ក្រុមអ្នកវិភាគ និងសកម្មជនបរិស្ថាន បង្ហាញការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ខណៈរដ្ឋាភិបាលបានសម្រេចកាត់ដីព្រៃឧទ្យានជាតិបទុមសាគរ ឱ្យទៅក្រុមអ្នកមានលុយមានអំណាច កាន់កាប់ជាកម្មសិទ្ធ ដោយពួកគេថា ការធ្វើបែបនេះ នឹងមិនផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍ និងសង្គមជាតិទេ។
ការលើកឡើងរបស់ក្រុមអ្នកវិភាគ និងសកម្មជនបរិស្ថាន ធ្វើឡើងស្របពេលកាសែតMongabay ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញផ្សាយអត្ថបទមួយក្រោមចំណងថា “កម្ពុជាផ្តល់ប័ណ្ណកម្មសិទ្ធិព្រៃឈើជាតិដល់កូនប្រុសឧកញ៉ា លី យ៉ុងផាត់” (Cambodia awards swath of national park forest to tycoon Ly Yong Phat’s son) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពដដែលនេះបន្តថា ក្រុមឧកញ៉ានៅកម្ពុជា បានទទួលសិទ្ធិកាន់កាប់ឧទ្យានជាតិបទុមសាគរ នៅខេត្តកោះកុងអស់ប្រមាណជាង ៨០% ចាប់តាំងពីឆ្នាំ១៩៩៨ មក។
តាមកាសែតដដែល បញ្ជាក់ថា អ្នកដែលទទួលសិទ្ធិកាន់កាប់ដីក្នុងតំបន់ឧទ្យានជាតិបទុមសាគរលេចធ្លោជាងគេ គឺឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា ជាមហាសេដ្ឋី ជាទីប្រឹក្សាលោក ហ៊ុន សែន និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដោយទទួលបានសិទ្ធិកាន់កាប់ផ្ទៃដីទំហំជិត ២ម៉ឺនហិកតាតាំងពីឆ្នាំ២០០៨មក។ សមាជិកព្រឹទ្ធសភារូបនេះ ទទួលបានដីរាប់ពាន់ហិកតា នៅទូទាំងខេត្តកោះកុង និងកំពង់ស្ពឺ ដែលដីភាគច្រើនសម្រាប់ដាំដំណាំដែលដំណើរការដោយក្រុមហ៊ុន ក្រោមការគ្រប់គ្រងដោយភរិយារបស់លោក គឺលោកស្រី គឹម ហ៊ាង និងកូន ៥នាក់ របស់ពួកគេ។
កាលពីខែមករា ឆ្នាំ២០២៣នេះ ផ្ទៃដីឧទ្យានបទុមសាគរ ទំហំជាង ៦ ០០០ហិកតា ត្រូវកាត់ប្រគល់ឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន (Koh Kong Rubber Plantation) របស់លោក លី ភួនរ៉ាត់ កូនប្រុសពៅរបស់លោក លី យ៉ុងផាត់ បន្ថែមទៀត។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មើលឃើញថា កន្លងមកមានការកាត់ដីព្រៃឧទ្យានជាតិ ឬតំបន់អភិរក្សមួយចំនួន ទៅឱ្យអ្នកមានអំណាច ក្រុមហ៊ុនវិនិយោគ និងអ្នកជំនួញជាហូរហែ ដើម្បីជាកម្មសិទ្ធិឯកជន។ ករណីនេះលោកដាក់ជាចម្ងល់ថា តើការកាត់ឆ្វៀលដីសាធារណៈទាំងអស់នោះទៅឱ្យឯកជន ឈរនៅលើគោលការណ៍អ្វីខ្លះ និងបានផ្តល់ប្រយោជន៍អ្វីខ្លះ ទៅដល់សហគមន៍ និងប្រជាជាតិទាំងមូល?។
លោកបន្តថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ក៏មិនបានបង្ហាញព័ត៌មានទាំងអស់នោះជាសាធារណៈ ដែលការណ៍នេះលោកចាត់ទុកថា ជាចំណុចខ្វះខាតនៃការអនុវត្តដោយតម្លាភាព និងគណនេយ្យភាពនៅក្នុងសង្គម។
