សហជីព និងកម្មករទាមទារឱ្យភាគីពាក់ព័ន្ធដំឡើងប្រាក់ឈ្នួលអប្បរមាស្របតាមការកើនឡើងនៃតម្លៃទំនិ​​ញ​លើទីផ្សារដើម្បីចៀសវាងកម្មករមានការហូបចុករឹតត្បិត និងសន្សំសំចៃ។

អ្នកគ្រប់គ្រង​កម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោ​ក ឃុន ថារ៉ូ មានប្រសាសន៍ថា កម្មករនិយោជិកបានចំណាយថវិកាក្នុងម្នាក់ លើម្ហូបអាហារសមរម្យចំនួន១៨០ដុល្លារក្នុងមួយខែ។ លោកបន្តថា កម្ពុជាមិនបានកំណត់យកប្រាក់ឈ្នួលរស់នៅសមរម្យនោះទេ ប៉ុន្តែជំនួសមកវិញគឺប្រាក់ឈ្នួលអប្បបរិមាដែលមិនឆ្លុះបញ្ចាំងពីតម្រូវការមូលដ្ឋានរបស់កម្មករ។

នេះគឺជាការរៀបរាប់

លោកបន្តថា៖ «ខ្ញុំមិនរំពឹងថាមានការកើនឡើងច្រើនទេ ទាក់ទងនឹងប្រាក់ឈ្នួល»

ប្រភពដដែលឱ្យដឹងទៀតថា ការចាយវាយមិនគ្រប់គ្រាន់នឹងដាក់សម្ពាធលើកម្មករឱ្យធ្វើការថែមម៉ោង និងកាត់បន្ថយការហូបចុកដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។

កម្មកររោងចក្រម្នាក់ លោក ស្រស់ វុទ្ធី និយាយថា លោកចង់ឃើញរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់២៥០ដុល្លារទើបអាចឆ្លើយតបទៅនឹងការកើនឡើងនៃការចំណាយលើអាហារនិងបន្ទប់ជួលបាន។

បើតាមលោក ស្រស់ វុទ្ធី ក្រៅពីតម្រូវការជាមូលដ្ឋាន លោកថែមទាំងរ៉ាប់រងលើការសិក្សាកូន និងការឈឺស្កា​​ត់​​​​របស់ក្រុមគ្រួសារថែមទៀតដែរ។

លោកបន្តថា៖ «ស្ថានភាពអតិផរណាក៏៏វាឡើងថ្លៃ ការចំណាយយើងក៏ចំណាយច្រើនបាយទឹកម្ហូប អាហារ សាំងអីវិញឡើងថ្លៃ ផ្ទះជួលក៏វាឡើងថ្លៃ ដល់ចឹងវាពិបាក។ឆ្នាំហ្នឹង [បន្ទប់ជួល] មួយឆ្នាំឡើង៥ដុល្លារ ឆ្នាំ២០២៣នេះឡើង៥០ដុល្លារ។ ការចាយត្បិតការហូបចុកអី របស់ណាខានបានយើងអត់ទិញទេ»។

ដោយឡែក អគ្គលេខាធិការ នៃសមាគមវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TA​F​TAC) លោក ខេន លូ ត្អូញត្អែរថា កម្មករ និងសហជីពមិនគួរទាមទារការដំឡើងប្រាក់ឈ្នួលច្រើនលើ​សលប់នោះទេ ដោយសម្អាងថា រយៈពេល៧ខែក្នុងឆ្នាំ២០២៣ សម្រាប់រោងចក្រវាយនភណ្ឌកាត់ដេរ ការនាំចេញមានការធ្លាក់ចុះដល់២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ​​២០​​២​២​។

លោកបន្តថា៖ «យើងមើល ឆមាសទី២ ឆ្នាំ២០២៣ ឆ្នាំ២០២៤ក៏មិនល្អ ចឹងយើងត្រូវយកពិចារណាហើយសហជីព កម្មករត្រូវយកទៅពិចារណាមុនទាមទារឡើងប្រាក់ខែហួសហេតុពេក»។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់ ​ធន់ គូសបញ្ជាក់ថា តម្រូវការជាក់ស្ដែងរបស់កម្មករក្នុងម្នាក់​​អា​ច​​​ទទួលបានប្រាក់ឈ្នួល២៥០ដុល្លារទៅ៣០០ដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាចំពោះមុ​ខ​​នៃការកើ​​នឡើងនៃតម្លៃទំនិញនៅលើទីផ្សារ។ប៉ុន្តែសហជីពដែលតំណាងឱ្យផលប្រយោជន៍កម្មករមិនទាមទារច្រើននោះ​​ទេ ដោយសារការដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំមិនមានចំនួនច្រើនឡើយ។

លោកបន្តថា៖ «យន្តការមានហើយប៉ុន្តែអាស្រ័យលើអំណាច បើអំណាចកម្មករខ្លាំង គឺយើងទាមទារបាន។ បើអំណាចកម្មករយើងខ្សោយគឺយើងទាមទារអត់បានទេ។ អំណាចនេះគឺប្រើតាមរយៈចរចា។ ចរចាអត់បានយើងអាចធ្វើការតវ៉ាចឹងទៅ»។

