ប្រជាសហគមន៍ចំនួន៥០ គ្រួសារ ក្នុងចំណោមពលរដ្ឋជិត ១ពាន់គ្រួសារ ក្នុងឃុំចំនួន៤ នៅខេត្តកោះកុង លើបដានៅតាមផ្ទះទាមទារឱ្យតុលាការទម្លាក់បទចោទ និងដោះលែងសកម្មជនដីធ្លីចំនួន ២នាក់ ឱ្យមានសេរីភាព ក្រោមហេតុផលថា ពួកគេពុំបានប្រព្រឹត្តខុសនឹងច្បាប់នោះទេ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សកម្មជនដីធ្លីប្រមាណ ១៥នាក់ ត្រូវបានអាជ្ញាធរខេត្តកោះកុង រារាំងរថយន្ដរបស់ពួកគេដែលព្យាយាមដាក់ញតិ្តនៅក្រសួងយុត្តិធម៌ ឱ្យទម្លាក់បទចោទលើតំណាងសហគមន៍ចំនួន ៣០នាក់ ត្រង់ចំណុចស្រុកស្រែអំបិល។
ក្នុងថ្ងៃដដែល តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់មនុស្ស១០នាក់ ក្នុងនោះឃុំខ្លួនសកម្មជនដីធ្លីចំនួន ៩នាក់ ក្រោមបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមបញ្ញត្តិមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បើតាមក្រុមគ្រួសារសកម្មជនដីធ្លីកំពុងជាប់ឃុំ ឱ្យដឹងថា ក្នុងចំណោមមនុស្ស ៩នាក់ ដែលរងការចោទប្រកាន់នេះ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ លើកលែងតែ អ្នកស្រី ផាវញ៉ើង និង អ្នកស្រី សេង លីន នៅបន្តឃុំខ្លួន។ ពួកគេនិយាយថា សកម្មជនដីធ្លីទាំង២នាក់នេះ បានរងការចោទប្រកាន់មួយករណីទៀត ពាក់ព័ន្ធនឹងបទបរិហាកេរ្តិ៍ និងញុះញង់។
អ្នកស្រី គ្រឿន ស្រស់ ជាកូនប្រសាររបស់អ្នកស្រី សេង លីន និយាយថា ម្ដាយក្មេករបស់អ្នកស្រី គ្រាន់តែទាមទារឱ្យរក្សាដីសហគមន៍សម្រាប់ក្មេងជំនាន់ក្រោយអាស្រ័យផល ក្រោយមានអ្នកប៉ុនប៉ងឆ្វៀលយកដីសហគមន៍ជាកម្មសិទ្ធិឯកជនស្ថិតនៅភូមិកងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
អ្នកស្រី ស្រស់ និយាយថា៖ «ចង់ឱ្យដោះលែងគាត់ ព្រោះគាត់អត់មានខុសអីទេ គ្រាន់តែការពារដីរដ្ឋទុកឱ្យក្មេងជំនាន់ក្រោយអ្នកដែលអត់ៗ។ គ្នារៀបការទៅ គ្នាអត់មានដីចឹង[…] ពលរដ្ឋអាចដាំដំណាំដាំស្រូវចឹង [ដីព្រៃសហគមន៍] ហើយក៏មានជនខិលខូចយកលក់ចឹងទៅ ម៉ាក់[អ្នកស្រី សេង លីន] គាត់ការពារជាមួយសហគមន៍»។
ក្នុងរូបភាពមួយនៃការលើកបដា ហើយត្រូវបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេសង្កេតឃើញមានបុរសម្នាក់ កាន់បដាមួយសរសេរថា «អ្នកស្រី ផាវ ញ៉ើង និង អ្នកស្រី សេង លីន គាត់គ្មានកំហុសអ្វីទេ គាត់គ្រាន់តែការពារដីរដ្ឋទុក ឱ្យរដ្ឋតែប៉ុណ្ណោះ»។
សាច់ញាតិសកម្មជនដីធ្លីកំពុងជាប់ឃុំម្នាក់ទៀត លោក គិន ចាន់ អាយុ ២៤ឆ្នាំ និយាយថា ប្រជាសហគមន៍ជាច្រើននាក់ លើកបដាទាមទារឱ្យតុលាការខេត្តកោះកុងទម្លាក់ការចោទប្រកាន់ ខណៈសកម្មជនដីធ្លីទាំង២រូបនេះ ជាប់ពន្ធនាគារអស់រយៈពេលជិត ២ខែមកហើយ។
លោក ចាន់ និយាយថា៖ «គេកាត់ទោសមួយករណីហើយ រឿងដីរបស់សម្បត្តិរបស់រដ្ឋ គាត់ការពារដីរដ្ឋហ្នឹង ហើយអ្នកការពារដីសោះបែរជាជាប់គុកហើយអ្នកដែលលក់ដី ចាប់ដីរដ្ឋអត់ជាប់គុកចឹង វាអយុត្តិធម៌ចំពោះគាត់»។
បើតាម លោក ហាន់ ទៀត តំណាងសហគមន៍ក្រីក្រ ៩៥៥ ឱ្យដឹងថា ការលើកបដាទាមទារឱ្យដោះលែងនេះ មានចំនួន៥០គ្រួសារ ក្នុងចំណោមប្រជាសហគមន៍ចំនួន ៩៥៥គ្រួសារ ស្ថិតក្នុងឃុំចំនួន ៣ គឺឃុំដងពែក ឃុំជីខលើ ឃុំជីខក្រោម និងបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា សំណុំរឿងអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន កំពុងស្ថិតក្នុងសាលាឧទ្ធរណ៍ព្រះសីហនុ ដោយសារមេធាវីការពារចុងចោទដាក់ពាក្យប្ដឹងប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងខេត្តកោះកុង។
លោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងទម្លាក់បទចោទលើអ្នកទាំង២ ដោយសារពួកគេគ្រាន់តែការពារ និងទាមទារដីរបស់ពួកគេត្រលប់មកវិញ។
ជាមួយគ្នានេះ លោក សំអាត ជំរុញឱ្យរដ្ឋាភិបាលអាណត្តិទី៧នេះ រិះរកដំណោះស្រាយជុំវិញទំនាស់ដីធ្លីសហគមន៍របស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងពលរដ្ឋរងភាពអយុត្តិធម៌បន្តទៀត។
លោកបញ្ជាក់ថា៖ «សង្ឃឹមថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ពន្លឿនក្នុងការដោះស្រាយបញ្ហាដីធ្លីសហគមន៍ពួកគាត់បានឆាប់រហ័ស ដើម្បីកុំឱ្យពួកគាត់រងភាពអយុត្តិធម៌បន្តទៀត»។
បើតាមមន្រ្តីសង្គមស៊ីវិលរូបនេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ អ្នកទាំង ២នាក់ ត្រូវបានតុលាការខេត្តកោះកុង ប្រកាសសាលក្រមដោយដាក់ពន្ធនាគារចំនួន ១ឆ្នាំ និងរួមគ្នាសងសំណង ៤០លានរៀល ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណ: និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៣០៥ មាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។
គេហទំព័រ Newsroom ពុំអាចសូមការអត្ថាធិប្បាយពីអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានទេកាលពីថ្ងៃពុធ ម្សិលមិញនេះ។
ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បដិសេធក្នុងការអត្ថាធិប្បាយ។
ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិកងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុងនេះ បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៦ នៅតែដោះស្រាយមិនចេញ។ ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតា ជាមួយក្រុមហ៊ុនលោក ឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគមន៍ នៅមិនទាន់អាចរកច្រកចេញបានមកដល់សព្វថ្ងៃនេះ។
ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធតែងបដិសេធជារឿយៗ ពីការចោទប្រកាន់របស់ពលរដ្ឋ ដែលលើកឡើងថាការតស៊ូមតិរបស់ពួកគេ មិនដែលទទួលបានការពារ និងដោះស្រាយដោយអាជ្ញាធរម្តងណាឡើយ។ ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលការពារដីធ្លី តែងត្រូវទទួលរងការធ្វើធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់៕