេយ្យ ​ជាដើមហេតុជំរុញឱ្យមាន​ការរំលោភសិទ្ធិមនុ​ស្ស រួម​ទាំ​​ងអយុត្តិធម៌​សង្គ​ម។