ដំរីជាសត្វដែលវៃឆ្លាតលំដាប់ទី២នៅលើពិភពលោក ហើយពួកវាក៏ជាសត្វដែលពោរពេញដោយក្ដីស្រលាញ់ចំពោះគ្រួសារ និងកូនៗរបស់ពួកវាផងដែរ។ សត្វដំរីជានិមិត្តរូបមួយដែលទាក់ទងដល់ប្រវត្តិសាស្រ្ដ និងវប្បធ៌មដ៏រុងរឿងរបស់កម្ពុជា។
ប៉ុន្តែដំរីព្រៃ ក៏កំពុងទទួលបានការគំរាមកំហែងយ៉ាងខ្លាំង ដែលអាចឈានទៅដល់ការផុតពូជនផងដែរ។ ដំរីព្រៃដែលនៅសេសសល់មានចំនួនតិចតួច កំពុងរស់នៅជាក្រុមតូចៗក្នុងទីជម្រកដាច់ដោយឡែកពីគ្នា។ ដំរីព្រៃនៅកម្ពុជាបច្ចុប្បន្ន ត្រូវបានគេប៉ាន់ស្មានថាមានចំនួនពី ៤០០ ទៅ ៦០០ ក្បាលតែប៉ុណ្ណោះ ហើយតំបន់ដែលមានដំរីព្រៃច្រើនជាងគេគឺ ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង។ ប៉ុន្តែការកាត់ផ្តាច់ជម្រកក្នុងកម្រិតខ្ពស់ ធ្វើឱ្យដំរីព្រៃនៅកម្ពុជាងាយនឹងទទួលការរងគ្រោះខ្លាំង រហូតអាចឈានទៅដល់ការផុតពូជដោយសារការរស់នៅរប៉ាត់រប៉ាយ បែកខ្ញែកគ្នា ដែលនាំឱ្យមានការថយចុះនូវអត្រាបង្កកំណើត និងភាពធន់នឹងជំងឺផ្សេងៗ។
នៅតំបន់ភាគឦសាន្តនៃប្រទេសកម្ពុជា ចំងាយប្រមាណជាជិត ៥០០ គីឡូពីរាជធានីភ្នំពេញ និង ១៥ គីឡូ ពីក្រុងបានលុង មានសមាគមមួយឈ្មោះថាសមាគមអៃរាវត្តា ដែលបានបង្កើតឡើងក្នុងគោលបំណងថែរក្សា អភិរក្ស និងបង្កាត់ពូជសត្វដំរីស្រុកដែលមានចំនួនតិចតួចបំផុតនៅក្នុងខេត្តរតនគិរីនេះ។
បច្ចុប្បន្នដំរីស្រុកចំនួន៤ក្បាល កំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់បំផុត ទាំងតាមបែបប្រពៃណីជនជាតិដើមភាគតិច គួបផ្សំនឹងរបៀបបច្ចេកទេសមួយចំនួនដើម្បីធានាអោយបាននូវបរិយាកាសសមស្របសម្រាប់ការរស់នៅរបស់សត្វដំរី។
កំពុងអង្គុយលើកៅអីឈើដែលមានរចនាបទលាតបែបខ្មែរដ៏សាមញ្ញ ទឹកមុខពោរពេញដោយស្នាមញញឹម អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរាវត្តាបានថ្លែងប្រាប់ Newsroom Cambodia ថា សមាគមអៃរាវត្តាបានចាប់ផ្តើមពីឆ្នាំ២០១៥ មក បានធ្វើកិច្ចការងារអភិរក្សជីវចំរុះ ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ ពិសេសការបង្កាត់ពូជសត្វដំរីស្រុក និងការមើលថែទាំចិញ្ចឹមដំរីក្នុងបរិបទធម្មជាតិ។ អ្នកស្រីថា នេះដោយសារទឹកចិត្តស្រឡាញ់ ចង់ឃើញសត្វដំរីស្រុកមានការកើនឡើងបន្តបន្ទាប់ ទើបសមាគមបានខិតខំពុះពារឧបសគ្គជាច្រើនមិនបោះបង់ក្នុងពេលកន្លងមក។
