ស្ថាបនិកគណបក្សអាយ៉ងខ្មែរ បង្ហាញការសោកស្ដាយ ក្រោយពីក្រសួងមហាផ្ទៃបានសម្រេចបដិសេធក្នុងការចុះបញ្ជីគណបក្សនេះឱ្យស្របតាមច្បាប់ ក្នុងពេលលំហសេរីភាពខាងនយោបាយ នៅកម្ពុជារង់ការរិះគន់ពីសហគមន៍អន្តរជាតិថាកំពុងមានភាពចង្អៀត និងរួមតូច។
ស្ថាបនិកគណបក្សអាយ៉ងខ្មែរ និងជាអតីតអគ្គលេខាធិការគណបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ជំរុញឱ្យក្រសួងមហាផ្ទៃបង្ហាញពីកំហុសឆ្គងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយដែលឈាន់ដល់ការរារាំងគណបក្សលោកក្នុងការចុះបញ្ជីស្របច្បាប់។
លោកបន្តថា ខ្លួនបានដាក់ឯកសារគ្រប់គ្រាន់តាមច្បាប់ រួមមាន និមិត្តសញ្ញាគណបក្ស ប្រវត្តិរូបតំណាងស្ថាបនិក លិខិតបញ្ជាក់ទីស្នាក់ការគណបក្ស និងបញ្ជីឈ្មោះពលរដ្ឋចំនួន៨០នាក់ដែលគាំទ្របង្កើតថែមទៀតផង។
ជាមួយគ្នានេះ លោក សុខសុវណ្ណ បន្ថែមថា លោកនឹងជួបជាមួយក្រសួងមហាផ្ទៃនៅសប្ដាហ៍ក្រោយដើម្បីជជែកគ្នាជុំវិញករណីនេះ។ បន្ថែមពីលើនេះ លោកឱ្យដឹងថា ការបង្កើតគណបក្សដោយដាក់ឈ្មោះថា អាយ៉ងខ្មែរនេះ ដើម្បីបញ្ជាក់ថា គណបក្សលោកមានភក្ដីភាពចំពោះពលរដ្ឋកម្ពុជា។
លោកបន្តថា៖«បើសិនជាចំណុចណាមួយដែលក្រសួងមហាផ្ទៃលើកឡើងហ្នឹង ខ្ញុំនឹងជជែកជាមួយក្រសួងមហាផ្ទៃឱ្យជាក់ច្បាស់យើងអត់ទាន់បានវាយតម្លៃថាម៉េចៗទេ។…យើងចង់ឱ្យមានការសម្របសម្រួលចឹង»។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានប្រកាសច្រានចោលការសុំចុះបញ្ជីគណបក្សអាយ៉ងខ្មែរ ដោយយោងតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ ប៉ុន្តែក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីចំណុចដែលនាំឱ្យស្ថាប័នជំនាញមួយនេះ សម្រេចទាត់ចោលលិខិតស្នើសុំបង្កើតគណបក្សនយោបាយថ្មោងថ្មីនេះទេ។
យ៉ាងនេះក្តី តាមរយៈលិខិតបដិសេធរបស់ក្រសួងមហាផ្ទៃនេះ បានបញ្ជាក់ថាតំណាងស្ថាបនិកគណបក្ស អាយ៉ងខ្មែរ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមពលរដ្ឋខ្មែរទាំង៨០នាក់ដែលផ្គួចផ្ដើមបង្កើតគណបក្សនយោបាយនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសា សន៍ថា ប្រសិនបើតំណាងគណបក្សអាយ៉ងខ្មែរបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ហើយនោះ មានន័យថាក្រសួងមហាផ្ទៃកំពុងរំលោភលើសិទ្ធិពលរដ្ឋក្នុងការបង្កើតគណបក្សនយោបាយ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ។
លោកបន្តថា៖ «ក្នុងរដ្ឋធម្មនុញ្ញ គេនិយាយអំពីពលរដ្ឋគ្រប់រូបមានសិទ្ធិនិងសេរីភាពក្នុងការបង្កើតសមាគម និងគណបក្សនយោបាយដោយផ្អែកតាមច្បាប់ជាតិ»។
គេហទំព័រ Newsroom Cambodia ពុំទាន់អាចសូមការអត្ថាធិប្បាយពីលោក ខៀវ សុភ័គ និង លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលប៉ុន្តែគ្មានអ្នកទទួល។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការស្នើសុំចុះបញ្ជីគណបក្ស «បេះដូងជាតិ» ក្រោយរកឃើញថាការផ្ដិតស្នាមមេដៃរបស់សមាជិកគណបក្សដើម្បីគាំទ្រក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយមានស្នាមផ្តិតមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឱ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិកជាដើម។
ជុំវិញករណីនេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នៅបន្ទាប់មានពាក្យបណ្តឹងពីក្រសួងមហាផ្ទៃ។
ដោយឡែក មនុស្សចំនួន ២៣ នាក់ដែលជាអតីតមន្រ្តីគណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ និងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តចាប់ខ្លួន ពាក់ព័ន្ធនឹងការផ្តិតមេដៃ ដើម្បីបង្កើតគណប្ស «បញ្ញាទំនើប»
ក្រុមអ្នកជំនាញផ្នែកគោលនយោបាយចាត់ទុការចាប់ខ្លួននេះថា គឺជារូបភាពនៃការគំរាមកំហែងខាងនយោបាយ និងជាការធ្វើឱ្យលំហសេរីភាពនយោបាយ នៅកម្ពុជាកាន់តែបន្តធ្លាក់ចុះ៕