អនុប្រធានគណបក្សភ្លើងទៀនលោក រ៉ុង ឈុន មិនបានចូលសួរសុខទុក្ខសមាជិករបស់ខ្លួនចំនួន៤នាក់កំពុងឃុំខ្លួនក្នុងពន្ធនាគារ​ តាមការគ្រងទុក ដោយសារតុលាការមិនអនុញ្ញាតក្រោមហេតុផលថា សំ​ណុំរឿងក្តីទាំងនោះ កំពុងស្ថិតក្រោមការស៊ើបសួរ និងស្រាវជ្រាវនៅឡើយ។

នេះបើតាមលិខិតបដិសេធរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២២សីហា ឆ្នាំ២០២៣ ដែលលោក រ៉ុង ឈុន បង្ហោះលើហ្វេសប៊ុករបស់លោក នៅថ្ងៃព្រហស្បតិ៍នេះ ។

លោក រ៉ុង ឈុន  និយាយថា គោលបំណងដែលគាត់ចង់ជួបសមាជិកកំពុងឃុំខ្លួនទាំងនោះ គឺដើម្បីលើកទឹ​​ក​ចិត្តពួកគេ និងដឹងពីសុខទុក្ខតែប៉ុណ្ណោះ។ លោកថា ការដែលតុលាការមិនអនុញ្ញាតនេះ ជាការរិតត្បិតសេរីភាពអ្នកនយោបាយជំទាស់នឹងរដ្ឋាភិបាល។

លោកថា៖«តុលាការដូចមានចិត្តចង្អៀតចង្អល់ ពីព្រោះការសួរសុខទុក្ខក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំគណបក្សភ្លើ​​ងទៀន ហើយសហការីរបស់ខ្លួនជាប់ពន្ធនាគារ​រឿងអយុត្តិធម៌ យើងត្រូវតែទៅសួរសុខទុក្ខ ចង់ដឹងអំពីសុ​​ខភាពរបស់គាត់ ហើយចង់បង្ហាញដល់គាត់ថា គាត់មិនឯកកោទេ យើងមិនទុកគាត់ចោលទេ»

បើតាម លោក រ៉ុង ឈុន កាលពីថ្ងៃទី​១៥ ខែសីហា ឆ្នាំ២០២៣ លោកមេធាវី សំ សុគង់ បានដាក់លិខិ​ត​​មួយច្បាប់ទៅតុលាការ ដើម្បីសុំជួបសមាជិកចំនួន៤នាក់ ដែលតុលាការបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធនាគារ​។ ប៉ុន្តែលោកថា លិខិតបដិសេធរបស់ចៅក្រម ទើបធ្លាក់ដល់ដៃលោកនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។

សមាជិកគណបក្សភ្លើងទៀន ដែលលោក រ៉ុង ឈុន គ្រោងជួប ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខ ក្នុងពន្ធ​នា​​​គារ មានលោក លី រី លោក ប៊ុន ខេត លោក អេង ស្រូយ និងអ្នកស្រី វន រុន្នី ពួកគេជាមន្ត្រីជាន់ខ្ពស់ ប្រចាំមូ​​​លដ្ឋាន ដែលត្រូវបានចាប់ឃុំខ្លួន ពាក់ព័ន្ធនឹងការបោះឆ្នោត។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន មិនអាចសុំការឆ្លើយតបបាន នៅថ្ងៃទី២៤ខែសីហានេះ ដោយទូរស័ព្ទចូលជាច្រើនលើកតែមិនមានអ្នកទទួល។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត និយាយថា ចៅ​ក្រ​​​ម អាចមានសិទ្ធិក្នុងការហាមឃាត់ករណីនេះ តែថាអ្នកសុំជួបសួរសុខទុក្ខនោះ មានម​ន្រ្តី​​ស​មត្ថកិច្ចនៅជាមួយ ការទៅជួបរបស់លោក រ៉ុង ឈុន មិនប៉ះពាល់ដល់ដំណើការស៊ើបអង្កេតទេ។

លោកថា៖ «យើងសោកស្តាយចំពោះ ការមិនអនុញ្ញាតឱ្យមានការជួបសួរសុខទុក្ខនេះ។ ទោះបីជាថាស្ថិតនៅក្នុងដំណាក់កាលនៃចៅក្រមស៊ើបសួរក៏ដោយ ប៉ុន្តែបើសិនជាការ ជួបសួរសុខទុក្ខនេះ មានវត្តមានអ្នកដែលនៅជិត មន្រ្តីនៅជិតអីជាដូចជាមិនមានអីដែលថា ប៉ះពាល់ដល់ការសម្ងាត់នៃការស៊ើបសួរ នោះទេ»

