ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើអភិបាលកិច្ច មានទុទិដ្ឋិនិយមថាប្រព័ន្ធប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលធ្វើឡើងបែបអសាធារណៈដូចដែលកម្ពុជាធ្លាប់បានអនុវត្តកន្លងទៅនេះនឹងមិនអាចជោគជ័យបានដោយងាយទេ ដែលផ្ទុយពីអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ទុកថា ដំណើរការនៃប្រតិបត្តិការនេះ ប្រព្រឹត្តទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តិដោយគ្មានល្អៀងត្រង់ណានោះទេ។
នាយកប្រតិបត្តិ នៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រឆាំងអំពើពុករលួយជារឿងអភិបាលកិច្ច ជារឿងស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋកម្ម និងការពិនិត្យលើប្រព័ន្ធដ៏ស្មុគស្មាញដែលមានការជំពាក់ជំពិនគ្នាទាំងទិដ្ឋភាពច្បាប់ និងគោលនយោបាយ។
លោកបន្តថា ពាក់ព័ន្ធគោលការណ៍នៃតម្លាភាពដើម្បីកាត់បន្ថយអំពើពុករលួយ ការប្រកាសទ្រព្យ និងបំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈគឺជារឿងមួយល្អ ដោយសារដើម្បីផ្ទៀងផ្ទាត់ស្ថានភាពនៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។ប៉ុន្តែដើម្បីឱ្យការប្រកាសទ្រព្យសម្បត្តិនេះ មានភាពជឿទុកចិត្តពីសាធារណៈ លុះត្រាដំណើរការនេះ ធ្វើឡើងដោយចំហ និងមិនលាក់លៀម។ផ្ទុយទៅវិញ ប្រសិនបើការប្រកាសនេះដោយគ្រាន់តែដាក់នៅក្នុងស្រោមសំបុត្រ ហើយពេលមានបញ្ហាទើបស៊ើបអង្កេតជាក្រោយនោះ គឺមិនបានធ្វើឱ្យមហាជនពេញចិត្តឡើយ។
លោកបន្តថា៖ «ការប្រកាសទ្រព្យសម្បត្តិរបៀបនេះ គឺមិនទាន់គ្រប់ជ្រុងជ្រោយទេ។ យើងចង់ឱ្យព័ត៌មាននៃការមានទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាសហ្នឹង គឺត្រូវបានដឹងឮជាសាធារណៈ នៅក្នុងហេតុផលមួយ ពលរដ្ឋគេអាចប៉ាន់ប្រមាណ គេមើលមកថាឋានៈគាត់ប៉ុណ្ណឹង វាស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ? ហើយទ្រព្យហ្នឹង បើមាន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ»។
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លើកយកបញ្ញត្តិមាត្រា១៨ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ កំណត់ថា សមាជិកសភា សមាជិករដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការចាស់ និងថ្មី មានពេល៣០ថ្ងៃយ៉ាងយូរ ដើម្បីប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្រោយចូលកាន់តំណែង។
ទន្ទឹមនឹងគ្នានេះ សមាសភាពដែលជាប់កាតព្វកិច្ចនេះ ត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបបពីរឆ្នាំម្តង។ក្នុងន័យនេះ សម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលកាលពីឆ្នាំ២០២២ គឺត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលឡើងវិញនៅខែមករា ឆ្នាំ២០២៤។ក្រៅពីនេះសម្រាប់អ្នកដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ២០២៣ នឹងត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលឡើងវិញនៅខែមករា ឆ្នាំ២០២៥។
អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួន ដោយលើកឡើងថាមកដល់ពេលនេះ មានមន្រ្តីចំនួន៣៦១នាក់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។
សម្រាប់នាយិកាប្រតិបត្តិ នៃអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយលោកស្រី ម៉ម ស៊ីថា ស្វាគមន៍ចំពោះការប្រកាសទ្រព្យសម្បត្តិ ប៉ុន្តែអ្នកស្រីយល់ឃើញថា ការប្រកាសជាសម្ងាត់ដោយមិនបង្ហាញជាសាធារណៈបែបនេះ ស្មើនឹងមិនបានប្រកាសដដែល។លោកស្រីបន្តថា វិធីនេះគឺគ្រាន់តែជាផ្នែកមួយ ក្នុងការប្រឆាំងអំពើពុករលួយដែលកំពុងចាក់ស្រេះជាប្រព័ន្ធ។
បើតាមលោកស្រី ម៉ម ស៊ីថា រដ្ឋាភិបាលគួរប្រើយន្តការបន្ថែមទៀត ដើម្បីកាត់បន្ថយអំពើពុករលួយ ជាពិសេសបញ្ហាបក្ខពួកនិយម និងការសូកប៉ាន់ផ្សេងៗ។
លោកស្រីបន្តថា៖ «មិនមែនតែអង្គភាពមួយនេះ ប្រឆាំងអំពើពុករលួយមួយប្រទេសបានទេ ទាល់តែមានការគាំទ្រពីប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិលទាំងអស់ ចូលរួមក្នុងការ ប្រយុទ្ធប្រឆាំង បានទៅរួច ។ចូលរួមផ្តល់ព័ត៌មាន ឬហៅថា ចូលរួមលុបបំបាត់វប្បធម៌ស៊ីសំណូក ទៅទាំងអស់បានមានជំនឿជឿជាក់។ធ្វើឲ្យគគ្រឹកគគ្រេង ព្រោះអំពើពុករលួយគគ្រឹកគគ្រេងណាស់ រឿងអីបានជាការប្រឆាំងអំពើពុករលួយមិនគគ្រឹកគគ្រេងដូចពុករលួយសោះ»។
របាយការណ៍ថ្មីមួយរបស់អង្គការអន្តរជាតិឃ្លាំមើលអំពើពុករលួយជាសកល ដែលចេញផ្សាយកាលពីចុងឆ្នាំ ២០២២ រកឃើញថា ៥ឆ្នាំជាប់ៗគ្នាមកនេះ កម្ពុជាបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសមានអំពើពុករលួយជិតបាតតារាង បើទោះបីប្រទេសក្រីក្រមួយនេះមានច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់ទប់ស្កាត់ក្ដី។
ផ្ទុយពីនេះ ច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ ដែលដាក់ឱ្យប្រើកាលពីដើមខែ មេសា ឆ្នាំ២០១០ វិញ បានកំណត់ពីគោលបំណងនៅក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ និងប្រឆាំងអំពើពុករលួយ។
ជាងនេះទៀត បទដ្ឋានគតិយុត្តិនេះ តាក់តែងឡើងក្នុងន័យដើម្បី ពង្រឹងអភិបាលកិច្ច នីតិរដ្ឋ នៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសកាត់បន្ថយភាពក្រីក្រជាដើម។ក៏ប៉ុន្តែនៅដើមឆ្នាំ២០២៣នេះ ពោលគឺជិត១៣ឆ្នាំ ក្រោយច្បាប់នេះប្រកាសឱ្យប្រើ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដាក់ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជា ឆ្នាំ២០២២ ស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់ទី២ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងមានអំពើពុករលួយជាងគេលំដាប់លេខ៣ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ចំណាត់ថ្នាក់នេះធ្វើឱ្យកម្ពុជាជាប់ក្នុងកម្រិតប្រទេសមានអំពើពុករលួយធ្ងន់ធ្ងរ ឬអាក្រក់ ៥ឆ្នាំជាប់គ្នា បើទោះបីជាប្រទេសកម្ពុជាទទួលបានពិន្ទុកើនឡើងពី ២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២ ដែលពិន្ទុ១០០ ជាចំណាត់ថ្នាក់ពិន្ទុល្អ គ្មានអំពើពុករលួយយ៉ាងណាក្តី។
នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ថ្លែងថា ការប្រកាសទ្រព្យសម្បត្តិ គឺជាឧបករណ៍មួយជួយធានាគណនេយ្យភាពក្នុងការទទួលខុសត្រូវ និងតម្លាភាពនៃបុគ្គលសាធារណៈ ជាពិសេសគឺមន្ត្រីដែលតែងតាំងដោយអាណត្តិដែលពលរដ្ឋបោះឆ្នោតជូន និងតំណែងមន្ត្រីសាធារណៈដែលមានការសម្រេចចិត្តកំពូលៗ។
ម្យ៉ាងវិញទៀត ការប្រកាសទ្រព្យសម្បត្តិនេះ អាចអនុញ្ញាតឱ្យពលរដ្ឋដឹងថាមន្ត្រីសាធារណៈ ឬបុគ្គលដែលបម្រើការងារជាតិ មានទ្រព្យសម្បត្តិអ្វីខ្លះក្នុងអំឡុងពេលដែលពួកគេបម្រើការងារ ឬមានប្រវត្តិច្បាស់លាស់ ដែលអាចឱ្យពលរដ្ឋជំរុញគណនេយ្យភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់បាន។ម្យ៉ាងវិញទៀត ដើម្បីប្រាកដថា អំពើពុករលួយអាចកាត់បន្ថយក្នុងកម្រិតអតិបរិមាទៅបាន គឺអាស្រ័យលើការសម្រេចចិត្តខាងនយោបាយ។ប្រសិនបើជំហរនយោបាយ មិនអាចធានាបានទេ មានន័យថាអំពើពុករលួយ នៅតែជាគ្រោះធំសម្រាប់ជាតិដដែល។
លោកបន្តថា៖«ការប្រកាសទ្រព្យសម្បត្តិគឺធ្វើឡើងតែចំពោះបុគ្គលសាធារណៈដែលមានអាណត្តិត្រូវប្រកាសប៉ុណ្ណោះ ឯគោលការណ៍ប្រកាសទ្រព្យសម្បត្តិជាសកលដែលថា ប្រកាសឱ្យត្រឹមត្រូវនិងមានគណនេយ្យភាពខ្ពស់នោះ គឺបុគ្គលអ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនោះ ត្រូវប្រកាសខ្លួនឯងផង និងប្រកាសឱ្យក្រុមគ្រួសារផ្ទាល់ផងគឺមានន័យថា ជាប្រពន្ធឬប្តីនិងកូនបង្កើតត្រូវប្រកាសផងដែរ ហើយការប្រកាសត្រូវធ្វើឡើងជាសាធារណៈ។មានតែឆន្ទៈនិងការប្តេជ្ញាចិត្តផ្នែកនយោបាយដ៏មោះមុត ដើម្បីធ្វើកំណែទម្រង់នីតិរដ្ឋប៉ុណ្ណោះ ទើបអាចកាត់បន្ថយអំពើពុករលួយខ្នាតធំ ដែលនៅតែកើតមាន និងជាផលវិបាកបំផុតនៅក្នុងប្រទេសកម្ពុជា »។
បដិសេធនឹងការរិះគន់ចំពោះនីតិវិធី និងយន្តការនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលធ្វើឡើងបែបអសាធារណៈនេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកថាការនេះគឺបានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយ និងទប់ស្តាត់អំពើពុករលួយ។លើសពីនេះទៅទៀត ការប្រកាសត្រូវអនុវត្តតាមច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ គឺការប្រកាសត្រូវធ្វើដោយសម្ងាត់ ហើយការប្រកាសដោយសម្ងាត់ ពិតជាមានប្រសិទ្ធភាព ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តការងារប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។
លោកបន្តថា៖ «ការប្រកាសទ្រព្យសម្បត្តិ និងបំណុលគឺពិតជាមានសារៈសំខាន់ ដែលជាផ្នែកមួយនៃការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ថែមលើនេះការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ជាច្បាប់ដែលអនុម័តដោយសភា មិនមែនជាការជ្រើសរើសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឡើយ »។
បន្ថែមពីលើនេះ បញ្ញត្តិមាត្រា១៧ នៃច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ បានកំណត់ថាសំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុលត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និងធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។
