ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើអភិបាលកិច្ច មានទុទិដ្ឋិនិយមថាប្រព័ន្ធប្រកាស​ទ្រព្យ​សម្បត្តិ​ និងបំណុលដែ​​ល​ធ្វើឡើងបែប​អសាធារណៈ​ដូចដែលកម្ពុជាធ្លាប់បានអនុវត្តកន្លងទៅនេះនឹងមិនអាចជោគជ័យបានដោយងាយទេ ដែ​​ល​​​​ផ្ទុយពីអ្វីដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ទុកថា ដំណើរការនៃប្រតិបត្តិការនេះ ប្រព្រឹត្តទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តិដោយគ្មានល្អៀងត្រង់ណានោះទេ។

នាយកប្រតិបត្តិ នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រឆាំងអំពើពុករលួយ​ជារឿ​​ង​អភិបាលកិច្ច ជារឿងស៊ើបអង្កេតលើបទល្មើសឧក្រិដ្ឋកម្ម និងការពិនិត្យលើប្រព័ន្ធដ៏ស្មុគស្មាញដែលមានការជំពាក់ជំពិ​​ន​​គ្នាទាំងទិដ្ឋភាពច្បាប់ និងគោលនយោបាយ។

លោកបន្តថា ពាក់ព័ន្ធគោលការណ៍នៃតម្លាភាពដើម្បីកាត់បន្ថយអំពើពុករលួយ ការប្រកាស​​​​ទ្រព្យ និង​បំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈគឺជារឿងមួយល្អ ដោយសារដើម្បីផ្ទៀងផ្ទាត់​ស្ថានភាព​នៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។ប៉ុន្តែដើម្បីឱ្យការប្រកាសទ្រព្យសម្បត្តិនេះ មានភាពជឿទុកចិត្តពីសាធារណៈ លុះត្រាដំណើ​​រកា​​រ​​នេះ ធ្វើឡើងដោយចំហ និងមិនលាក់លៀម។ផ្ទុយទៅវិញ ប្រសិនបើការប្រកាសនេះដោយគ្រាន់តែដាក់នៅក្នុង​ស្រោម​សំ​​បុត្រ ហើយពេលមានបញ្ហាទើបស៊ើបអង្កេតជាក្រោយនោះ គឺមិនបានធ្វើឱ្យមហាជនពេញចិត្តឡើយ។

លោកបន្តថា៖ «ការប្រកាសទ្រព្យសម្បត្តិរបៀបនេះ គឺមិនទាន់គ្រប់ជ្រុងជ្រោយទេ។ យើងចង់ឱ្យព័ត៌មាននៃការមាន​ទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាសហ្នឹង គឺត្រូវបានដឹងឮជា​សាធារណៈ នៅក្នុងហេតុផលមួយ ពលរដ្ឋគេអាចប៉ាន់ប្រមាណ គេមើលមកថាឋានៈគាត់ប៉ុណ្ណឹង វាស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ? ហើយទ្រព្យហ្នឹង បើមាន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ»

កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ អង្គភាព​ប្រឆាំង​អំពើពុករ​លួយ (ACU) លើកយកបញ្ញត្តិមាត្រា១៨ នៃច្បាប់​​ស្តី​​ពី​​ប្រ​​​​ឆាំងអំពើពុករលួយ កំណត់ថា​ ​សមាជិកសភា​ ​សមាជិក​រដ្ឋាភិបាល​ ​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​ទីប្រឹក្សា​ ​និង​ជំ​​នួយ​​​ការ​ចាស់​ និង​ថ្មី ​មាន​ពេល​៣​០​ថ្ងៃ​យ៉ាង​យូរ​ ​ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ ​ក្រោយ​​ចូលកាន់​តំណែង។

