បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ចាត់ទុកបទល្មើសព្រៃឈើនៅ​តំបន់ព្រៃឡង់ ​ជាជំងឺរ៉ាំរ៉ៃ​ក្នុង​សង្គម ខណៈពួកគេមើលឃើញថាបទ​ល្មើសព្រៃឈើនៅបន្តកើតមាន​ច្រើន ហាក់គ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធិភាព ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ​។

បណ្តាញ​សហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង លោក ខេង ខូ និយាយ​ប្រាប់ Newsroom Camboida នៅថ្ងៃទី២ ខែកញ្ញា​នេះថា បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង បាន​នាំ​គ្នា​ចុះល្បាត​ព្រៃប្រទះ​ឃើញ​បទល្មើសកាប់ឈើ នៅសល់តែ​គល់​ ជាច្រើនកន្លែងនៅត្រង់ចំណុចក្បាលអូរពពែល ក្បាលអូរដំបង និងក្បាលអូរពណ៌ថ្លាន ស្ថិតនៅខាងត្បូងភូមិកេះ។ លោកបន្តក្តារបន្ទះច្រៀកហើយទាំងអស់ ត្រូវបានជនល្មើសដឹកចេញទៅក្រៅតំបន់ការពារព្រៃឡង់អស់ហើយ បន្សល់ទុកត្រឹមតែគល់ឈើដែលមានទំហំធំៗជាច្រើនដើម។

លោកបន្តថា៖ «ពេលយើងចុះល្បាតឃើញតែគល់ឈើទេ ឈើគេដឹកយកទៅអស់ហើយ។ យើងដើររាប់តែគល់ទេបើមើល​តាមគល់មិនក្រោមមុខ​ ពីរ​ទៅបីម៉ែត្រទេ[…] បទល្មើសដឹកឈើកើនឡើងជាលំដាប់ទាំងយប់ទាំងថ្ងៃជាច្រើន ឡានចេញពីភូមិដូង និងភូមិកេះបញ្ជូនតាមទូកកាត់អូរសៀមបូកទៅលក់នៅស្ទឹងត្រែង ខ្លះទៅលក់នៅក្រចេះ»។

បុរសវ័យ ៥០ឆ្នាំ ជាអ្នកភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង រូបនេះ រៀប​រាប់ទៀតថា សហគមន៍តែងតែប្រទះឃើញបទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃការ​ពារ​ស្ទើរជារៀងរាល់ថ្ងៃ នៅពេលដែល​សហគមន៍ចុះល្បាតម្តងៗ។

លោកខេង​ ខូ និយាយថា៖ «សហគមន៍យើងឃើញគេដឹកឈើចេញពីតំបន់ការពារព្រៃឡងរាល់ថ្ងៃ អត់ឃើញអាជ្ញាធរណាចេញមកចាត់វិធានការទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធិភាពទេ។ ពួកខ្ញុំឃើញគេដឹកឈើចេញទៅប្រុយៗ(ហូរហែ)មិនដឹងអាជ្ញាធរទប់ស្កាត់ឬអត់ទេ តួនាទីគាត់ យើងសហគមន៍បានត្រឹមតែរាប់បទល្មើស»។

ព្រៃឡង់ ជាព្រៃដែលធំជាងគេនៅកម្ពុជា មានផ្ទៃដីជាង ៤៣​​ម៉ឺ​ន​ហិកតា លាតសន្ធឹងលើបីភូមិភាគ គឺភូមិភាគកណ្ដាល ភូមិភាគឧត្តរ និងភូមិភាគឥឦសាន ឬគ្របដណ្ដប់ខេត្តចំនួន៤ រួមមាន​ខេត្ត​ព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។ ព្រៃឡង់ ជាជម្រកនៃជីវៈចម្រុះ និងមានឈើប្រ​ណិតៗ​ច្រើន​ប្រភេទ​ ហើយត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។

មិនខុសគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ លោក ហឿន សុភាព បាន​ឱ្យ​ដឹង​ដែរថា ករណី​បទ​ល្មើស​​កាប់​បំផ្លាញព្រៃឈើនៅតំបន់​ការ​ពារ​ព្រៃឡង់​ទាំង៤ខេត្ត កើត​មាន​ជា​ហូរហែ និងស្ទើរតែជាប្រចាំ ហើយបានក្លាយជាជំងឺរ៉ាំរ៉ៃមួយនៅក្នុងសង្គមកម្ពុជា។ លោកបន្ថែមថារដ្ឋាភិបាលអាណត្តិមុន ក៏ធ្លាប់បានចាត់តាំងគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស​ធនធានធម្មជាតិដែរ ប៉ុន្តែនៅតែមិនទាន់ឃើញ​មានប្រសិទ្ធិភាពនៅឡើយ។

លោកថា៖ «យើងឃើញថា បទល្មើស​ព្រៃឈើកើត​មាន​រហូត​មិន​ដឹង​ត្រូវទប់ស្កាត់យ៉ាងម៉េចទេ វាជាជំងឺរ៉ាំរៃក្នុងសង្គមយើងទៅហើយ មិនដឹងតាំងពីជំនាន់ណា! កាលពីសម័យសម្តេច ហ៊ុន សែន ក៏ទប់ស្កាត់អត់បានផង»។

លោកបន្ថែមថា៖«ព្រៃឈើនៅតែមានការកាប់បំផ្លាញជាជំងឺរ៉ាំរ៉ៃជាបន្តបន្ទាប់ ទោះបីជាឯកឧត្តម សៅ សុខា ប្រឹង​ប្រែងយ៉ាងណាក៏យើងគិតថាហាក់ដូចជាសកម្មភាព វាមិនបាត់ទៅណានៅតែមានអ៊ីចឹងបទល្មើសព្រៃឈើ។ មិនដឹងយកថ្នាំអីមកព្យាបាលឱ្យបាត់ទេជំងឺនេះ»។

បុរសមានវ័យ ៤៦ឆ្នាំរូបនេះ លើកឡើងទៀតថា ក្រោយរកឃើញបទល្មើស​ សហគមន៍បាន​ព្យាយាម​បង្ហាញ​​ភស្តុតាង ទីតាំង និងបទល្មើស​ជាក់​ស្តែង ​ទៅ​ដល់​អាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែ​ជា​លទ្ធផលអាជ្ញាធរតែងតែធ្វើការ​បដិសេធ និង​លើកហេតុផលដដែលៗថា សហគមន៍មិន​បានចុះ​បញ្ជី​នៅក្រសួងមហាផ្ទៃ និងមិនអនុញ្ញាតឱ្យល្បាតនោះទេ។

លោកនិយាយថា៖ «យើង​ចេះ​តែឆ្ងល់បទល្មើសសហគមន៍​រកឃើញរហូតពេលចុះល្បាត តែមន្រ្តីគេថាអត់មានទេ។ យើង​ឱ្យតម្រុយគេ(កន្លែងបទល្មើស)គេថាចាំគេទប់ស្កាត់បទល្មើស តែជាក់ស្តែងនៅតែមានការកាប់បំផ្លាញព្រៃឈើ ឥឡូវយើងសង្ឃឹមអី»។

បន្ថែមពីនេះ បណ្តាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អាយុ ៤០ឆ្នាំ អះអាងថា បញ្ហាបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ បានក្លាយជាជំងឺរ៉ាំរ៉ៃក្នុងសង្គមបាត់ទៅហើយ ព្រោះអាជ្ញាធរ​មូល​ដ្ឋាន​ហាក់​ធ្វេសប្រហែស និងបណ្តែតបណ្តោយឱ្យជនល្មើស អាចលួចចូលទៅកាប់និងដឹកឈើចេញបានយ៉ាងអាណាធិបតេយ្យ។

លោកថា៖ «ខ្ញុំគិតថា បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ប្រៀបដូចជាជំងឺមហារីកអ៊ីចឹង ព្រោះថាអាជ្ញាធរនៅជុំវិញព្រៃឡង់គាត់ហាក់ធ្វើការងារមិនពេញដៃពេញជើង ក្នុងការការពារ និងអភិរក្សព្រៃឈើសោះ។ និយាយពីបទល្មើសវិញ សហគមន៍​រកឃើញម្តងៗមិនក្រោមពី៥០ ទៅ១០០ករណីទេ ចុះបើម្លឹងៗ​ព្រៃឈើយើងមិនអស់ ហើយឯណាវិធានការទប់ស្កាត់បទល្មើសរបស់អាជ្ញាធរ»។

បើតាម លោក ខេម សុឃី ដើម្បីព្យាបាលជំងឺមហារីក ដែលជាជំងឺរ៉ាំរៃ​នៅតំបន់ព្រៃឡង់​ ឱ្យជាសះស្បើយ រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ ចាត់​វិធានការក្តៅចំពោះជនល្មើស និង​ដកចោល​នូវ​មន្រ្តីណាដែលរកឃើញថាមានជាប់ពាក់ព័ន្ធជាមួយជនល្មើស ជាពិសេសត្រូវដកអាជ្ញាប័ណ្ណក្រុមហ៊ុនមួយចំនួន​ដែលរកឃើញថាមានការកាប់បំផ្លាញព្រៃឈើខុសច្បាប់។