អ្នកស្រីថា៖ «ក្រុមគ្រួសារខ្ញុំ និងក្រុមការងារទាំងអស់យើងធ្លាប់បានពិភាក្សាគ្នា យើងមានចិត្តដូចគ្នាគឺអាណិតស្រឡាញ់ ចង់អភិរក្សសត្វដំរី យើងមិនចង់បានអ្វីក្រៅពីចង់ឃើញការងារជាតិ ការងាររួម និងឃើញកូនដំរីកើតបានច្រើនហើយឱ្យប្រជាពលរដ្ឋស្រឡាញ់បរិស្ថាន អាណិតដើមឈើ ការពារថែរក្សារ និងដាំដើមឈើឱ្យបានច្រើន»។
អ្នកស្រីបន្ថែមថា ដំរីស្រុកនៅកម្ពុជាមានតែជាង ៧០ ក្បាលប៉ុណ្ណោះ ដែលនេះជាចំនួនដ៏តិចតួច ហើយប្រសិនបើមិនមានការអភិរក្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត កម្ពុជាអាចនឹងលែងមានវត្តមានដំរីសម្រាប់ក្មេងជំនាន់ក្រោយ។
យ៉ាងណាមិញការអភិរក្សសត្វដំរីគឺមានផលលំបាកច្រើនដោយកិច្ចការនេះត្រូវការអ្នកជំនាញក្នុងការចិញ្ចឹមមើលថែទាំប្រចាំថ្ងៃ និងត្រូវការមានពេទ្យសត្វដែលអាចជួយព្យាបាលពេលដំរីមានជម្ងឺ និងរបួសកើតឡើង ហើយលើសពីនេះគឺការរៀបចំដែនជម្រក និងអាហារ ដែលកិច្ចការទាំងនេះទាមទាអោយមានការយកចិត្តទុកដាក់ខ្ពស់ និងចំណាយថវិការច្រើន។
អ្នកស្រី ខៃ ចិន្តា បន្ថែមថា៖ «បើទោះមានឧបសគ្គ ឬបញ្ហាលើផ្នែកហិរញ្ញវត្ថុ ការចោទប្រកាន់ថាជាការធ្វើបាបចំពោះដំរីពីសំណាក់អ្នកនៅជុំវិញខ្លួន ឬផ្នត់គំនិតរបស់ប្រជាពលរដ្ឋ មិនទាន់យល់ពីគោលបំណងនៃការអភិរក្សដំរីយ៉ាងណា ក៏សមាគមអៃរាវត្តានៅតែបន្តខិតខំការពារ និងបន្តកិច្ចការអភិរក្សដំរីស្រុកនេះតទៀត»។
អ្នកស្រីក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសហការ និងអភិរក្សសត្វដំរីស្រុកដែលមាននៅសេសសល់តិចតួចនាពេលបច្ចុប្បន្ន ជាពិសេស សូមឱ្យមានការជួយគាំទ្រដល់សមាគមអភិរក្សសត្វដំរីអៃរាវត្តា ព្រោះនេះជាដំរីរបស់យើងទាំងអស់គ្នា ជាដំរីរបស់កម្ពុជាមិនមែនជាដំរីរបស់សមាគមអៃរាវត្តាតែឯងនោះទេ។
ការបរបាញ់ក្នុងអំឡុងពេលជាង ៣០ ឆ្នាំចុងក្រោយនេះ បានសម្លាប់ដំរីព្រៃនៅកម្ពុជាអស់ជាច្រើនក្បាល។ ប៉ុន្តែកម្រិតនៃការបរបាញ់នេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ដោយសារតែមានការពង្រឹងការអនុវត្តច្បាប់។
មានស្រុកកំណើតនៅខេត្តរតនគិរី បុរសជនជាតិព្រៅ អាយុ ៥៨ឆ្នាំ លោកមិល អេន គឺជាហ្មម្នាក់ដែលមានវ័យចំណាស់ជាងគេក្នុងចំណោមហ្មផ្សេងទៀត ដែលកំពុងបំពេញការងារជាអ្នកមើលថែដំរីនៅក្នុងសមាគមអៃរាវត្តាអស់រយៈកាលជាង៧ឆ្នាំមកហើយ។ លោកថាដំរីនៅសមាគមនេះបច្ចុប្បន្នមាន៤ក្បាល ដែលជាប្រភេទដំរីស្រុកចុងក្រោយក្នុងខេត្តរតនគិរីដែលកំពុងស្ថិតក្រោមការមើលថែទាំ។
