នាយករដ្ឋមន្ត្រីកម្ពុជា អះអាងពីគោលនយោបាយអព្យាក្រឹត និងការគោរពយ៉ាងម៉ឺងមាត់ចំពោះ​​រដ្ឋធម្មនុញ្ញកម្ពុជា ដោយពុំអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានទ័ព និងប្រើប្រាស់ទឹកដីកម្ពុជា ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋណាមួយ​នោះ​ទេ។

ថ្លែងក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ កាលពីថ្ងៃទី២៣ ខែកញ្ញា លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា​ប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬការប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ និងការជ្រៀតជ្រៀតកិច្ចការផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ។ លោកបន្តថា កម្ពុជា​​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណា​មួយ ឬ​ក្រុម​ណាមួយ ​ប្រើប្រាស់​ទឹកដី​នេះ​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ឡើយ។​

លោកថា៖ «កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ណាមួយ​នៅលើ​ទឹកដី​របស់ខ្លួន ​ដូច​មាន​ចែង​យ៉ាងច្បាស់​នៅក្នុង​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​»។ 

ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីកង្វល់ជុំវិញការ​កើនឡើង​នូវ​ភាពតាន​តឹង​ផ្នែក​ភូមិ​សាស្រ្តនយោបាយ នៅលើសាកល​លោក ដែលរួមមានការអូសបន្លាយនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផងដែរ។ 

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា ត្រូវបានរងការចោទប្រកាន់ពីក្រុមប្រទេសលោកខាងលិចជាញឹកញយថា ក្រោយកម្ពុជាធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករាម ស្ថិតនៅក្នុងខេត្តព្រះសីហនុរួចរាល់ហើយនោះ នឹងប្រគល់ឱ្យ​ចិន​នូវ​សិទ្ធិ​ផ្តាច់មុខ​ធ្វើជា​មូលដ្ឋាន​ទាហាន​ជើង​ទឹក។ 

ការដាក់ការសង្ស័យនេះ បន្ទាប់ពីកាសែត​ The Wall​ Street​ Journal ​បាន​រាយ​ការណ៍​កាលពី ឆ្នាំ​២០១៩ ថា កម្ពុជានិង​​ចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ជា​សម្ងាត់​មួយ ​ដើម្បី​អនុញ្ញាត​ ឱ្យ​​​កងទ័ព​របស់​ចិនប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​កម្ពុជា​។

ទោះជាយ៉ាងណា កម្ពុជាតែងតែបដិសេធម្តងហើយម្តងទៀត​​ចំពោះការចោទប្រកាន់នេះ ដោយ​ថា រដ្ឋាភិបាល​ប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន​ ឬវត្តមានកងទ័ពបរទេសណាមួយ​នៅលើទឹកដីកម្ពុជាឡើយ។

ចំណែកអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ធ្លាប់បានថ្លែងដោយចាត់ទុកការចោទប្រកាន់ថា មូលដ្ឋានយោធារាមបម្រើប្រយោជន៍ផ្តាច់មុខរបស់ចិន គឺជារឿងប្រតិដ្ឋ។

ទាក់ទិននឹងការថ្លែងបញ្ជាក់ពីគោលជំហរនយោបាយកម្ពុជាលើឆាកអន្តរជាតិនេះ អ្នក​ស្រាវ​ជ្រាវ​ពី​ការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា មេដឹកកម្ពុជាកំពុងព្យាយាមរារាំងភាពតានតឹងក្នុងសមុទ្រចិនខាងត្បូង កុំឱ្យរាលដាលដល់ប្រទេសកម្ពុជា ក្រោយប្រទេសមហាអំណាចនៅតែមានក្ដីបារម្ភថា កម្ពុជាទំនងអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករបស់ខ្លួន។

លោកថា៖ «យើងដឹងហើយថាកម្ពុជាស្ថិតនៅក្នុងន្លងនៃការរិះគន់មួយទាក់ទងទៅនឹងខាងនយោបាយ ជាពិសេសចន្លោះរវាងចិន អាមេរិក។ […] ចឹងមេដឹកកម្ពុជាត្រូវឆ្លើយការពារខ្លួនក្នុងស្ថានភាពបែបនេះ […] ហើយក្នុងកាលទេសៈភាពតានតឹងមានកាន់តែច្រើនឡើងនៅក្នុងសមុទ្រដែលជម្លោះចិននិងវៀតណាម ចឹងការឆ្លើយនេះជាការឆ្លើយតបមួយដើម្បីការពារខ្លួន»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​​ដឹកនាំ​គណៈ​ប្រតិភូ​រដ្ឋាភិបាល​កម្ពុជា ​ទៅ​ចូលរួម​ «មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី៧៨» នៅ​ទីក្រុង​ New York សហរដ្ឋ​អាមេរិក ចាប់​​ពី​ថ្ងៃទី​២១-២៥ ខែ​កញ្ញា ឆ្នាំ២០២៣។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស​កម្ពុជា មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»៕