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត និងយាយដែរថា សំណើររបស់ លោក រ៉ុង ឈុន មិនបានប៉ះពាល់ដ​​ល់​ដំណើរការ នៃការស៊ើបសួររបស់តុលាការនោះឡើយ។

លោកចាត់ទុក ការបដិសេធរបស់តុលាការ អាចឆ្លុះបញ្ចាំងពីការគៀបសង្គត់ អ្នកនយោបាយជំទាស់ដែ​លថាបញ្ហានេះ បានកើតឡើងក្នុងសង្គមកម្ពុជាយូរមកហើយ។

លោកបន្តថា៖«ខ្ញុំមើលឃើញវាជាការធ្វើទារុណកម្មផ្លូវចិត្តមួយសម្រាប់អ្នកឃុំឃាំង ដែលយើងហៅថាជាអ្នកទោសនយោបាយ ជាអ្នកទោសចេញពីគណបក្សប្រឆាំង។ទី២ កាបដិសេធនេះ ជារូបភាពមួយនៃការរិ​ត​​ត្បិ​ត ឬក៏ការដាក់សម្ពាធមួយផ្នែកទៅដល់អ្នកជាប់ឃុំឃាំង គឺមិនឱ្យមានឱកាស ក្នុងការចែករំលែកពីស្ថា​ន​ភាពរបស់ខ្លួន»។

នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលបិទបញ្ចប់ក្នុងពេលថ្មីៗនេះ មន្រ្តីបក្សភ្លើងទៀនជាច្រើនរូបត្រូវរងការចោទប្រកាន់ពីបទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដែលជា​ប់​​​ពាក់ព័ន្ធនឹងសកម្មភាពញុះញង់ឱ្យពលរដ្ឋបំផ្លាញសន្លឹកឆ្នោត តាមរយៈការគូសខ្វែងលើសន្លឹកឆ្នោត។

ក្នុង​នោះមាន អ្នកស្រី វង រុន្នី ប្រធានចល​​នា​​ស្រ្តី​​​ថ្នាក់​​ជាតិ ​រាជធានីភ្នំពេញ និងលោក អេង ស្រួយ ប្រធា​​ន​គណៈ​​កម្មា​ធិការប្រតិបត្តិ​​គណបក្សភ្លើង​​​ទៀនខេ​ត្តត្បូ​ង​​ឃ្មុំ​​​ ត្រូវបានចាប់ខ្លួន តាមដីកាបង្គាប់​​ឱ្យ​​នាំខ្លួន ដោ​​យ​​តុ​​លាការរាជធានី​ភ្នំពេញកាលពីថ្ងៃទី ១៧ កក្កដា ឆ្នាំ ២០២៣។

ក្រៅពីនេះ លោក លី រី ជាសមាជិកគណៈកម្មាធិការនាយកនិងលោក ប៊ុន ខេត ប្រធានស្តីទីប្រតិបត្តិ​មក​​​ពី​គ​​​ណបក្ស​ភ្លើង​ទៀន នៅ​រាជធានីភ្នំពេញ ត្រូវកម្លាំង​​សមត្ថកិច្ច​​​ចាប់​​ខ្លួន​​ និ​​ង​​​បញ្ជូនខ្លួនចូលរថយន្តភ្លាមៗផងដែរ កា​​ល​​ពីរសៀលថ្ងៃទី១៤ ខែ​កក្កដា ឆ្នាំ២០២៣ ។

ជុំវិញលំហនយោបាយនៅកម្ពុជា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ​​បា​​ន​​​និ​យាយ ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២ខែសីហាឆ្នាំ២០២៣ថា  លំហនយោបាយនៅកម្ពុជា បាន​បង្កឱ្យបាត់ទំនុកចិត្ត ក្នុងដំ​​ណើ​​រកា​​របោះឆ្នោតកា​លថ្ងៃទី២​​៣ ខែកក្កដា ឆ្នាំ២០២៣។

អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថារដ្ឋាភិបាលថ្មីរបស់កម្ពុជា ត្រូវគោ​​រពតាមកាតព្វកិច្ចសិទ្ធិមនុ​ស្ស​អ​ន្ត​រជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដោះស្រាយការរំ​​លោភសិទ្ធិមនុស្សធ្ងន់ធ្ងរទាំងចា​​​ស់ និ​ង​ថ្មី ដែលរារាំងដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស។