ក្រុមមេដឹកនាំនយោបាយគណបក្សជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស ស្នើរដ្ឋាភិបាលកម្ពុជាប្រគល់ទិដ្ឋាការឱ្យពួកគេដើម្បីត្រលប់មកប្រទេសកម្ពុជាវិញ ហើយបង់ប្រាក់ពិន័យតាមការបង្គាប់ពីស្ថាប័នរៀបចំការបោះឆ្នោត។
មនុស្សជំនិត លោក សម រង្ស៊ី និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការរំលាយ លោក ម៉ែន សុថាវរិន្រ្ទ បញ្ជាក់ថាមេដឹកនាំនយោបាយបក្សប្រឆាំង មាន លោក សម រង្សី, លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ជាដើម នឹងធ្វើដំណើរមកកម្ពុជាវិញ ប្រសិនបើរដ្ឋាភិបាលថ្មីក្រោមការដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដល់ទិដ្ឋាការដល់ពួកគេ។
លោកបន្តថា មនុស្សជិត ៤០នាក់ ជាថ្នាក់ដឹកនាំគណបក្សនយោបាយមួយនេះ និងជាយុវជន ដែលកំពុងរស់នៅនិរទេសខ្លួននៅឯក្រៅប្រទេសបានរងការពិន័យជាប្រាក់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។ តែយ៉ាងណា លោកថា ក្រុមអ្នកនយោបាយទាំងនេះ នៅពុំទាន់ដឹងទេថាតើស្ថាប័នរៀបចំការបោះឆ្នោត រកឃើញថាពួកគេបានប្រព្រឹត្តកំហុសអ្វីនោះ។
លោក ម៉ែន សុថាវរិន្រ្ទ និយាយថា៖ «បើសិនជាឱ្យវីសា[ទិដ្ឋាការ]ពួកគាត់ចូល[កម្ពុជា] ពួកគាត់ទាំង៤០នាក់ហ្នឹង មានជាពិសេសលោក សម រង្សី អេង ឆៃអ៊ាង មូរ សុខហួរ ជាដើមហ្នឹង បើសិនរដ្ឋាភិបាលផ្ដល់ទិដ្ឋាការឱ្យគាត់ ពួកគាត់នឹងត្រលប់ទៅ[កម្ពុជា]។ ហើយបើដឹងថាពិន័យរឿងអី បើឱ្យវីសាពួកគាត់ចូល ពួកគាត់នឹងចូលទៅដើម្បីទៅបង់ ប្រសិនបើដឹងថាខុស យើងទៅបង់នៅស្រុកខ្មែរហ្នឹងហ្មង ចឹងបើបានវិសាពួកគាត់នឹងទៅភ្លាម»។
ក្នុងលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យរបស់ គ.ជ.ប. ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា មានមនុស្ស ៣៧នាក់ រងការពិន័យជាប្រាក់ចំនួន ១០លានរៀល និងម្នាក់ទៀតគឺ លោក សម រង្ស៊ី រងការពិន័យចំនួន២០លានរៀល។ ក្នុងលិខិតនោះ ឱ្យដឹងដែរថា អ្នកត្រូវរងពិន័យទាំងនោះមានដូចជា លោក សម រង្សី, លោក អេង ឆៃអ៊ាង, លោក គង់ សភា,លោក ឆាំ ឆានី និង លោក សេង ម៉េងប៊ុនរ៉ុង ព្រមទាំងមានឈ្មោះអ្នកវិភាគនយោបាយគឺ លោក គឹម សុខ ផងដែរ។
អ្នកនាំពាក្យ គ.ជ.ប. លោក សោម សូរីដា មានប្រសាសន៍ថា ស្ថាប័នរៀបចំការបោះឆ្នោតបានរកឃើញថា មនុស្សជិត៤០នាក់នេះ បានប្រព្រឹត្តខុសទៅនឹងច្បាប់ស្ដីពីការជ្រើសតាំងតំណាងរាស្រ្តត្រង់មាត្រា១៤២ថ្មី ដែលដាក់ពិន័យជាប្រាក់ ព្រមទាំងអាចដកហូតសិទ្ធិបោះឆ្នោតយ៉ាងតិច ៥ឆ្នាំ លើបុគ្គលណាដែលញុះញង់ពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោតចោល។
លោកបញ្ជាក់ថា៖ «នៅក្នុងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត គឺមានចែងអំពីការពិន័យលើបុគ្គលដែលប្រព្រឹត្តបទញុះញង់ ណែនាំពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត»។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា ករណីស្នើសុំទិដ្ឋាការនេះ ជាដែនសមត្ថកិច្ចរបស់រដ្ឋាភិបាល ហេតុនេះ គ.ជ.ប. ពុំមានសិទ្ធិប្រគល់ទិដ្ឋាការឱ្យក្រុមអ្នកនយោបាយជំទាស់នេះនោះទេ។