ខាំ សែន ជាដំរីឈ្មោលដែលមានវ័យចំណាស់ជាងគេ គឺមានអាយុ៥៤ឆ្នាំ។ វាមានសុខភាពទ្រុឌទ្រោម និងភ្នែកខាងស្ដាំកំពុងមានបញ្ហាឡើងបាយមើលអ្វីមិនឃើញ។ ចំណែកដំរីញី អ៊ី កែវ អាយុ៤២ឆ្នាំ កំពុងស្ថិតក្នុងការសាកល្បងបង្ករកំណើតកូនទី២ បន្ទាប់ពីបានផ្តល់កំណើតកូនដំរីញី ណូអែល កាលពីចុងឆ្នាំ ២០២១ កន្លងទៅ។ រីឯបុក វ៉ា មានអាយុ ៤៥ ឆ្នាំ ត្រូវបានយកទៅចងនៅកណ្ដាលព្រៃ ព្រោះវាកំពុងតែចុះប្រេង។
កំពុងពាក់មួកជាមួយអាវដៃវែងចាស់ស្ទើរតែហើរពណ៌អស់ និងខោជើងវែងមានស្នាមប្រឡាក់ភក់សើមថ្មីៗ លោក មិល អេន បានរៀបរាប់ពីការលំបាកពេលថែទាំដំរី ដោយលោកត្រូវប្រឈមនឹង សត្វចូលត្រចៀកឬខាំ ត្រូវភ្លៀងទទឹក រហែកខោអាវ ប៉ុន្តែលោកពេញចិត្តនិងធ្វើវាដោយក្ដីស្រលាញ់។ តែទោះជាលំបាកយ៉ាងណា ភាពងាយស្រួលក៏នៅតែមានក្នុងកិច្ចការមើលថែទាំដំរី ដោយសារតែការមើលថែទាំនេះគឺទៅតាមបែបធម្មជាតិតែប៉ុណ្ណោះ។
កំពុងហុចចេកម្តងមួយផ្លែឱ្យដំរីញីចាស់ដែលនៅក្បែរនោះបណ្តើរ លោកនិយាយថា៖ «ភាពងាយស្រួលចិញ្ចឹមថែរក្សារបស់ដំរី គឺឱ្យវារស់នៅដោយធម្មជាតិ ស៊ីស្មៅ ស៊ីចេក អំពៅ ជាជាងចង និងដាក់ក្នុងទ្រុង»។
មិនខុសពីហ្មរខាងលើ លោក ប៉ាល់ កាហែម អាយុ ៣៥ ឆ្នាំ ជាជនជាតិដើមភាគតិចព្រៅ ដែលរស់នៅឃុំរបាំង១ ខេត្តរតនគិរី និងជាអ្នកមានបទពិសោធន៍ក្នុងការមើលថែដំរីតាំងពីជំនាន់ឪពុកអស់រយៈពេលជិត៣០ឆ្នាំ បានរៀបរាប់ពីផលលំបាកនិងបច្ចេកទេសផ្សេងៗក្នុងការមើលថែដំរីពេលឈឺ និងការរកថ្នាំសង្កូវសម្រាប់ព្យាបាលតាមបែបធម្មជាតិរបស់សត្វដំរី។
លោកថា៖ «នៅពេលដែលដំរីឈឺគឺពួកខ្ញុំបានប្រលែងដំរីចូលទៅ ក្នុងព្រៃដើម្បីឱ្យដកឬសឈើនៅក្នុងព្រៃស៊ីជាថ្នាំ ហើយប្រសិនបើវាមានរបួសគឺដំសំបកសាក្រំ លាយជាមួយធ្យូងថ្មពិលដាក់បិទដើម្បីកុំឱ្យមានដង្កូវក្នុងដំបៅ ព្រោះមិនមានលទ្ធភាពទៅទិញថ្នាំទាន់ពេលវេលា»។
ក្រៅពីការថែទាំព្យាបាលនៅពេលដំរីមានជម្ងឺ ការបង្កាត់ពូជដំរីក៏ជាកិច្ចការមួយដ៏លំបាក ទាមទារឲ្យមានការយកចិត្តទុកដាក់ជាខ្លាំង និងមិនមានភាពងាយស្រួលប៉ុន្មាននោះទេ។
