សហគ្រាស ស្រ៊ុន ឆ្លាត ខេមបូ អេហ្រ្គីប៊ីហ្សនេស ជាសហគ្រាសផលិតប្រេងខ្យល់ ប្រេងកូឡា និងស្ព្រៃយ៍ការពារមូស ដោយប្រើប្រាស់វត្ថុធាតុដើមដែលប្រមូលទិញពីកសិករ។
មានទីតាំងក្នុងស្រុកសំរោង ខេត្តតាកែវ សហគ្រាសនេះត្រូវបានបង្កើតដំបូងនៅដើមឆ្នាំ២០១៩ ហើយទទួលបានអាជ្ញាប័ណ្ណចុះបញ្ជីពីក្រសួងពាណិជ្ជកម្ម នៅដើមខែមករា ឆ្នាំ២០២១ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។
លោក ប៊ុត វណ្ឌី អាយុ៣៨ឆ្នាំ ជានាយកប្រតិបត្តិសហគ្រាស ស្រ៊ុន ឆ្លាត ខេមបូ អេហ្រ្គីប៊ីហ្សនេស ប្រាប់ Newsroom Cambodia ថា សហគ្រាសបានទិញវត្ថុធាតុដើមពីកសិករប្រមាណជា៩០ភាគរយសម្រាប់ចម្រាញ់ធ្វើជាផលិតផល។
លោកបញ្ជាក់ថា៖ «វត្ថុធាតុដើមដែលយើងទិញពីកសិករមានដូចជាប្រភេទប្រេងចំរាញ់ហើយ មានប្រេងស្លឹកគ្រៃ ប្រេងម្ទេស ប្រេងស្លឹកប្រេងខ្យល់ ប្រេងពន្លៃ ប្រេងសម្បកឈើឯម និងប្រេងផ្កាច័ន្ទ»។
លោកបន្ថែមថា តាមរយៈការទិញវត្ថុធាតុដើមទាំងនេះ សហគ្រាសបានជួយដល់កសិករប្រមាណជា៥ពាន់នាក់ ដោយបែងចែកជា៤សហគមន៍។ ក្នុងសហគមន៍នីមួយៗ ទទួលបានចំណូលចន្លោះពី៣ពាន់ ទៅ៣ពាន់ដុល្លារពីសហគ្រាស ដែលលោកថា ចំណូលនេះបានជួយដល់ជីវភាពកសិករខ្មែរជាច្រើន។
លោកថា៖ «ប្រជាកសិករអាចកាត់បន្ថយបំណុលដែលជំពាក់វិស័យឯកជន ក្រុមគ្រួសារដែលតែងតែធ្វើចំណាកស្រុកបានវិលត្រឡប់មកស្រុកវិញដើម្បីចងក្រងក្នុងការផ្គត់ផ្គង់ផលិតវត្ថុធាតុដើម មានជីវភាពល្អប្រសើរ មានលទ្ធភាពក្នុងការទិញសម្ភារៈប្រើប្រាស់ផ្សេង មានការផ្លាស់ប្ដូរនៃរបៀបនៃការរស់នៅថ្មី កាត់បន្ថយការចំណាយបានច្រើន អាចបញ្ជូនកូនទៅសាលារៀនបានទៀតផង»។
លោកបន្ថែមថា លោកបង្កើតសហគ្រាសនេះឡើងដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុក និងចូលរួមក្នុងការជួយជីវភាពរបស់កសិករ ឱ្យមានការងារល្អប្រសើរជាងមុន។
លោកបញ្ជាក់ថា៖ «កសិករមួយចំនួនពេលដែលផុតរដូវកាលធ្វើកសិកម្ម គឺគាត់ធ្វើចំណាក់ស្រុកបើមិនមកភ្នំពេញទេ គឺចំណាកស្រុកទៅកាន់ប្រទេសជិតខាង ជាពិសេសខាងប្រទេសថៃជាដើមដើម្បីលក់ពលកម្មដូរជាប្រាក់មកវិញដើម្បីចិញ្ចឹមជីវិតរបស់គាត់ប្រចាំថ្ងៃ»។
បើតាមលោក ប៊ុត វណ្ឌី សហគមន៍មានរហូតដល់ ៥សហគមន៍ ហើយមានប្រជាជនប្រហែល ៨ពាន់ ទៅ ៩ពាន់នាក់ ដែលទទួលផលដោយផ្ទាល់ និងប្រយោលពីសហគ្រាស រួមមានខេត្តកំពង់ចាម ស្រុកស្ទឹងត្រង់ ខេត្ត ពោធិ៍សាត់ វាលវែង ខេត្ត បាត់ដំបង ខេត្ត កំពង់ស្ពឺ និងខេត្តស្វាយរៀង។
ប្រជាសហគមន៍ចម្រាញ់ប្រេងខ្យល់ នៅខេត្តកំពង់ស្ពឺ អ្នកស្រី រ៉ុម បានប្រាប់ Newsroom Cambodia ថា ការចម្រាញ់ប្រងខ្យល់ដើម្បីលក់ឱ្យសហគ្រាសកាលពីឆ្នាំមុន មានចំនួនពី ៥០ទៅ ៦០ដប ប្រហែល ៥០ ទៅ៦០លីត្រ។ ប៉ុន្តែអ្នកស្រីថា បច្ចុប្បន្នមានការថយចុះមកត្រឹមតែ ១៥ដប ប្រហែល១៥លីត្រប៉ុណ្ណោះ។
