ស្ថាបនិកគណបក្សអាយ៉ងខ្មែរ បង្ហាញការសោកស្ដាយ ក្រោយពីក្រសួងមហាផ្ទៃបានសម្រេចបដិសេធក្នុងកា​​​​រចុះបញ្ជីគណបក្សនេះឱ្យស្របតាមច្បាប់ ក្នុងពេលលំហសេរីភាពខាងនយោបាយ នៅកម្ពុជារង់ការរិះ​​គ​ន់​​​​ពី​​សហគមន៍អន្តរជាតិថាកំពុងមានភាពចង្អៀត និងរួមតូច។

ស្ថាបនិកគណបក្សអាយ៉ងខ្មែរ និងជាអតីតអគ្គលេខាធិការគណបក្សយុវជនកម្ពុជា លោក ឯម សុខសុវណ្ណ ជំរុញឱ្យក្រសួងមហាផ្ទៃបង្ហាញពីកំហុសឆ្គងក្នុងច្បាប់ស្ដីពីគណបក្សនយោបាយដែលឈាន់ដល់ការរារាំងគណបក្សលោកក្នុងការចុះបញ្ជីស្របច្បាប់។

លោកបន្តថា ខ្លួនបានដាក់ឯកសារគ្រប់គ្រាន់តាមច្បាប់ រួមមាន និមិត្តសញ្ញាគណបក្ស ប្រវត្តិរូបតំណាងស្ថា​​ប​​និក លិខិតបញ្ជាក់ទីស្នាក់ការគណបក្ស និងបញ្ជីឈ្មោះពលរដ្ឋចំនួន៨០នាក់ដែលគាំទ្របង្កើតថែមទៀត​​ផង​​​។

ជាមួយគ្នានេះ លោក សុខសុវណ្ណ បន្ថែមថា លោកនឹងជួបជាមួយក្រសួងមហាផ្ទៃនៅសប្ដាហ៍ក្រោយដើម្បីជជែកគ្នាជុំវិញករណីនេះ។ បន្ថែមពីលើនេះ លោកឱ្យដឹងថា​ ការបង្កើតគណបក្សដោយដាក់ឈ្មោះថា អាយ៉​ង​​ខ្មែរនេះ ដើម្បីបញ្ជាក់ថា គណបក្សលោកមានភក្ដីភាពចំពោះពលរដ្ឋកម្ពុជា។

លោកបន្តថា៖«បើសិនជាចំណុចណាមួយដែលក្រសួងមហាផ្ទៃលើកឡើងហ្នឹង ខ្ញុំនឹងជជែកជាមួយក្រ​​សួងមហាផ្ទៃឱ្យជាក់ច្បាស់យើងអត់ទាន់បានវាយតម្លៃថាម៉េចៗទេ។…យើងចង់ឱ្យមានការសម្របសម្រួលចឹង»

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានប្រកាសច្រានចោលការសុំចុះបញ្ជីគណបក្សអាយ៉ងខ្មែរ ដោ​យ​​​យោងតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ ប៉ុន្តែក្រសួងមហាផ្ទៃមិនបាន​បញ្ជាក់ពីចំណុច​​ដែល​នាំឱ្យ​​ស្ថាប័នជំនាញមួយនេះ សម្រេចទាត់ចោលលិខិត​​ស្នើសុំបង្កើតគណ​​បក្សន​​យោ​​បាយថ្មោង​​ថ្មីនេះ​​ទេ​។

យ៉ាងនេះក្តី តាមរយៈលិខិតបដិសេធរបស់ក្រសួងមហាផ្ទៃនេះ បានបញ្ជាក់ថាតំណាងស្ថាបនិកគណបក្ស អា​​យ៉ងខ្មែរ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនា​ម​ពលរដ្ឋខ្មែរទាំង៨០នាក់ដែលផ្គួចផ្ដើមបង្កើតគ​​ណបក្សនយោបាយនេះ។

​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​លីកាដូ (Licadho) លោក ​អំ សំអាត មានប្រសា  ស​​ន៍ថា ប្រ​សិនបើ​តំណាងគណបក្សអាយ៉ងខ្មែរបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់ហើយនោះ មានន័យថាក្រសួ​ង​​​​មហា​​ផ្ទៃ​​កំពុងរំលោភលើសិទ្ធិពលរដ្ឋក្នុងការបង្កើតគណបក្សនយោបាយ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញ​​។

លោកបន្តថា៖ «ក្នុងរដ្ឋធម្មនុញ្ញ គេនិយាយអំពីពលរដ្ឋគ្រប់រូបមានសិទ្ធិនិងសេរីភាពក្នុងការបង្កើតសមាគម និងគណបក្សនយោបាយដោយផ្អែកតាមច្បាប់ជាតិ»។

គេហទំព័រ Newsroom Cambodia ពុំទាន់អាចសូមការអត្ថាធិប្បាយពីលោក ខៀវ សុភ័គ និង លោក ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេនៅថ្ងៃនេះ ដោយទូរសព្ទចូលប៉ុន្តែគ្មានអ្នកទទួល។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការស្នើសុំចុះបញ្ជីគណបក្ស «​បេះដូងជាតិ» ក្រោ​យ​រកឃើញថាការផ្ដិត​ស្នាម​មេដៃ​របស់​សមាជិកគណបក្ស​ដើម្បីគាំទ្រ​ក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយ​មានស្នាមផ្តិតមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និង​ការផ្ដិតធ្វើឱ្យ​ខូច​គុណភាព ដើ​​ម្បី​​បង្កើនបរិមាណចំនួនសមាជិកជាដើម។

ជុំវិញករណីនេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួនស្ថាបនិកគណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​បទចោទ​ប្រកាន់​ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នៅបន្ទាប់មានពាក្យបណ្តឹងពីក្រសួងមហាផ្ទៃ។

ដោយឡែក មនុស្សចំនួន ២៣ នាក់ដែលជាអតីតមន្រ្តីគណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កា​​ល​ពី​​ថ្ងៃទី៨ និងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តចាប់ខ្លួន ពាក់ព័ន្ធនឹ​ងកា​​​​​រ​​ផ្តិ​​ត​​​​​​មេ​​ដៃ ដើម្បីបង្កើតគណប្ស «បញ្ញាទំនើប»

ក្រុមអ្នកជំនាញផ្នែកគោលនយោបាយចាត់ទុការចាប់ខ្លួននេះថា គឺជារូបភាពនៃការគំរាមកំហែងខា​​ង​​ន​​យោ​​​​បាយ និងជាការធ្វើឱ្យលំហសេរីភាពនយោបាយ នៅកម្ពុជាកាន់តែបន្តធ្លាក់ចុះ៕