លោកបន្ថែមថា៖ «កម្ពុជាយើងគួរតែមានការប្រុងប្រយ័ត្ននៅក្នុងការអភិវឌ្ឍ ដើម្បីកុំឱ្យសកម្មភាពដែលធ្វើនៅក្នុងរូបភាពនៃការអភិវឌ្ឍហ្នឹង វាទៅជាការបំផ្លិចបំផ្លាញទាំងធនធានធម្មជាតិ ការបំផ្លិចបំផ្លាញឧទ្យានដែលជាតំបន់អភិរក្សសម្រាប់ជាតិទាំងមូល និងដើម្បីប្រយោជន៍របស់សង្គមរយៈពេលវែង»។
ជាមួយគ្នានេះ លោកប៉ា ចន្ទរឿន ក៏បានជំរុញឱ្យរដ្ឋាភិបាលថ្មី បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវពង្រឹងការអនុវត្តច្បាប់នៃការគ្រប់គ្រង និងអភិរក្សនៃតំបន់ឧទ្យានជាតិឱ្យបានតឹងរឹង ដើម្បីការពារធនធានធម្មជាតិ និងបញ្ចៀសឱ្យបាននូវផលជះអវិជ្ជមាន និងបន្សល់ទុកនូវភាពអយុត្តិធម៌ដល់ប្រជាពលរដ្ឋ។
លោកបន្ថែមទៀតថា៖ «មុនសម្រេចកាត់ដីឬក៏ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ឬក៏អ្នកមានធនធានណាម្នាក់ ទៅវិនិយោគតំបន់ណាមួយ គេតែងតែលើកយករឿងហ្នឹង ទៅជជែកនៅក្នុងសភា ព្រោះយន្តការសភា ជាកន្លែងឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់រាស្ត្រ[…]សមាជិកសភាហ្នឹង អាចសួរនាំ សួររកដើមចម និងបញ្ជាក់គ្រប់ភាគីពាក់ព័ន្ធ ថាការផ្តល់នោះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ ធ្វើឡើងដោយមានតម្លាភាព ធ្វើឡើងដោយមិនមានអំពើពុករលួយ និងធ្វើទៅដើម្បីជាប្រយោជន៍របស់សង្គមទាំងមូល»។
ចំណែក កញ្ញា ភួង កែវរស្មី សកម្មជនចលនាមាតាធម្មជាតិ យល់ឃើញថា ការផ្តល់ដីទៅឱ្យក្រុមឧកញ៉ា ឬក្រុមហ៊ុនឯកជនសម្រាប់ការអភិវឌ្ឍ ពីសំណាក់រដ្ឋាភិបាល គឺកម្រផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ឬប្រទេសជាតិណាស់។
សកម្មជនបរិស្ថានរូបនេះ បន្តថា ព្រៃឈើ និងធនធានធម្មជាតិ ជាធនធានកម្រដែលបំផ្លាញហើយ មិនងាយកកើតឡើងវិញ ព្រោះត្រូវការពេលរាប់រយឆ្នាំ ទើបមានព្រៃឈើ និងរ៉ែឡើងវិញ និងប្រើពេលរាប់ឆ្នាំទើបសម្បូរសត្វព្រៃឡើងវិញ។ កញ្ញាបន្ថែមថា បើការប្រើប្រាស់ធនធានធម្មជាតិច្រើនហួសហេតុ និងមិនមានតម្លាភាពនឹងបង្កនូវហានិភ័យ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗសម្រាប់កូនចៅជំនាន់ក្រោយ ដែលករណីនេះ រដ្ឋាភិបាលត្រូវទទួលខុសត្រូវ និងបញ្ឈប់ទង្វើទាំងអស់នេះជាបន្ទាន់ ដើម្បីស្តារស្ថានភាពឡើងវិញ។
កញ្ញា ភួង កែវ រស្មី និយាយថា៖ «មិនមែនមានតែ[ឧទ្យានជាតិ]បុទុមសាគរទេ គឺមានច្រើននៅកំពង់ផែទឹកជ្រៅ កោះកុងក្រៅទាំងមូលទៅឱ្យគាត់[ឧកញ៉ាឬក្រុមហ៊ុនឯកជន]ទៀត។ យើងពិតជាបារម្ភ ហើយរឿងទាំងអស់ហ្នឹងបានកើតឡើងមកហើយ ជាមួយនឹងការបាត់បង់ព្រៃឈើ ហើយនិងការបំផ្លិតបំផ្លាញព្រៃឈើ ជម្លោះដីធ្លីជាមួយពលរដ្ឋ បណ្តេញប្រជាពលរដ្ឋចេញពីបទុមសាគរ ក៏បានកើតឡើងហើយដែរ»។
សកម្មជនបរិស្ថានមួយរូបទៀត លោក សាន់ ម៉ាឡា យល់ថា កាលដែលរដ្ឋាភិបាលកាត់ដីឧទ្យានជាតិ ឱ្យក្រុមហ៊ុនឯកជន គ្រប់គ្រង និងអភិវឌ្ឍន៍ទៅជាតំបន់សេដ្ឋកិច្ចពិសេស ឬជាតំបន់កសិឧស្សាហកម្មនោះ គឺផ្ទុយទៅនឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលថានឹងបង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយត្រឹមឆ្នាំ២០៣០។