លោកមានប្រសាសន៍ថា៖ «និយាយទៅមិនមែនព្យាបាលមិនបានទេ សំខាន់រដ្ឋាភិបាលថ្មី ឬមន្រ្តីអាជ្ញាធរចង់ព្យាបាល​ជំងឺ​រ៉ាំរ៉ៃនេះអត់។ រឹត​បន្តឹង​ច្បាប់តិច​ទៅ ឬចាត់វិធានការខ្លាំង ក្តៅចំពោះជនល្មើស និងក្រុមហ៊ុនកាប់ឈើ ជាពិសេសមន្រ្តីមួយចំនួន បើដឹងថាពាក់ព័ន្ធដកចោលទៅ នោះបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់យើងអាចសល់ដល់ក្មេងជំនាន់​ក្រោយហើយ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន នៅថ្ងៃទី៤ ខែកញ្ញានេះ បានបដិសេធឆ្លើយ​តប ដោយថា ជាទម្លាប់នៃការធ្វើការងាររបស់លោក លោកមិនឆ្លើយតបអ្នកសារព័ត៌មានតាមប្រព័ន្ធទូរស័ព្ទនោះ​ទេ។

លោកថា៖ «ប្អូនចង់ដឹងប្អូនធ្វើលិខិតផ្លូវការមកក្រសួងមក ខ្ញុំនឹងឆ្លើយផ្លូវការ​ជូនប្អូន​ជាលិខិត​ផ្លូវ​ការ»។

ចំណែក ប្រធានមន្ទីរបរិស្ថាន​ខេត្ត​ស្ទឹង​ត្រែង លោក អេង ភីរ៉ុង ឆ្លើយតបយ៉ាងខ្លី​ថា មន្រ្តី​ឧទ្យានុរក្ស​នៅ​តាម​តំបន់​ព្រៃឡង់​ធ្វើការ​ទាំងយប់ទាំងថ្ងៃ ទៅតាមភារកិច្ចរៀងៗខ្លួន ដើម្បីការពារ​ព្រៃឈើ​ និងសត្វព្រៃ។

លោកថា៖ «មន្រ្តីយើងធ្វើការគ្មានពេលសម្រាកផងពាក់ព័ន្ធនឹងបទល្មើស គឺធ្វើការងារទៅតាមតួនាទីភារកិច្ចរាល់ថ្ងៃហ្នឹង មន្រ្តីខ្ញុំធ្វើការរាល់ថ្ងៃ​»។

ដោយឡែក មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញថា ការចាត់ទុកបញ្ហាបទល្មើសនៅតំបន់ព្រៃឡង់ ជាជំងឺរ៉ាំរ៉ៃក្នុងសង្គម ជារឿងត្រឹមត្រូវហើយជារឿងពិតជាក់ស្តែង។ លោកបន្ថែមទៀត​ថា លោកធ្លាប់ធ្វើកិច្ចការ​ងារជាមួយ​សហគមន៍មូលដ្ឋានដោយ​ផ្ទាល់ និងបាន​ចុះទៅតំបន់ព្រៃឡង់នោះ ដោយរកឃើញ​ថាបទល្មើស​នៅតែបន្តកើតមាន ជាពិសេសការកាប់បំផ្លាញព្រៃឈើទាំងនោះ ពីសំណាក់កម្មករក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណកាន់កាប់ដីព្រៃនៅជុំវិញព្រៃឡង់នោះ​តែម្តង។

លោកថា៖ «បញ្ហាដែលកើតមានជាក់ស្តែង យើងចុះទៅក្នុងតំបន់ព្រៃឡង់ យើងឃើញថា តំបន់ហ្នឹងមានការកាប់ទន្រ្ទានកាន់កាប់ដី​ ហើយយើងចុះទៅឃើញមានគល់ឈើដែលក្រុមជនល្មើសកាប់ ជាពិសេសកម្មកររបស់ក្រុមហ៊ុនដែលនៅជុំវិញតំបន់ព្រៃឡង់ហ្នឹង ដូចជា ក្រុមហ៊ុនអង្គរហ្វ្រាយវ៉ូតក្តី និងក្រុមហ៊ុនម៉ាឃូលូជីស្ទឹក»។

យោងតាមរបាយការណ៍របស់អង្គការ Global Forest Watch បានឱ្យដឹងថា ចន្លោះពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដែលជាពេលប្រជាជនកម្ពុជាឈប់សម្រាករីករាយក្នុងពិធីបុណ្យចូលឆ្នាំ មានការកាប់បំផ្លាញព្រៃឈើចំនួន ៩៥ ៤៧៨ករណី បានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុបចំនួន ១១៥ហិកតា ដែលរកឃើញដោយ​ប្រព័ន្ធ​ជូន​ដំណឹង៕