មិនតែប៉ុណ្ណោះ នៅក្នុងបញ្ញត្តិ នៃមាត្រាច្បាប់ដដែលនេះ បង្ហាញថា នីតិវិធីក្នុងការបើកស្រោមសំបុត្របាន លុះត្រាតែប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកដើម្បីបុព្វហេតុ នៃការស៊ើបអង្កេតតាមការចាំបាច់។
យ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នេកច្បាប់នៅតែចាត់ទុកថា ការជ្រើសរើសនីតិវីធីប្រកាសទ្រព្យសម្បត្តិ និងបំណុលជាអសាធារណៈ និងសំងាត់នេះ មិនអាចទប់ស្កាត់អំពើពុករលួយបានទេ ព្រោះគ្មាននរណាដឹងថាមន្ត្រីទាំងនោះមានទ្រព្យសម្បតិ្តអ្វីខ្លះមុនពេលកាន់តំណែង កំពុងកាន់តំណែង និងក្រោយពេលកាន់តំណែងជាដើម។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថាកន្លងមកថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាការជ្រើសរើសយកវិធីប្រកាសជាអសាធារណៈ គឺដើម្បីសុវត្ថិភាពចំពោះបុគ្គលដែលបានប្រកាសនោះ។ក៏ប៉ុន្តែលោកចាត់ ទុកហេតុផលនេះថាមិនទាន់សមរម្យ ឬុរឹងម៉ាំប៉ុន្មាននោះទេ។
បើតាមលោក វ៉ន ចាត់ឡូត ព្រោះតែហេតុផលការពារ ការប្រកាសបែបអសាធារណៈដូចនេះហើយ ទើបគេធ្វើឱ្យមន្ត្រីកំពូលៗជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងមានទ្រព្យសម្បត្តិប៉ុន្មានមុនពេលចូលកាន់តំណែង ហើយក្រោយលាឈប់ពីតួនាទីមានទ្រព្យសម្បត្តិប៉ុន្មាន។
ប្រភពដដែលបន្តថា ក្នុងពេលយន្តការកាត់បន្ថយអំពើពុករលួយ មិនអាចធានាបាន កត្តានេះបានជំរុញឱ្យមានអំពើជួួញដូរមនុស្ស គ្រឿងញៀន អសន្តិសុខ និងការបំផ្លិចបំផ្លាញនានានៅក្នុងសង្គមជាតិ ហាក់មានរូបភាពធំធាត់ទៅៗ។
លោកបន្តថា៖« អញ្ចឹងអសាធារណៈរបស់យើងហ្នឹងហើយ ដែលវាបង្តើតឱ្យទៅជាកម្សោយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រោះមិនដឹងថាអ្នកណា ជាអ្នកណា ហើយអនុវត្តយ៉ាងមិច ការស៊ើបអង្កេតហ្នឹងយ៉ាងមិច យើងអត់ដឹង!។រដ្ឋាភិបាលត្រូវតែក្លាហានក្នុងការកែសម្រួល ឱ្យមាននូវការប្រកាសទ្រព្យសម្បត្តិជាសាធារណៈហ្នឹង ហើយដាក់ទៅជាច្បាប់តែម្តង។ អ្នកដែលកាន់តួនាទីក្នុងអាណត្តិហ្នឹង ត្រូវតែប្រកាស »។
មិនខុសគ្នា និស្សិត យុន ធីតា ដែលសិក្សាជំនាញផ្នែកច្បាប់នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ យល់ឃើញថា កាប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត គួរតែមានការប្រកាសជាសាធារណៈ។កញ្ញាបន្តថា ប្រជាពលរដ្ឋគួរតែដឹងឮពីរឿងនេះ ដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋ។
កញ្ញាបន្តថា៖ «ខ្ញុំគិតថា គួរតែមានការប្រកាសជាសាធារណៈ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរតែដឹងឮពីរឿងនេះ ដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋក៏ដូចជាឱ្យប្រជាពលរដ្ឋបានដឹងឮនិងឈឺឆ្អាលពីបញ្ហាទាំងអស់នោះដែរ »។
ដោយឡែក បញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល ហើយត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