ស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិរបស់ប្រទេសហូឡង់ ​ទទួល​យក​ពាក្យបណ្ដឹងមួយ​ របស់អង្គការសង្គមស៊ីវិលចំនួន ២នៅ​​កម្ពុជា ដែលបានចោទ​​ក្រុមហ៊ុនវិនិយោគសង្គមអន្តរជាតិ Oikocredit ថាបានរួមចំណែកធ្វើឱ្យមានការ​រំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា។

កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការមិនមែនរដ្ឋាភិបាល​នៅកម្ពុជាចំនួន២ រួមមាន អង្គការ​សមធម៌កម្ពុជា និងអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ (អង្គការលីកាដូ) រួមទាំងអង្គការ​មួយទៀតនៅក្នុងប្រទេស​អាល្លឺម៉ង់ គឺអង្គការ FIAN អាឡឺម៉ង់ បានដាក់ពាក្យបណ្តឹងរួមគ្នា​មួយ​ទៅស្ថាប័នទទួលពាក្យបណ្តឹងថ្នាក់ជាតិហូឡង់ ដោយចោទក្រុមហ៊ុន Oikocreditដែលជាអ្នកវិនិយោគសង្គមអន្តរជាតិមានមូលដ្ឋានៅក្នុងប្រទេសហូឡង់ ថាបានរួមចំណែក​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​នៃការរំលោភសិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរបស់អង្គការទាំង២ នៅកម្ពុជា​ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា​ ការដាក់ពាក្យបណ្ដឹងនេះ ក្រោយមាន​ភស្តុតាងជាសាធារណៈយ៉ាងច្រើន​ ស្ដីពីការរំលោភសិទ្ធិមនុស្សជាច្រើន​ និងជាលក្ខណៈប្រព័ន្ធនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងនោះក៏មាន​ពាក់ព័ន្ធនឹងការរំលោភបំពាន​ទៅលើ​អ្នកផ្ដល់កម្ចីឥណទានខ្នាតតូច ដែល​ទទួលបានមូល​និធិហិរញ្ញវត្ថុផ្ទាល់ពីក្រុមហ៊ុន Oikocredit។

ប្រភពដដែល សង្កត់ធ្ងន់ថា បណ្ដឹងនេះ បានចោទប្រកាន់ក្រុមហ៊ុន Oikocredit ថា បានដឹងពីរបាយ​ការណ៍នៃការផ្ដល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ច ការប្រមូលឥណទានដោយបង្ខំ និងផលប៉ះពាល់​ផ្សេងទៀត​ចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែនៅតែបន្ត និងបង្កើនការវិនិយោគរបស់ខ្លួនកាន់​តែច្រើនទៀតក្នុង​ឆ្នាំ២០២២។

សេចក្តីថ្លែងការណ៍រួមបញ្ជាក់ទៀតថា ស្ថាប័ន​ទទួល​ពាកក្យបណ្ដឹងថ្នាក់ជាតិហូឡង់ សម្រាប់ការទទួលខុសត្រូវ​សកម្មភាពអាជីវកម្ម បានសម្រេចនៅក្នុងការវាយតម្លៃដំបូងរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣​ថា ពាក្យបណ្ដឹងនេះគឺ «សមហេតុផលសម្រាប់ការត្រួតពិនិត្យបន្ថែមទៀត»។

នាយិកា​ទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក បានលើកឡើង​​​នៅក្នុង​សេចក្ដីថ្លែងការណ៍រួមនោះ​ថា៖ «ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា កើតមានកាន់តែខ្លាំងឡើងៗអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ខណៈដែលវិនិយោគិនបរទេសតែងមើលរំលងបញ្ហានេះ»។ 

អ្នកនាង​បន្តថា៖ «ក្រុមហ៊ុន និងវិនិយោគិនផ្សេងទៀត បានអះអាងពីការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់សហគមន៍ដែលមានចំណូលទាប ដូច្នេះយើងរំពឹងថា ពួកគេនឹងដោះស្រាយបញ្ហាប្រឈមទាំងនេះពិតប្រកដ សម្រាប់អ្នកខ្ចីប្រាក់ដែលរងគ្រោះជាច្រើនមកហើយ»។

ក្នុងសេចក្ដីថ្លែងការណ៍របស់អង្គការទាំង២ លើកឡើងបន្តថា ជំហានបន្ទាប់នៃដំណើរការទទួលពាក្យបណ្ដឹង គឺជាការជួបសន្ទនាគ្នារវាងភាគី​ ដូចជា ​សម្របសម្រួល ឬការផ្សះផ្សា ដែលស្ថាប័នទទួលពាក្យបណ្ដឹងថ្នាក់ជាតិហូឡង់ បានស្នើឱ្យមានការសម្របសម្រួល។