អ្នកស្រីបញ្ជាក់ថា៖ «កាលពីមុន ប្រាក់ចំណូលអាចទទួលបានប្រហែល ២លានរៀន ក្នុងមួយខែ តែមកដល់ពេលសេដ្ឋកិច្ចធ្លាក់ចុះ ការបញ្ជាទិញមានការធ្លាក់ចុះតាមនឹងដែរ ប្រាក់ចំណូលអាចរកបានតែ ១លានរៀនប៉ុណ្ណោះក្នុងមួយខែ»។
អ្នកស្រីបន្ថែមថា មុនពេលមានសហគ្រាសទិញប្រេងចម្រាញ់ធ្វើជាប្រេងខ្យល់ អ្នកស្រីប្រកបរបរ ធ្វើសំណង់ និងស្រែចម្ការ។ អ្នកស្រីថា សម្រាប់ពេលនេះ ជីវភាពរបស់អ្នកស្រីមានភាពល្អប្រសើរជាងមុន អាចដោះស្រាយជីវភាពរស់នៅបាន។
អ្នកស្រីនិយាយថា៖ «កាលពីមុនឡើយក្រខ្សត់ដែរនឹង តែពេលចូលមកគ្រាន់រីកចម្រើនបានខ្លះ អាចម៉ាទប់ទល់បាន ដូចយើងជំពាក់លុយគេនឹងយើងអាចយកមកបង់គេបានអញ្ចឹងហា វាមិនបានអីណាស់ណាពេកទេ បានមួយដោះស្រាយ វាអត់ពិបាកចិត្តដូចមុន»។
សមាជិកសហគមន៍ប្រេងខ្យល់ម្នាក់ទៀត លោក ផេង គួ អាយុ ២៩ឆ្នាំ មានកូនក្នុងបន្ទុក២នាក់ផងនោះ លើកឡើងថា ការចម្រាញ់ប្រេងខ្យល់ក្នុងសហគមន៍នេះ បានជួយសម្រួលជីវភាពរបស់លោកបានមួយចំណែក ជួយផ្ដល់ការងារដល់លោកផងដែរ។
កម្ពុជាចាប់ផ្តើមប្រឈមនឹងការរាតត្បាតដោយជំងឺកូវីដ១៩ ចាប់តាំងពីដើម២០២០មក ពោលគឺចំពេលដែលដែលសហគ្រាសកំពុងចាប់ផ្តើមដំណើរការរបស់ខ្លួន។ វិស័យជាច្រើននៅកម្ពុជា ត្រូវរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
លោក ប៊ុត វណ្ឌី នាយកប្រតិបត្តិសហគ្រាស ស្រ៊ុន ឆ្លាត ខេមបូ អេហ្រ្គីប៊ីហ្សនេស បន្ថែមថា ការចាប់ផ្ដើមសហគ្រាសមួយនេះក៏មានការប្រឈមនូវការលំបាកខ្លះៗទាំងក្នុងការបើកអាជីវកម្មស្របទៅតាមច្បាប់នៅកម្ពុជា ហើយក្នុងអំឡុងពេលកូវីដ១៩ ប៉ះពាល់ទៅលើអាជីវកម្មបង្កើតឡើងថ្មី។
លោកថា៖ «អំឡុងពេលកូវីដ១៩ គឺមានការប៉ះពាល់ដល់អាជីវកម្មដែលបង្កើតឡើងថ្មី ព្រោះត្រូវការចំណាយច្រើន ហើយរាល់ការចំណាយទាំងអស់នេះត្រូវចំណាយមុននឹងមានការលក់ផលិតផលនៅលើទីផ្សារជាងការទទួលបានចំណូលព្រោះត្រូវចាយលើ ប្រតិបត្តិការនានា លើការជួលទីតាំង លើប្រាក់ខែបុគ្គលិក លើការទិញវត្ថុធាតុដើម លើការបង់ពន្ធ និងចំណាយផ្សេងទៀតៗ»។
លោកបានសំណូមពរឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរដែលផលិតក្នុងស្រុក ដើម្បីមាននិរន្តភាព និងកាតបន្ថយការនាំចូល។
លោកបញ្ជាក់ថា៖ «ដើម្បីគាំទ្រនៃអាជីវកម្មក្នុងស្រុក និងនិរន្តរភាពនៃការផលិតទាំងនោះបាន លុះត្រាតែប្រជាពលរដ្ឋខ្មែរយើងងាកមកគាំទ្រ ឬចាប់អារម្មណ៍នូវផលិតផលក្នុងស្រុក ហើយជាពិសេសអាជ្ញាធររដ្ឋអាចជួយសម្រួលកិច្ចការងាររដ្ឋបាលមួយចំនួន ជួយគាំទ្រនិងលើកកម្ពស់ដល់ការផ្សព្វផ្សាយផ្សេងៗទៅដល់ប្រជាពលរដ្ឋ ឱ្យ ប្រជាពលរដ្ឋយល់ដឹងពីអត្ថប្រយោជន៍ផលិតផលក្នុងស្រុក»៕