សមាជិកគណបក្សភ្លើងទៀនចំនួន៦នាក់ នៅថ្ងៃទី១៥ ខែកញ្ញា ត្រូវបានតុលាការខេត្តបន្ទាយមានជ័យសម្រេចចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តពាក់ព័ន្ធនឹងបទចោទ «ញុះញង់» ខណៈសមាជិកគណបក្សនេះចំនួន១៧នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយគ្នា តុលាការបានបង្គាប់ឱ្យដោះលែងវិញ ជាថ្នូរនឹងការផ្ដិតមេដៃ។
អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន មានប្រសាសន៍ ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃនេះថា មានសមាជិកគណបក្សចំនួន៦នាក់ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំនៅមូលដ្ឋាប្រចាំខេត្តបន្ទាយមានជ័យ មានដូចជា លោក ស៊ិន វត្ថា ប្រធានប្រតិបត្តិខេត្តជាដើម ត្រូវបានតុលាការឃុំខ្លួនជុំវិញបទចោទញុះញង់។
លោកបន្តថា៖ «គេដោះលែង១៧នាក់ នៅសល់៦នាក់ តុលាការបានបញ្ជូនគាត់ទៅពន្ធនាគារឃុំខ្លួនហើយ ចោទប្រកាន់ពីបទ ញុះញង់» ។
អនុប្រធានគណបក្សជំទាស់រូបនេះ ថា មានសមាជិកគណបក្សភ្លើងទៀនចំនួន២៣នាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៩ និងទី១០ ខែកញ្ញាឆ្នាំ២០២៣។លោក រ៉ុង ឈុន បានបដិសេធការចោទប្រកាន់នានាលើមន្រ្តីក្នុងគណបក្សរបស់លោក និងចាត់ទុកថាអាជ្ញាធរកម្ពុជាកំពុងប្រើប្រាស់ការគំរាមកំហែងថ្មីមួយលើសកម្មជនបក្សប្រឆាំង ក្នុងពេលពួកគេដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីគាំទ្របង្កើតគណបក្សនយោបាយថ្មី ដែលមានឈ្មោះថា «បញ្ញាទំនើប» ។
លោកបន្តថា៖ «វាមិនមានរឿងកំហុសឆ្គងអី រហូតឃាត់ខ្លួនដាក់ពន្ធនាគារទេ។ គ្រាន់តែការដើរយកស្នាមមេដៃបង្កើតគណបក្សថ្មីមួយដែលមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ បង្រ្គប់ចំនួន៤ពាន់នាក់»។
ចំណែក អ្នកស្រី សួន សោម៉ាលី ដែលត្រូវជាភរិយាលោក ស៊ិន វត្ថា ជាសកម្មជនម្នាក់ក្នុងចំណោមអ្នកទាំង៦នាក់ដែលត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួនបានបដិសេធក្នុងការអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មានអំពីករណីនេះ។
លោក ស៊ិន វត្ថា គឺជាអតីតគ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោក ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ ក្រោមហេតុផលថា ប្រព្រឹត្តខុសនឹងវិជ្ជាជីវៈមន្ត្រីរាជការ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្តែក្រសួងអប់រំ យុវជន និងកីឡា ពុំបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ចំពោះការលុបឈ្មោះនេះទេ។
យ៉ាងនេះក្តី លោក ស៊ិន វត្ថា ធ្លាប់អះអាងប្រាប់ Newsroom Cambodia ថា ក្នុងអាជីពជាគ្រូបង្រៀន លោកមិនធ្លាប់បានប្រព្រឹត្តអំពើពុករលួយ យកលុយសិស្សតាមរយៈការលក់ក្រដាសនោះទេ ហើយលោកក៏បានបែងចែកពេលវេលាច្បាស់លាស់រវាងការងារបង្រៀនសិស្ស និងការងារបក្សដែរ។
គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក រឿន លីណា អ្នកនាំពាក្យតុលាការខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។