ទន្ទឹម​នឹងគ្នា​នេះ​ ​ សមាសភាពដែលជាប់កាតព្វកិច្ចនេះ ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​តាម​របប​ពីរ​ឆ្នាំ​ម្តង។ក្នុង​​ន័យ​​នេះ​ ​សម្រាប់​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​កាលពី​ឆ្នាំ​២​០​២​២​ ​គឺ​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ឡើង​វិញ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤។ក្រៅពីនេះ​សម្រាប់​អ្នក​ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ក្នុង​ឆ្នាំ​២០២៣​ ​នឹង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ​និង​បំណុល​ឡើងវិញ​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​៥​។​

អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញនៅក្នុងរបាយការណ៍របស់​​ខ្លួន ដោយលើកឡើងថាមកដល់ពេលនេះ មានម​​​​​​ន្រ្តី​ចំនួន៣៦១នាក់បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយដោយមូលហេតុលាឈប់ពីការងារ-ចូ​ល​​និវត្តន៍ និងចប់អាណត្តិ។

សម្រាប់នាយិកាប្រតិបត្តិ ​នៃ​អង្គការ​គណៈកម្មាធិការ​ប្រឆាំង​អំពើ​ពុករលួយ​លោកស្រី ម៉ម ស៊ីថា ស្វាគមន៍​ចំពោះ​ការប្រកាស​ទ្រព្យសម្បត្តិ ប៉ុន្តែ​អ្នកស្រីយល់ឃើញ​ថា ការប្រកាស​ជាសម្ងាត់​ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​បែបនេះ ស្មើនឹង​មិន​បាន​ប្រកាស​ដដែល។លោកស្រីបន្តថា វិធី​នេះគឺគ្រាន់តែ​ជាផ្នែក​មួយ ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​កំពុង​ចាក់​​ស្រេះ​​​​​ជា​ប្រព័ន្ធ។

បើតាមលោកស្រី ម៉ម ស៊ីថា ​រដ្ឋាភិបាល​គួរ​​​ប្រើ​យន្តការ​បន្ថែម​ទៀត ​ដើម្បី​កាត់បន្ថយ​អំពើ​ពុករលួយ ជាពិសេស​បញ្ហា​បក្ខពួ​​ក​​​និយម និង​ការ​សូក​ប៉ាន់​ផ្សេងៗ។

លោកស្រីបន្តថា៖ «មិនមែន​តែ​អង្គភាព​មួយ​នេះ ប្រឆាំង​អំពើ​ពុករលួយ​មួយ​ប្រទេស​​បានទេ ទាល់តែ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ មន្ត្រី​រាជការ​ស៊ីវិល​ទាំងអស់ ចូលរួម​ក្នុង​ការ ប្រយុទ្ធ​ប្រឆាំង​​ បាន​ទៅរួច ។ចូលរួម​ផ្តល់​ព័ត៌មាន ឬ​ហៅថា ចូលរួម​លុបបំបាត់​វប្បធម៌​ស៊ីសំណូក ទៅ​ទាំង​អស់​បាន​មាន​ជំនឿ​ជឿជាក់។ធ្វើឲ្យ​គគ្រឹក​គគ្រេង ព្រោះ​អំពើ​ពុករលួយ​គគ្រឹកគ​​គ្រេង​​​​ណាស់ រឿង​អី​បាន​ជា​ការ​ប្រឆាំង​អំពើ​ពុករលួយ​មិន​គគ្រឹកគគ្រេង​ដូច​ពុករលួយ​សោះ»

រ​បា​យកា​​​​រ​​ណ៍​ថ្មីមួ​យ​​របស់​អង្គ​ការ​អន្ត​រ​ជាតិឃ្លាំ​មើល​អំពើ​ពុ​ករ​លួយ​ជាស​ក​ល ​​ដែលចេញផ្សាយកាលពីចុងឆ្នាំ ២០២២ រកឃើ​ញ​​​​ថា​ ៥ឆ្នាំ​ជាប់ៗ​គ្នាម​កនេះ​ ​កម្ពុ​ជាប​​ន្តជា​ប់​ចំ​ណាត់​ថ្នាក់​ជា​ប្រទេស​មា​ន​​​​​​អំពើពុករលួ​យជិតបា​តតា​​រា​ង បើទោះបី​ប្រទេ​ស​ក្រី​ក្រ​មួ​យ​នេះមាន​ច្បាប់​ប្រ​ឆាំង​អំពើ​ពុ​ករ​លួ​យសម្រាប់ទប់ស្កាត់​ក្ដី។

