ក្រសួងការងារ ឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ រថយន្តដឹកកម្មកររោងចក្រ បានជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក បណ្ដាលឱ្យមានកម្មការិនីម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង ១៦០នាក់ ហើយករណីនេះ មន្រ្តីសង្គមស៊ីវិល ទាមទារឱ្យរឹតបន្តឹងលើអ្នកបើកបររថយន្ត ដើម្បីជៀសវាងគ្រោះថ្នាក់។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានប្រាប់ Newsroom Cambodia តាមបណ្តាញសង្គមតេឡេក្រាមថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានកម្មការិនីម្នាក់ស្លាប់ កម្មករកម្មការិនី ចំនួន ៣២នាក់ រងរបួសធ្ងន់ និងកម្មករកម្មការិនី ចំនួន ១២៩នាក់ រងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករ។
លោកបន្តថា រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ ភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកត្តាយានយន្តចាស់ពេក មិនស្របតាមលក្ខណៈបច្ចេកទេស។
រដ្ឋមន្រ្តីរូបនេះ លើកឡើងទៀតថា ដើម្បីទប់ស្កាត់កុំឱ្យមានរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍បន្តទៀត ក្រសួងការងារ បានរៀបចំជនបង្គោលក្នុងការចុះផ្សព្វផ្សាយពីសុវត្ថិភាពផ្លូវគោកតាមបណ្ដារោងចក្រសហគ្រាស និងបានណែនាំឱ្យមានការកែច្នៃរថយន្តមានកៅអីសម្រាប់ដឹកកម្មករព្រមទាំងមានលក្ខណៈត្រឹមត្រូវ។ ក្រៅពីនោះ លោកថា ក្រុមជនបង្គោលក៏បានចុះពិនិត្យបច្ចេកទេសយានយន្ត និងរៀបចំឱ្យមានប្រធានក្រុមរថយន្តដឹកកម្មករតាមតំបន់រោងចក្រ ដើម្បីងាយស្រួលគ្រប់គ្រងលើអ្នកបើកបរផងដែរ។
ជុំវិញករណីគ្រោះថ្នាក់លើកម្មករនេះ ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ មានប្រសាសន៍ថា អាជ្ញាធរគួរមានវិធានការតឹងរឹងលើអ្នកបើកបរ ដើម្បីធានាថាពួកគេមិនបើកលើសល្បឿនកំណត់ និងមិនដឹកកម្មករលើសចំណុះ ជាពិសេសចៀសវាងយកបុគ្គលិកប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងទៅដឹកកម្មករ។
លោកបញ្ជាក់ថា៖ «អ្នកបើកបរទាំងអស់ឱ្យត្រូវគោរពច្បាប់រួមបញ្ចូលទាំង មិនបើកលឿន មិនវ៉ាខុសបច្ចេកទេស មិនដាក់លើសចំណុះ ហើយមិនរំលោភច្បាប់ចរាចរណ៍ ជាពិសេស មិនឱ្យមានអ្នកប្រើប្រាស់គ្រឿងញៀន ឬក៏អ្នកស្រវឹងទៅបើកដឹកពួកគាត់»។
តាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង បានកើតឡើងសរុបចំនួន ៣ ២៧៥ ករណី ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ៦៣ នាក់ របួសធ្ងន់ ៨៥៤ នាក់ និងរងរបួសស្រាលចំនួន ៣ ១៣៩ នាក់។
ជាមួយគ្នានេះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតក្នុងគ្រប់វិស័យទូទាំងប្រទេសក្នុងឆ្នាំ២០២២ គឺមានសរុបចំនួន ៥ ១៥៨ ករណី ក្នុងនោះអ្នករងរបួសស្រាលមាន ៤ ២៧១ នាក់ របួសធ្ងន់ ១ ៦២៤ នាក់ និងស្លាប់ចំនួន ១៥៦ នាក់ ខណៈតួលេខនេះ បើធៀបនឹងឆ្នាំ ២០២១ គឺមានការកើនឡើងចំនួន ១ ៨៩០ ករណី ស្មើនឹង ៥៨%។ នេះបើតាមរបាយការណ៍របស់ ប.ស.ស៕