ជុំវិញបញ្ហានេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់ប្រាប់ក្រុមបណ្តាញព័ត៌មានក្នុងស្រុកថា ការចាប់ខ្លួននេះ គឺសមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការដាក់បន្ទុកដែលរកឃើញថាអ្នកទាំងនោះ ពិតជាមានពិរុទ្ធភាពមែន។
ប្រភពដដែល បញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញា អ្នកដែលត្រូវចាប់ខ្លួនចំនួន១៧នាក់ក្នុងចំណោម២៣នាក់ ត្រូវបានដោះលែងវិញហើយដែលភាគច្រើនមានតួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់ បន្ទាប់ពីបានចុះហត្ថលេខាលើឯកសារកិច្ចសន្យាថា ពួកគេមិនបានពាក់ព័ន្ធនឹងបទល្មើសនោះទេ។
បញ្ញត្តិមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មជនក្នុងជីវភាពន យោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។សេចក្ដីស្នើទាំងឡាយណាពីប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានអនុញ្ញាតឱ្យបង្កើតគណបក្ស «បញ្ញាទំនើប» នេះរួចមកហើយ កាលពីថ្ងៃទី ១៨ ខែសីហាឆ្នាំ២០២៣ ដោយតម្រូវឱ្យស្ថាបនិកគណបក្សនេះ គឺលោក អ៊ឹម សូនិតស្វែងរកស្នាមមេដៃអ្នកគាំទ្រឱ្យបានគ្រប់ចំនួន ដូចដែលច្បាប់ស្តីពីគណបក្សនយោបាយបានកំណត់។ផ្ទុយទៅវិញ ស្ថាបនិក គណបក្សថ្មីថ្មោងទាំងនេះ ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់ »។
បើទោះជាបែបណា ក្រោយឃាត់ខ្លួនភ្លាមៗ គណបក្សភ្លើងទៀន បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែកញ្ញា ដោយសម្ដែងការសោកស្ដាយចំពោះសកម្មជន និងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ជាច្រើននាក់ នៅតែត្រូវទទួលរង់ការកៀបសង្កត់ និងគំរាមកំហែងពេលធ្វើសកម្មភាពរបស់ខ្លួនដែលស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានារបស់ប្រទេសកម្ពុជា បើទោះបីជាគណបក្សនេះមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ក៏ដោយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc)លោក ស៊ឹង សែនករុណា ចាត់ទុកសកម្មភាពរបស់អាជ្ញាធរនេះថាជាការធ្វើទុក្ខបុកម្នេញលើពលរដ្ឋដែលមាននិន្នាការប្រឆាំងបក្សកាន់អំណាចប្រសិនបើពួកគេប្រើប្រាស់សិទ្ធិ តាមរយៈដើរប្រមូលស្នាមមេដៃពលរដ្ឋ ដើម្បីបង្កើតគណបក្សនយោបាយមួយដែលពួកគេពេញចិត្ត ហើយស្របទៅតាមច្បាប់ដែលបានកំណត់ទៀត។
លោកបន្តថា៖«ករណីនេះពិនិត្យមើលទៅបើសិនជាការចាប់ខ្លួនហ្នឹង គ្រាន់តែដើរផ្ដិតមេដៃ ដើម្បីបង្កើតគណបក្សនយោបាយ ហើយចោទប្រកាន់បទល្មើសហ្នឹង។ ខ្ញុំគិតថាវាហាក់ដូចជាមានការរឹតត្បិត ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយទៅលើសកម្មជនគណបក្សជំទាស់។ ការចោទប្រកាន់ផ្លូវច្បាប់ទាំងអស់នេះគ្រាន់តែជាការរឹតត្បិតលើសេរីភាព» ។
ច្បាប់ស្តីពីគណបក្សនយោបាយ បញ្ញត្តិមាត្រា៩ កំណត់ថា ប្រជាពលរដ្ឋខ្មែរយ៉ាងតិច៨០នាក់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងមានទីលំនៅអចិន្ត្រៃយ៍នៅកម្ពុជាមានសិទ្ធបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រសួងមហាផ្ទៃ។
ចំណែក មាត្រា១៩ នៃច្បាប់ដដែលនេះ ចែងថា ដើម្បីទទួលបានសុពលភាព គណបក្សនយោបាយត្រូវសុំចុះបញ្ជីគណបក្សនយោបាយ ដោយត្រូវមានសមាជិកយ៉ាងតិច៤ពាន់នាក់(៤,០០០) មកពីតាមបណ្ដាខេត្តក្រុងមួយចំនួន៕