​ផ្ទុយពីនេះ ច្បាប់​ស្តី​ពី​​ប្រឆាំ​ងអំពើពុក​រលួ​យ ដែលដាក់ឱ្យប្រើកាលពីដើមខែ មេសា ឆ្នាំ២០១០ វិញ បាន​កំណត់ពីគោ​លបំ​ណងនៅក្នុងការលើ​កក​ម្ពស់​ប្រសិ​ទ្ធ​ភា​ព​នៃកា​រ​ដឹក​នាំ និងប្រឆាំងអំពើពុករលួយ​។

ជាងនេះទៀត បទដ្ឋានគតិយុត្តិនេះ តាក់តែងឡើងក្នុងន័យដើម្បី​ ពង្រឹង​អ​ភិបាល​កិច្ច​ នីតិរដ្ឋ​ នៅក្នុ​ង​ការដឹ​កនាំ​ និងការ​គ្រ​ប់គ្រងរ​ដ្ឋ ព្រមទាំ​ងរក្សា​ភាព​ស្អាត​ស្អំ និ​ង​យុ​ត្តិ​ធម៌​ជា​មូល​ដ្ឋាន​ចាំ​បាច់ ក្នុង​ការ​អភិវ​ឌ្ឍ​សង្គម​ជា​តិ ​ជាពិសេសកាត់ប​ន្ថ​យភា​ព​ក្រីក្រជាដើម។ក៏ប៉ុន្តែនៅ​ដើម​​ឆ្នាំ២០​២​៣នេះ​ ​ពោល​គឺ​​ជិត១៣ឆ្នាំ​ ​ក្រោយ​ច្បា​ប់​នេះ​ប្រកា​សឱ្យ​ប្រើ ​អង្គ​ការ​ត​ម្លាភា​ពអ​ន្តរ​ជាតិ ​(T​ra​​ns​parency Inte​rn​ation​al) ​បាន​ចេញ​ផ្សាយរ​បាយការ​ណ៍ថ្មីមួយ​ ដាក់​ចំណា​ត់​ថ្នាក់អំ​ពើពុករ​លួយនៅកម្ពុជា ឆ្នាំ​២០​២​២ ​ស្ថិត​នៅក្នុ​​​​​ងលេ​ខរៀង១​៥០ ​ក្នុងចំ​​ណោម​១៨​០ប្រទេ​ស ស្ថិ​តក្នុ​ងចំណាត់​ថ្នាក់ទី​២ ក្នុ​ងចំណោមប្រ​ទេស​ជា​ស​​មា​ជិ​កអា​ស៊ាន ​និង​​មានអំពើពុករលួយជាងគេលំដាប់លេខ៣ នៅតំបន់អា​ស៊ីប៉ាស៊ី​ហ្វិក​។​

ចំ​ណាត់ថ្នា​ក់​នេះធ្វើឱ្យ​ក​ម្ពុជា​ជាប់​​ក្នុងក​ម្រិត​ប្រ​ទេ​សមា​នអំពើ​​ពុករ​លួយធ្ងន់​ធ្ងរ​ ឬ​អា​ក្រក់​ ៥​ឆ្នាំ​ជា​ប់គ្នា​ ​បើទោះ​​​​​​បីជា​​ប្រទេ​​ស​​​​ក​ម្ពុជា​ទទួ​ល​បាន​ពិន្ទុ​កើ​នឡើ​ងពី ២​០ពិ​​ន្ទុ ក្នុ​ងឆ្នាំ​២​០​​១៨ ​​ដល់ ២​៤ពិ​ន្ទុ​ ក្នុង​ឆ្នាំ​២​​០​​២២ ​​ដែលពិ​ន្ទុ​១០០​ ជាចំ​ណា​ត់ថ្នា​ក់​​ពិ​ន្ទុ​ល្អ គ្មា​ន​អំពើពុករលួ​យយ៉ាងណាក្តី។

