ក្រសួងការងារ ឱ្យដឹងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ រថយន្តដឹកកម្មកររោង​ចក្រ​ បាន​ជួប​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ចំនួន ៦លើក បណ្ដាលឱ្យមានកម្មការិនី​​​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជាង ១៦០នាក់ ហើយករណីនេះ មន្រ្តីសង្គមស៊ីវិល ទាមទារឱ្យរឹតបន្តឹងលើ​អ្នកបើកបររថយន្ត ដើម្បីជៀសវាង​គ្រោះថ្នាក់។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ​ បានប្រាប់ Newsroom Cambodia តាមបណ្តាញសង្គមតេឡេក្រាមថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានកម្មការិនីម្នាក់ស្លាប់ ​កម្មករ​កម្មការិនី ចំនួន ៣២នាក់ រងរបួសធ្ងន់ និងកម្មករកម្មការិនី ចំនួន ១២៩នាក់ រងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករ។

លោកបន្តថា រថយន្តដឹកកម្មករជួបគ្រោះថ្នាក់ ភាគច្រើនកើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងកត្តាយានយន្តចាស់ពេក មិនស្របតាមលក្ខណៈបច្ចេកទេស។

រដ្ឋមន្រ្តីរូបនេះ លើកឡើងទៀត​ថា ដើម្បីទប់ស្កាត់កុំឱ្យមានរថយន្តដឹក​កម្មករជួបគ្រោះថ្នាក់ចរា​ចរណ៍​បន្ត​ទៀត ក្រសួងការងារ បានរៀបចំជនបង្គោលក្នុងការចុះផ្សព្វផ្សាយពីសុវត្ថិភាពផ្លូវគោក​តាម​បណ្ដារោងចក្រសហគ្រាស និងបាន​ណែនាំឱ្យមានការកែច្នៃរថយន្តមាន​កៅអីសម្រាប់​ដឹក​កម្មករព្រមទាំងមានលក្ខណៈត្រឹមត្រូវ។ ក្រៅពីនោះ លោកថា ក្រុម​ជនបង្គោល​ក៏​បាន​ចុះពិនិត្យបច្ចេកទេស​យានយន្ត និងរៀបចំឱ្យមានប្រធានក្រុមរថយន្តដឹកកម្មករតាមតំបន់រោងចក្រ ដើម្បីងាយស្រួលគ្រប់គ្រងលើអ្នកបើកបរផងដែរ។

ជុំវិញករណីគ្រោះថ្នាក់​លើ​កម្មករ​នេះ ប្រធាន​​សហភាព​​ការ​ងារ​​កម្ពុជា ​(CLC) លោក អាត់ ធន់ ​មាន​ប្រសាសន៍ថា អាជ្ញាធរគួរមានវិធានការតឹងរឹងលើអ្នកបើកបរ ដើម្បីធានាថាពួកគេមិនបើកលើស​ល្បឿន​កំណត់ និងមិនដឹកកម្មករលើសចំណុះ ជាពិសេសចៀសវាងយកបុគ្គលិកប្រើប្រាស់​គ្រឿង​ញៀន និងគ្រឿងស្រវឹងទៅដឹកកម្មករ។

លោក​បញ្ជាក់​ថា៖ «អ្នកបើកបរទាំងអស់ឱ្យត្រូវគោរពច្បាប់រួមបញ្ចូលទាំង មិនបើកលឿន មិនវ៉ាខុសបច្ចេកទេស មិនដាក់លើសចំណុះ ហើយមិនរំលោភច្បាប់ចរាចរណ៍ ជាពិសេស មិនឱ្យ​មាន​អ្នកប្រើប្រាស់គ្រឿងញៀន ឬក៏អ្នកស្រវឹងទៅបើកដឹកពួកគាត់»។

តាម​របាយការណ៍​រប​ស់បេឡាជាតិរបបសន្តិសុខសង្គម (ប​.​ស​.​ស) ក្នុងឆ្នាំ​២០២២ ករណី​គ្រោះថ្នាក់​​ចរាចរណ៍​លើ​កម្មករនិយោជិត ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង បាន​កើត​​ឡើង​​សរុប​ចំនួន​ ៣ ២៧៥​ ករណី ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​ចំនួន​ ៦៣ ​នាក់ របួស​ធ្ងន់​ ៨៥៤ ​នាក់ និង​រងរបួស​ស្រាល​​ចំនួន​ ៣ ១៣៩ ​នាក់​។​

​ជាមួយគ្នានេះ ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករនិយោជិត​ក្នុង​គ្រប់​វិស័យ​ទូទាំងប្រទេស​​ក្នុង​​ឆ្នាំ​​២០២២ គឺ​មាន​​សរុប​​ចំនួន​ ៥ ១៥៨​ ករណី ក្នុងនោះ​អ្នករងរបួស​ស្រាល​មាន​ ៤ ២៧១​ នាក់ របួសធ្ងន់ ១ ៦២៤​ នាក់ និង​ស្លាប់​ចំនួន​ ១៥៦​ នាក់ ខណៈ​តួលេខ​នេះ បើ​ធៀប​នឹង​ឆ្នាំ​ ២០២១ គឺមាន​ការកើនឡើង​ចំនួន​ ១ ៨៩០ ​ករណី ស្មើនឹង​ ៥៨%​។ នេះ​បើតាម​របាយការណ៍​រប​ស់ ប​.​ស​.​ស​៕