លោកបានត្អូញត្អែរថា៖ «ផលលំបាកសម្រាប់ការថែទាំចំពោះដំរីឈ្មោល គឺត្រូវការហ្មពីរនាក់ ព្រោះអារម្មណ៍ និងចិត្តរបស់វា គឺមិនទៀងទាត់ទេតែមួយប៉ព្រិចភ្នែកវាខឹង គឺយើងអត់ដឹងទេ មូលហេតុគឺវាចុះប្រេងអាចមួយឆ្នាំ ១ ទៅ ២ ដងនៅពេលដែលវាចុះប្រេងអ៊ីចឹង គឺវាលែងស្គាល់ហ្មហើយ វាងប់ងុលដូចជាពួកជក់ថ្នាំញៀនអញ្ចឹង វាលែងស្គាល់អ្វីទាំងអស់សូម្បីតែរូបខ្ញុំផ្ទាល់ក៏វាដេញដែរនៅពេលដែលយកចំណីទៅឱ្យវា ប្រៀបដូចជាចុះទៅសមរភូមិអញ្ចឹង»។
លោកបន្ថែមថា នៅពេលបង្កាត់ពូជ ដំរីឈ្មោលកាចព្រោះត្រូវកាងមេ ដូចនេះប្រសិនបើដំរីចង់ ធ្វើបាបមនុស្សគឺមិនមានផ្ដល់សញ្ញាអ្វីឱ្យយើងដឹងជាមុនឡើយ។ សម្រាប់ដំរីញីមិនសូវជាមានផលលំបាកអ្វីទេប្រសិនបើវាមិនស្រួលខ្លួន គឺមានពេលខ្លះវាគ្រាន់តែរត់ ឬមិនឱ្យហ្មរជិះតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ លោក ប៉ាល់ កាហែម ទទួលបានការបង្ហាត់បង្រៀនបច្ចេកទេសក្នុងការមើលថែសត្វ ដំរីពីខាងសមាគមដែលមានគ្រូពីបរទេស និងបូករួមជាមួយនឹងទំនៀមទំលាប់មើលថែតាំងតែពីបុរាណមក ធ្វើឱ្យមានភាពងាយស្រួលជាងមុនសម្រាប់លោកផ្ទាល់ ក្នុងការថែរក្សាសត្វដំរី។ លើសពីការថែទាំ ការបង្កាត់ពូជក៏ជាផ្នែកមួយសំខាន់នៅក្នុងការអភិរក្សផងដែរ។
លោកថា៖ «ក្រុមការងារពួកខ្ញុំកំពុងបន្តការបង្កាត់ពូជបន្ថែមទៀតពួកខ្ញុំសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អប្រសើរព្រោះពួកខ្ញុំបានបង្កាត់ដោយផ្ទាល់ដៃ និងយកចិត្តទុកដាក់បំផុត ហើយគ្មានវិធីសាស្រ្តអ្វីក្រៅពីការបង្កាត់ដំរីតាមបែបបុរាណ ឬធម្មជាតិនោះទេ។ ជាក់ស្ដែងដើម្បីបង្កើតកូនដំរីស្រុកបានមួយក្បាលគឺ ណូអែល នេះលោកបានរងចាំ មេដំរីពរពោះប្រើរយៈពេល ២ ឆ្នាំជាង ឬ ២ ឆ្នាំ ២ ខែ»។
លោកចង់ឱ្យមានសកម្មភាពអភិរក្សបែបនេះកើតឡើងបន្តទៀតដើម្បីឱ្យមានកំណើនសត្វដំរី ស្រុកច្រើនជាងមុន ហើយមិនចង់ឱ្យមានការប្រលែងនៅតាមព្រៃទេ ព្រោះខ្លាចមានការសម្លាប់ និងធ្វើបាបពីមនុស្ស។
អ្នកស្រី ប៊ុន ណា វ័យ២៧ឆ្នាំ ជាជនជាតិដើមភាគតិចប្រកបរបរត្បាញ ដែលរស់នៅជិតសមាគមអៃរាវត្តា បានបង្ហាញពីការគាំទ្រទៅដល់សកម្មភាពអភិរក្សសត្វដំរី ដោយថា វត្តមាននៃសត្វនេះមានចំនួនកាន់តែតិចទៅៗហើយ។
អ្នកស្រីថា៖ «ការអភិរក្សដំរី គឺសំខាន់ ដោយសារសត្វដំរីយើងលែងសូវមានហើយ អ៊ីចឹងមានសមាគមដែលអភិរក្សបែបនេះគឺវាល្អ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់ឃើញការអភិរក្សដំរីនៅតែបន្តមាន ដោយសារវាបានទាំងការពារដំរី និងសុវត្ថិភាពរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ ដោយសារព្រៃនៅមានតិច បើដំរីត្រូវបានលែងនៅក្នុងព្រៃ ពួកគេអាចនឹងស៊ីដំណាំរបស់ប្រជាពលរដ្ឋ»។
ជុំវិញការអភិរក្សសត្វដំរីនៅក្នុងតំបន់នៃខេត្តរតនគិរី លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តនេះលើកឡើងថា ចំនួនសត្វដំរីព្រៃមិនទាន់អាចធ្វើការស្ទាបស្ទង់បានទេ ដោយសារចំនួនដំរីព្រៃមានច្រើនទីតាំងភូមិសាស្ត្រធំៗ និងកង្វះឧបករណ៍បច្ចេកទេសសម្រាប់តាមដានលើការបំលាស់ទីរបស់សត្វដំរី។ លោកបន្ថែមថា ដំរីបច្ចុប្បន្នមាននៅពីរតំបន់ គឺនៅឧទ្យានជាតិវីរជ័យ និងឧទ្យានជាតិអូរយ៉ាដាវ ដែលនៅឧទ្យានជាតិអូយ៉ាដាវមានដំរីព្រៃប្រហែល ៤ ទៅ ៥ ហ្វូង ដែលអាចប៉ាន់ប្រមាណបានថាមានប្រហែល ៣០ ទៅ ៤០ ក្បាល។
ប្រធានមន្ទីបរិស្ថានរូបនេះបានបន្ថែមថា មិនមែនតែសត្វដំរីទេដែលត្រូវអភិរក្ស គឺគ្រប់សត្វទាំងអស់ដែលនៅក្នុងព្រៃសុទ្ធតែត្រូវបានការពារ និងអភិរក្ស។ ហើយមន្ទីបរិស្ថានក៏បានព្យាយាមអប់រំប្រជាពលរដ្ឋមិនឱ្យបរបាញ់ ឬដាក់អន្ទាក់សត្វព្រៃយកមកធ្វើអាជីវកម្មនៅក្នុងរូបភាពផ្សេងៗ។
លោកបន្ថែមថា កត្តាធម្មជាតិរបស់សត្វ ពួកគេអាចរស់នៅក្នុងព្រៃដោយសុខសាន្តបើគ្មានការយាយី ដូចនេះអ្វីដែលចាំបាច់ត្រូវធ្វើ គឺអប់រំប្រជាពលរដ្ឋ និងដាក់វិធានការតឹងរឹងក្នុងការទប់ស្កាត់ បង្ក្រាបមិនឱ្យមានករណីលួចដាក់អន្ទាក់ជាដើម។
លោកអះអាងថា៖ «ដំរីគឺវារស់តាមបែបធម្មជាតិនៅក្នុងព្រៃនៅក្នុងតំបន់ការពារធម្មជាតិ អ៊ីចឹងយើងអត់ទាន់មានការមើលថែទាំទេ។ ប៉ុន្តែគោលការណ៍របស់យើងគឺ អភិរក្ស ការពារមិនឱ្យមានការលបបាញ់ ឬដាក់អន្ទាក់ដើម្បីទៅធ្វើជាអាជីវកម្មណាមួយឡើយ»។
ក្រសួងបរិស្ថានធ្លាប់មានយន្តការក្នុងការជួយទ្រទ្រង់ទៅលើមូលនិធិរបស់សមាគម ហើយមន្ទីរជួយបន្ថែមក្នុងករណីដែលសមាគមមានតម្រូវការជាមួយខាងមន្ទីរ ដូចជាជួយក្នុងការណែនាំប្រជាពលរដ្ឋ និងរារាំងមិនឱ្យមានការយាយីនៅក្នុងព្រៃធម្មជាតិជាដើម។
នាអតីតកាល ដំរីបានដើរតួយ៉ាងសំខាន់ជាទីបំផុតនៅក្នុងការជួយធ្វើសឹកទប់ទល់នឹងសត្រូវឈ្លានពាន និងជាសត្វសំខាន់នៅក្នុងវិស័យស្ថាបត្យកម្ម រួមមានការសាងសង់ប្រាសាទបុរាណល្អឯកជាច្រើន ដែលបច្ចុប្បន្នត្រូវបានទទួលស្គាល់ជាសកល៕