នាយកប្រ​តិប​ត្តិ នៃ​អ​ង្គកា​រ​ត​ម្លាភាព​កម្ពុជា  លោ​ក​ ប៉ិ​ច​ ពិសី ថ្លែងថា ការប្រកាសទ្រព្យសម្បត្តិ គឺជាឧបករណ៍មួយជួយធា​​នា​​គណនេយ្យភាពក្នុងការទទួលខុសត្រូវ និងតម្លាភាពនៃបុគ្គលសាធារណៈ ជាពិសេសគឺមន្ត្រីដែល​តែងតាំងដោយអា​ណ​​ត្តិដែលព​​លរដ្ឋបោះឆ្នោតជូន និងតំណែងមន្ត្រីសាធារណៈដែលមានការ​សម្រេចចិត្តកំពូលៗ។

ម្យ៉ាងវិញទៀត ការ​​ប្រកាសទ្រព្យសម្បត្តិនេះ អាចអនុញ្ញាតឱ្យពលរដ្ឋដឹងថាមន្ត្រីសាធារណៈ ឬបុគ្គលដែលបម្រើកា​​រងា​រជាតិ មានទ្រព្យសម្បត្តិអ្វីខ្លះក្នុងអំឡុងពេលដែលពួកគេបម្រើការងារ ឬមានប្រវត្តិច្បាស់លាស់ ដែលអាចឱ្យពលរដ្ឋជំរុញគណនេយ្យភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់បាន។ម្យ៉ាងវិញទៀត ដើម្បីប្រាកដថា អំពើពុករលួយអាចកាត់បន្ថយក្នុង​​កម្រិ​តអតិបរិមាទៅបាន គឺអាស្រ័យលើការសម្រេចចិត្តខាងនយោបាយ។ប្រសិនបើជំហរនយោបាយ មិនអាចធានា​​បា​​ន​​​ទេ មានន័យថាអំពើពុករលួយ នៅតែជាគ្រោះធំសម្រាប់ជាតិដដែល។

លោកបន្តថា«ការប្រកាសទ្រព្យសម្បត្តិគឺធ្វើឡើងតែចំពោះបុគ្គលសាធារណៈដែលមានអាណត្តិត្រូវប្រកាសប៉ុណ្ណោះ ឯគោលការណ៍ប្រកាសទ្រព្យសម្បត្តិជាសកលដែលថា ប្រកាសឱ្យត្រឹមត្រូវនិងមានគណនេយ្យភាពខ្ពស់នោះ គឺបុគ្គលអ្នកដែលត្រូវប្រកាសទ្រព្យសម្បត្តិនោះ ត្រូវប្រកាសខ្លួនឯងផង និងប្រកាសឱ្យក្រុមគ្រួសារផ្ទាល់ផងគឺមានន័យថា ជាប្រពន្ធឬប្តីនិងកូនបង្កើតត្រូវប្រកាសផងដែរ ហើយការប្រកាសត្រូវធ្វើឡើងជាសាធារណៈ។មានតែឆន្ទៈនិងការប្តេជ្ញាចិត្តផ្នែកន​​យោបាយដ៏មោះមុត ដើម្បីធ្វើកំណែទម្រង់នីតិរដ្ឋប៉ុណ្ណោះ ​ទើបអាចកាត់បន្ថយអំពើពុករលួយខ្នាតធំ ដែលនៅតែកើតមាន និងជាផលវិបាកបំផុតនៅក្នុងប្រ​ទេសកម្ពុជា »