លោកបន្តថា៖ «យើងមានការបារម្ភជាខ្លាំង នៅពេលដែលសាធារណជនបន្តរិះគន់ និងសម្តែងការមិនសប្បាយចិត្តចំពោះការបំផ្លិចបំផ្លាញព្រៃឈើ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ស្តាប់ ដោះស្រាយ ឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាក្តីព្រួយបារម្ភរបស់មហាជន និងយុវជនទេ»។
យ៉ាងណាមិញ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលពិចារណបញ្ឈប់ការកាត់ដីតាមតំបន់ធម្មជាតិ ឬក៏បឹងធម្មជាតិឱ្យក្រុមហ៊ុនឯកជន ដោយបង្វែរដីទាំងអស់នោះ ទៅជាការអភិវឌ្ឍអេកូទេសចរណ៍ធម្មជាតិ ដើម្បីនាំចំណូលដល់រដ្ឋ និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋមូលដ្ឋាន។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីឧកញ៉ា លី យ៉ុងផាត់ និងកូនរបស់គាត់ គឺលោក លី ភួនរ៉ាត់ បានទេ។
អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធី ច្រានចោលចំពោះការផ្សាយរបស់កាសែត Mongabay ដែលថា រដ្ឋាភិបាលកម្ពុជា បានកាត់ដីតំបន់ឧទ្យានជាតិបុទុមសាគរអស់ ៨០% ទៅឱ្យក្រុមឧកញ៉ា កាន់កាប់ជាកម្មសិទ្ធិ។
លោកបញ្ជាក់ថា៖ «ដីឧទ្យានជាតិមាន ១៨ម៉ឺនហិកតា គ្រាន់តែរដ្ឋាភិបាល[ផ្តល់សិទ្ធិ]វិនិយោគឱ្យ[ក្រុមហ៊ុនឯកជន] ៦ពាន់ហិកតា [ថា]អស់ ៨០ភាគរយ វាមិនត្រូវ។ Mongabayហ្នឹងវានិយាយអត់ត្រូវ វាពួកអាខូច»។
តាមទិន្នន័យពីផ្កាយរណបចេញផ្សាយដោយអង្គការ Global Forest Watch និងស្ថាប័នរុករកនិងវិភាគទិន្នន័យដីសកលរបស់សាកលវិទ្យាល័យ Maryland (University of Maryland’s Global Land Analysis and Discovery (GLAD) Laboratory) កាលពីដើមខែមិថុនា ឆ្នាំ២០២៣ ឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២២ មានខ្លាំងជាងឆ្នាំ២០២១ ក្នុងតំបន់ព្រៃការពារចំនួន៤ ក្នុងប្រទេសកម្ពុជា ខណៈតំបន់ព្រៃការពារផ្សេងទៀត ក៏កំពុងមានអត្រាបាត់បង់ព្រៃឈើក្នុងអត្រាខ្ពស់ដែរ។ តំបន់ព្រៃការពារចំនួន៤ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺឧទ្យានជាតិបុទុមសាគរ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរ។
តែយ៉ាងណា ប្រភពដដែល បញ្ជាក់ថា ដីគម្របព្រៃឈើជាង ៣៥ ០០០ហិកតា បានបាត់បង់ក្នុងឆ្នាំ២០២២ ហើយបើធៀបនឹង ២ឆ្នាំមុន គឺមានចំនួនតិចជាង ដែលកាលនោះក្នុងមួយឆ្នាំបាត់បង់ចំនួន ៤០ ០០០ហិកតា។
ពាក់ព័ន្ធនឹងឧទ្យានជាតិបទុមសាគរនេះដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ដែលចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដោយសម្រេចផ្តល់ដីសម្បទាន ចំនួន ៩ ៩៦៨ហិកតា ក្នុងឧទ្យានជាតិនេះ ឱ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង៕