នៅក្នុងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលបានកែប្រែនៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមួយខែ បានកំណត់ថា ជនណា ឬគណបក្សនយោបាយណាដែលណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬគណបក្សនយោបាយ និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតរយៈពេល ៥ឆ្នាំ ឬគណបក្សនយោបាយ អាចត្រូវដកសិទ្ធិមិនឱ្យចូលរួមការបោះឆ្នោត ៥ឆ្នាំយ៉ាងតិច។
ពាក់ព័ន្ធនឹងការស្នើសុំទិដ្ឋាការរបស់មេដឹកនាំនយោបាយនៅក្រៅប្រទេសនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់ក្រសួងយុត្តិធម៌ជំនួស ក្រោមហេតុផលថា ករណីនេះពាក់ព័ន្ធនឹងផ្លូវច្បាប់។
ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្រសួងគ្មានសិទ្ធិផ្ដល់ទិដ្ឋាការនោះទេ។ លោកប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់ក្រសួងការបរទេស និងអ្នកនាំពាក្យរដ្ឋាភិបាលវិញ។
គេហទំព័រ Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយពី លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេសបាននោះទេ ដោយទូរសព្ទចូល ប៉ុន្តែគ្មានអ្នកទទួល។
ជុំវិញការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍នេះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយលោក សម រង្ស៊ី ក៏បានប្រកាសពីគោលបំណងក្នុងការធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមសវនាការតាមដីកាកោះរបស់តុលាការផងដែរ ប៉ុន្តែលោកទាមទារឱ្យ លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីកម្ពុជាមានភាពក្លាហានក្នុងការបើកផ្លូវឱ្យលោកចូលកម្ពុជាវិញ ដោយគ្មានការរារាំង ជាពិសេសលុបចោលបម្រាមដែលធ្លាប់បិទផ្លូវលោកមិនឱ្យវិលចូលស្រុកកន្លងមក។
លោក សម រង្ស៊ី លើកឡើងថា ប្រសិនបើលោក ហ៊ុន សែន ចង់ឱ្យលោកចូលខ្លួនមកកម្ពុជាប្រាកដមែន អតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវលើកបម្រាម ៣ចំណុច ដល់រូបលោកជាមុនសិន។
បើតាមអ្នកនយោបាយចាស់វស្សារបស់បក្សប្រឆាំងរូបនេះ បម្រាមទាំង៣នោះ រួមមាន ការហាមឃាត់ មិនឱ្យក្រុមហ៊ុនអាកាសចរណ៍នានាដឹកលោកមកកាន់អាកាសយានដ្ឋានណាមួយនៅកម្ពុជា។ លុបចោលបម្រាមដែលលោក ហ៊ុន សែន បានស្នើទៅរដ្ឋាភិបាលថៃហាមឃាត់រូបលោកមិនឱ្យធ្វើដំណើរឆ្ពោះមកកាន់កម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីថៃ។ ចុងក្រោយ ត្រូវលុបចោលបម្រាមដែលរដ្ឋាភិបាលមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរទូទៅមកទទួលស្វាគមន៍លោក តាមការស្ម័គ្រចិត្ត នៅពេលមកដល់កម្ពុជា។
តែយ៉ាងណា លោកហ៊ុន សែន ធ្លាប់ប្រកាសថា នឹងមានការចាប់ខ្លួន បើលោកសម រង្ស៊ី ត្រឡប់ចូលស្រុក៕