សេចក្ដីថ្លែងការណ៍ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​​២០២៣ បញ្ជាក់ថាការច​​រ​​​ចាគ្នារវាងនិយោជក និងតំណាងកម្មករនិយោជិតបានប្រព្រឹត្តទៅចំនួន១៥លើ​​ករួចមកហើយ។ចំណែក ក្នុង​កិច្ចប្រជុំនៅថ្ងៃទី ១១ កញ្ញា កន្លងទៅនេះ ​ភាគីថៅកែរោងចក្របានដំឡើងប្រា​​ក់ឈ្នួល១ដុល្លារអាមេរិក ខណៈសហជីពទា​ម​ទា​របន្ថែម១៥ដុល្លារអាមេរិក លើប្រាក់ឈ្នួលបច្ចុប្បន្នដែ​ល​មានស្រា​​បចំនួន២០០ដុល្លារដើម្បីលើកកម្ពស់កម្មករអាចដោះបន្ទុកនៃការកើនឡើងតម្លៃទំនិញលើទី​​ផ្សា​​របានខ្លះ។

រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំចរចាប្រាក់ឈ្នួលបានបិទបញ្ចប់កាលពីថ្ងៃទី១១ កញ្ញាថាក្រសួងការងារបានត្រឹមសម្របសម្រួលក្នុងកិច្ចការចរចាដំឡើងប្រា​​​​ក់ឈ្នួលទេ ចំពោះការសម្រេចបែបណា អាស្រ័យលើភាគីម្ចាស់រោងចក្រ។

លោកបន្តថា៖ «រដ្ឋជាអាជ្ញាកណ្ដាលនឹងព្យាយាមសម្របសម្រួល»

ដោយឡែក លោក ឃុន ថារ៉ូ មានទុទិដ្ឋិនិយមថា កម្ពុជាអាចនឹងពិបាកក្នុងការបង្កើនប្រាក់ឈ្នួលកម្មករឱ្យដល់កម្រិតមួយដែលអាចទទួលយកទាំងនិយោជិត និងនិយោជក។ក្នុងន័យនេះ លោកបញ្ជាក់ថា រដ្ឋាភិបា​​លកម្ពុជា គួរកែប្រែគោលនយោបាយទាក់ទិននឹងតម្លៃអគ្គិសនី និងវត្ថុធាតុដើមដែលមានតម្លៃខ្ពស់ពីប្រ​​ទេ​​ស​​ជិតខាង។

លោកបន្តថា៖ «ពឹងផ្អែកវត្ថុធាតុនាំចូលពីចិន ម៉ាឡេស៊ី វៀតណាមជាដើម យើងអត់មានលទ្ធភាពក្នុងការផលិតនូវវត្ថុធាតុដើមក្នុងស្រុកទេ។ កត្តានេះក៏វានឹងជះឥទ្ធិពលទៅដល់ វិស័យដែរ»។

លោក បន្តថា រដ្ឋាភិបាលក៏ត្រូវធានាចំពោះការមិនបាត់បង់ប្រព័ន្ធអនុគ្រោះព័ន្ធពីសហគមអឺរ៉ុបផងដែរ។ បើពុំនោះទេ លោកបញ្ជាក់ថា វិស័យវាយនភណ្ឌនឹងជួបប្រទះវិបត្តិផ្នែកការងារ ហើយកម្មករខ្មែរ១លាននាក់នឹ​​ង​​រងផលប៉ះពាល់ដោយផ្ទាល់ និងមនុស្សចំនួន២លាននាក់រងផលប៉ះពាល់ដោយប្រយោល។

បើតាមលោក ឃុន ថារ៉ូ នៅក្នុងឆ្នាំ២០២៣នេះ មានរោងចក្រចំនួន២០រោងចក្រហើយ បានបិទទ្វារ ព្យួរការងារកម្មករ និងបញ្ឈប់ការងារកម្មករក្នុងទ្រង់ទ្រាយធំ។ក្នុងនោះកម្មករជិត២ម៉ឺននាក់ទទួលរង់ផលប៉ះពា​​ល់ ពីវិបត្តិគ្មានការងារនេះ។ប្រភពដដែលបន្តថា រោងចក្របិទទ្វារភាគច្រើនជារោងចក្រដេរសម្លៀកបំពាក់ និងស្បែកជើងដែលមានទីផ្សា​​​រធំនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។ក្នុងន័យនេះកម្ពុជាបានទទួលអត្ថប្រ​យោ​​ជ​ន៍​​ច្រើនពីប្រព័ន្ធអនុ​​គ្រោះ​​ពន្ធទាំង GSP របស់សហរដ្ឋអាមេរិក និងEBA របស់សហគមអឺរ៉ុប ដែលកម្ពុជាទទួលបានផលចំណេញសរុប១ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

ដោយឡែក ការកំណត់ប្រាក់ឈ្នូលក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផល​​ធ្វើដំ​​ណើរ រួមទាំងកាបូបសម្រាប់ឆ្នាំ២០២៤ ក្រសួងការងារបញ្ជាក់ថា នឹងចាប់ផ្តើមដំណើរការជាថ្មីទៀត នៅ​​ថ្ងៃ​​​ទី១៨ ខែកញ្ញា ខាងមុខនេះ។បើតាមក្រសួងការងារ មានសុទិដ្ឋិនិយមថា នឹងព្យាយាមរកចំណុចរួមមួយក្នុងការដំឡើងប្រាក់ឈ្នួលនេះឱ្យបាន ហើយអាចនឹងចេញលទ្ធផលនៅដំណាច់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០​​២​​៣​​៕