បដិសេធនឹងការរិះគន់ចំពោះនីតិវិធី និងយន្តការនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលដែលធ្វើឡើងបែបអ​​សាធារ​​ណៈ​​នេះ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកថាការនេះគឺបានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយ និងទប់ស្តាត់អំពើពុករលួយ។លើសពីនេះទៅទៀត ការប្រកាសត្រូវអនុវត្តតាមច្បាប់ស្តីពីប្រឆាំងអំពើពុករលួ​​យ គឺការប្រកាសត្រូវធ្វើដោយសម្ងាត់ ហើយការប្រកាសដោយសម្ងាត់ ពិតជាមានប្រសិទ្ធភាព ព្រោះអង្គភាពប្រឆាំងអំពើពុករលួយ បានអនុវត្តការងារប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ។   

លោកបន្តថា៖ «ការប្រកាសទ្រព្យសម្បត្តិ និងបំណុលគឺពិតជាមានសារៈសំខាន់ ដែលជាផ្នែកមួយនៃការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ បន្ថែមលើនេះការប្រកាសទ្រព្យសម្បត្តិ និងបំណុលជាកាតព្វកិច្ចដែលមានចែងក្នុងច្បា​​ប់ស្តីពីការប្រឆាំងអំពើពុករលួយ។ជាច្បាប់ដែលអនុម័តដោយសភា មិនមែនជាការជ្រើសរើសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឡើយ »

បន្ថែមពីលើនេះ បញ្ញត្តិមាត្រា១៧ នៃច្បាប់ស្ដីពីប្រឆាំងអំពើពុករលួយ បានកំណត់ថាសំណុំ​ឯកសារ​ផ្ទាល់​ខ្លួន​ម្នាក់​ៗ​នៃ​អ្ន​​ក​​​ប្រកាស​ទ្រ​ព្យ​​ស​​ម្បត្តិ និងបំណុល​ត្រូវ​ទុក​ជាការ​សម្ងាត់​ខ្ពស់​បំផុត និងធ្វើ​ជាទម្រង់​អេឡិចត្រូនិក​ដោយ​មាន​លេខ​ស​​ម្ងាត់ ឬ​ធ្វើ​ជាលិខិត​​ពីរ​ច្បាប់​តាមគំរូ​ដែល​កំណត់​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយ​ដាក់​ក្នុង​ស្រោម​សំបុត្រ​ពីរ​ដាច់​ដោ​​យ​​​ឡែក​ពីគ្នា ដែល​មួយ​ច្បាប់រក្សាទុក​ដោយ​សាមី​ខ្លួន និង​មួយច្បាប់​ទៀត​រក្សាទុក​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

មិនតែប៉ុណ្ណោះ នៅក្នុងបញ្ញត្តិ នៃមាត្រាច្បាប់ដដែលនេះ បង្ហាញថា នីតិវិធីក្នុង​ការ​បើក​ស្រោម​សំបុត្របាន លុះត្រាតែប្រ​​ធា​​​ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បើកដើម្បីបុព្វ​ហេ​​តុ ​​នៃការ​ស៊ើប​អង្កេត​តាមការ​ចាំបាច់។

យ៉ាងនេះក្តី ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញផ្នេកច្បាប់នៅតែចាត់ទុកថា ការជ្រើសរើសនីតិវីធីប្រកាសទ្រព្យស​ម្បត្តិ​ និងបំណុលជាអសាធារណៈ និងសំងាត់នេះ មិនអាចទប់ស្កាត់អំពើពុករលួយបានទេ ព្រោះគ្មាននរណាដឹងថាមន្ត្រីទាំងនោះមានទ្រព្យសម្បតិ្តអ្វីខ្លះមុនពេលកាន់តំណែង កំពុងកាន់តំណែង និងក្រោយពេលកាន់តំណែងជាដើម។

អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើងថាកន្លងមកថ្នាក់ដឹកនាំអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថាការជ្រើសរើសយកវិធីប្រកាសជាអសាធារណៈ គឺដើម្បីសុវត្ថិភាពចំពោះបុគ្គលដែលបានប្រកាសនោះ។ក៏ប៉ុន្តែលោកចាត់ ​​​​​ទុ​ក​ហេតុផលនេះថាមិនទាន់សមរម្យ ឬុរឹងម៉ាំប៉ុន្មាន​នោះទេ។

បើតាមលោក វ៉ន ចាត់ឡូត ព្រោះតែហេតុផលការពារ ការប្រកាសបែបអសាធារណៈដូចនេះហើយ ទើបគេធ្វើឱ្យមន្ត្រី​​កំ​​ពូ​ល​​ៗជាច្រើន ក្នុងពេលបច្ចុប្បន្ននេះ គេមិនដឹងមានទ្រព្យសម្បត្តិប៉ុន្មានមុនពេលចូលកាន់តំណែង ហើយក្រោយ​​លា​​ឈប់​ពី​​​​តួនាទីមានទ្រព្យសម្បត្តិប៉ុន្មាន។

ប្រភពដដែលបន្តថា ក្នុងពេលយន្តការកាត់បន្ថយអំពើពុករលួយ មិនអាចធានាបាន កត្តានេះបានជំរុញឱ្យមានអំពើជួួញ​​ដូរមនុស្ស គ្រឿងញៀន អសន្តិសុខ និងការបំផ្លិចបំផ្លាញនានានៅក្នុងសង្គមជាតិ ហាក់មានរូបភាពធំធាត់ទៅៗ។

លោកបន្តថា៖« អញ្ចឹងអសាធារណៈរបស់យើងហ្នឹងហើយ ដែលវាបង្តើតឱ្យទៅជាកម្សោយនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រោះមិនដឹងថាអ្នកណា ជាអ្នកណា ហើយអនុវត្តយ៉ាងមិច ការស៊ើបអង្កេតហ្នឹងយ៉ាងមិច យើងអត់ដឹង!។រដ្ឋាភិបាលត្រូវតែក្លាហានក្នុងការកែសម្រួល ឱ្យមាននូវការប្រកាសទ្រព្យសម្បត្តិជាសាធារណៈហ្នឹង ហើ​​​​​ដាក់ទៅជាច្បាប់តែម្តង។ អ្នកដែលកាន់តួនាទីក្នុងអាណត្តិហ្នឹង ត្រូវតែប្រកាស »

មិនខុសគ្នា និស្សិត យុន ធីតា ដែលសិក្សាជំនាញផ្នែកច្បាប់នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ យល់ឃើញថា កា​​ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត គួរតែមានការប្រកាសជាសាធារណៈ។ក​​ញ្ញា​​បន្តថា ប្រជាពលរដ្ឋគួរតែដឹងឮពីរឿងនេះ ដើម្បីឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋ។

កញ្ញាបន្តថា៖ «ខ្ញុំគិតថា គួរតែមានការប្រកាសជាសាធារណៈ។ ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរតែដឹងឮពីរឿងនេះ ដើ​​ម្បី​​​ឱ្យមានតម្លាភាពរវាងស្ថាប័នរដ្ឋជាមួយប្រជាពលរដ្ឋក៏ដូចជាឱ្យប្រជាពលរដ្ឋបានដឹងឮនិងឈឺឆ្អាលពីបញ្ហាទាំងអស់នោះ​​​​ដែរ »

ដោយឡែក បញ្ញត្តិមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ បានចែងថា ជនណាដែលមិនបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល ឬបានប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិរបស់ខ្លួនទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ត្រូវផ្តន្ទាទោស ដាក់ពន្ធ​នា​គារ​​ពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លាន​រៀល ហើយត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ ជូនអង្គភាពប្រឆាំងអំពើពុករលួយ។ក្នុងករណីរឹងរូសមិនព្រម ប្រកាសទ្រព្យសម្បត្តិទៀត ត្រូវផ្តន្ទាទោសទ្វេដង៕