នាយក​កិច្ចការទូទៅ​​នៃ​អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កម្ចីបែបកេងប្រវ័ញ្ចបាន​បណ្ដាលឱ្យពលរដ្ឋកម្ពុជាធ្លាក់ចូលក្នុងបំណុលវ័ណ្ឌករ ហើយ​ពួកគេព្យាយាមសន្សំប្រាក់សម្រាប់​សងបំណុលទាំងនោះ។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន Oikocredit មានការពាក់ព័ន្ធក្នុងការទទួលខុសត្រូវលើប្រជាពលរដ្ឋកម្ពុជា​ដែលបង្ខំចិត្តលក់ដី និង​ចំណាក​ស្រុក​ដោយ​បង្ខំ​ ដើម្បី​មាន​ប្រាក់​សង​ធនាគារ។

លោក សំអាត និយាយថា៖ «គេមិនឱ្យមានការបង្ខំឱ្យលក់ដីទេ តែយើងរកឃើញទៅមានការបង្ខំឱ្យលក់ដី មិនឱ្យមានពលកម្មកុមារ​ ដល់យើងរកទៅឃើញមានពលកម្មកុមារ មិនឱ្យមានប៉ះពាល់ដល់សុខភាព បើសិនជាគាត់កាត់បន្ថយអាហារ វាមិនប៉ះពាល់សុខភាពមិនឱ្យមានចំណាកស្រុកដោយបង្ខំ តែបើគាត់អត់លុយគាត់ធ្វើចំណាកស្រុកដោយមិនត្រឹមត្រូវដោយបង្ខំអានឹងក៏វាប៉ះពាល់ដែរការដាក់ប្លង់ដីធនា ក៏វាជាហានិភ័យក្នុងការបាត់ដីថ្ងៃមុខដែរ»

ពលរដ្ឋខ្មែរ​​ម្នាក់ ដែល​កំពុងដាក់លក់ដីដើម្បីសងបំណុលមីក្រូហិរញ្ញវត្ថុ លោក អ៊ួច សុជាតិ ​អាយុ ៤៥ឆ្នាំ និយាយថា បច្ចុប្បន្ននេះ លោកបានធ្វើការងារចំនួន ២កន្លែង គឺជាសន្តិសុខវេនយប់និងថ្ងៃ។ លោក​បន្ថែម​ថា ជារៀងរាល់ថ្ងៃ លោកដាក់បាយពីផ្ទះ​ដើម្បីសន្សំប្រាក់បង់មីក្រូហិរញ្ញវត្ថុដែលលោកខ្ចីចំនួន ៣៥ ០០០​​ដុល្លារ សម្រាប់ចាក់ដីជុំវិញផ្ទះ និងរៀបការកូនស្រីកាល​ពីពេលកន្លងទៅ។ 

ជាពលរដ្ឋរស់នៅភូមិ ព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលរូបនេះ បន្តថា ប្រពន្ធរបស់លោកត្រូវបានរោងចក្រព្យួរការងារ ខណៈលោក​ធ្វើការចំនួន ២កន្លែង​នេះ អាច​រក​ចំណូល​បាន ៤០០​ដុល្លារ​ក្នុងមួយខែ ប៉ុន្តែត្រូវបង់ធនាគារចំនួន ៣០០ដុល្លារ។ លោក​បន្តថា លោកបានដាក់លក់ផ្ទះ ដើម្បីយកប្រាក់បង់ធនាគារអស់រយៈពេលរាប់ខែមកហើយប៉ុន្តែគ្មានអ្នកចាប់អារម្មទិញនោះទេ។  

លោក សុជាតិ និយាយ​ថា៖ «យើងធ្វើការយើងដល់ខែបានយើងបានបើកប្រាក់ខែ ហើយយកមកគ្រាន់ទូទាត់ឱ្យគេ ហើយរាល់ថ្ងៃយើងហូបប្រចាំថ្ងៃអត់មានរកអី យើងសន្សំសំចៃ ដាក់បាយយកទៅហូប ខ្សត់ខ្សោយតែមិនដឹងធ្វើម៉េចបើ​យើងខ្ចីគេ»

​អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ លោក​ កាំង តុងងី ទទួលស្គាល់ថា ពិត​ជាមាន​ករណីមន្រ្តីមីក្រូហិរញ្ញវត្ថុប្រព្រឹត្តខុស​ក្រមសីលធម៌លើអ្នកខ្ចីប្រាក់។ ប៉ុន្តែ លោក​ថា ករណីនេះមាន​ចំនួនតិចតួច ហើយលោក​ជំទាស់ទៅនឹងការរកឃើញថាមានផ្ដល់កម្ចីបែបកេងប្រវ័ញ្ចជាប្រព័ន្ធនៅកម្ពុជា។

លោក តុងងី ថ្លែង​ថា៖ «កន្លងមកអ្វីដែលសមាគមរកឃើញ គឺមិនមានលក្ខណៈកេងប្រវ័ញ្ច រំលោភ​​បំពាជាប្រព័ន្ធទេ គឺករណីដែលយើងរកឃើញគឺចំនួនតូច ដែលបុគ្គលប្រព្រឹត្តខុសក្រមសីលធម៌ ប្រព្រឹត្តខុសពីក្រមប្រតបត្តរបស់វិស័យ»

ចំណែក អ្នកនាំពាក្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិល​ស៊ី អ្នកស្រី ស្វឺយ សុឌីណា មានប្រសាសន៍​ថា ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី មាន​គោលការណ៍ក្នុងការការពារអតិថិជន ហើយ​ប្រសិនបើរកឃើញបុគ្គលិកប្រព្រឹត្តខុសនឹង​ក្រមប្រតិបត្តិ នឹងរងការបញ្ឈប់ពីការងារ។

អ្នកស្រីថា៖ «យើងមានការត្រួតពិនិត្យយ៉ាងតឹងរឹង និងទៀងទាត់ទៅលើការអនុវត្តតាមក្រមប្រតិបត្តិ និងគោលការណ៍ការពារអតិថិជន»

កន្លងមក មន្រ្តីសង្គមស៊ីវិល លើកឡើងថា កម្ចីបែបកេងប្រវ័ញ្ច គឺជា​ការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្ចីប្រាក់​ដោយពុំបានសិក្សាគ្រប់ជ្រុងជ្រោយពីលទ្ធភាពបង់ប្រាក់ត្រលប់វិញ ដែល​ករណីនេះបណ្ដាលឱ្យប្រជាពលរដ្ឋជាច្រើននាក់ ពុំមានលទ្ធភាពដោះបំណុល ដោយ​ពួកគេខ្លះត្រូវ​ចំណាក​​ស្រុក កាត់​បន្ថយ​របប​អាហារ​សម្រាប់សន្សំប្រាក់បង់ធនាគារ និងបង្ខំឱ្យកូនឈប់រៀនដើម្បី​ទៅ​បម្រើ​ការងារដែលជាទម្រង់ពលកម្មកុមារជាដើម។ មន្រ្តីឥណទានមួយចំនួន បានគំរាម​កំហែង និងបង្ខំពលរដ្ឋ ដាក់លក់ដីដើម្បីបង់ប្រាក់ធនាគារផងដែរ។

កាលពីខែកុម្ភៈ ឆ្នាំ២០២២ អង្គការសមធម៌កម្ពុជា និងអង្គការលីកាដូ ក៏បានដាក់ពាក្យបណ្ដឹងមួយ​ ក្នុងនាមពលរដ្ឋកម្ពុជាអ្នកខ្ចីប្រាក់ ទៅកាន់​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ដោយចោទប្រកាន់គ្រឹះ​ស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា ថា​បាន​រួមចំណែកបណ្ដាលឱ្យពលរដ្ឋកម្ពុជាដែលជា​អ្នកខ្ចីប្រាក់ជួបប្រទះផលវិបាក។ បច្ចុប្បន្ន​ IFC កំពុងស្ថិតក្នុងដំណាក់កាល ស៊ើបអង្កេតអំពីអនុលោមភាព។

គ្រឹះស្ថានផ្ដល់ប្រាក់​កម្ចីនៅប្រទេសកម្ពុជា ដែលរងការស៊ើបអង្កេត​ទាំងនោះ មាន​ដូច​ជា ធនាគារ​​អេស៊ី​លីដា ​ធនាគារ​ហត្ថា ​ធនាគារ​ស្ថាបនា ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​អម្រឹត ​អិល​អូអិល​ស៊ី ​និង​ប្រាសាក់។ គ្រឹះស្ថានទាំងនេះ រងការចោទ​​ពាក់ព័ន្ធនឹងការរំលោភបំពានស្តង់ដាអនុវត្តរបស់​សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ជុំវិញការគ្រប់គ្រងផលប៉ះពាល់ ហានិភ័យ បរិស្ថាន សង្គម សុខភាព និងលទ្ធភាព៕