ក្រុមអ្នកវិភាគ និង​​សកម្មជនបរិស្ថាន បង្ហាញការព្រួយបារម្ភពីការបាត់បង់ធនធានធម្មជាតិ ខណៈរដ្ឋាភិបាលបាន​សម្រេចកាត់ដីព្រៃឧទ្យានជាតិបទុមសាគរ ឱ្យទៅ​ក្រុមអ្នកមាន​លុយមាន​អំណាច កាន់កាប់​ជាកម្មសិទ្ធ ដោយ​ពួកគេ​​ថា ការធ្វើបែបនេះ នឹង​មិនផ្តល់ប្រយោជន៍ដល់​ប្រជាសហគមន៍ និងសង្គមជាតិទេ។

ការលើកឡើងរបស់ក្រុមអ្នកវិភាគ និង​សកម្មជន​បរិស្ថាន ធ្វើឡើង​ស្របពេល​​​កាសែតMongabay ដែល​​​​មានមូល​​ដ្ឋាន​​នៅ​​សហរដ្ឋអាមេរិក​ បាន​ចេញផ្សាយអត្ថបទមួយក្រោមចំណងថា “កម្ពុជា​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ព្រៃឈើ​​ជាតិ​​ដល់​កូនប្រុស​ឧកញ៉ា លី យ៉ុងផាត់” (Cambodia awards swath of national park forest to tycoon Ly Yong Phat’s son)​ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ប្រភពដដែលនេះបន្តថា ក្រុមឧកញ៉ានៅកម្ពុជា បានទទួលសិទ្ធិកាន់កាប់​ឧទ្យានជាតិបទុមសាគរ​ នៅខេត្តកោះកុង​អស់ប្រមាណ​ជាង ៨០% ចាប់តាំងពីឆ្នាំ១៩៩៨ មក។

តាមកាសែតដដែល បញ្ជាក់ថា អ្នកដែលទទួលសិទ្ធិកាន់កាប់ដីក្នុងតំបន់ឧទ្យានជាតិបទុមសាគរ​​​​លេចធ្លោជាងគេ​ គឺឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាពីគណបក្សប្រជាជនកម្ពុជា ជាមហាសេដ្ឋី ជាទីប្រឹក្សា​លោក ហ៊ុន សែន និង​ជាប្រធានសមាគមឧកញ៉ាកម្ពុជា ដោយ​ទទួលបាន​សិទ្ធិកាន់កាប់ផ្ទៃដីទំហំជិត ២ម៉ឺនហិកតាតាំងពីឆ្នាំ២០០៨មក។ សមាជិកព្រឹទ្ធសភារូបនេះ ទទួល​បាន​ដី​រាប់ពាន់​ហិកតា នៅទូទាំងខេត្តកោះ​កុង និងកំពង់ស្ពឺ ដែលដី​ភាគច្រើនសម្រាប់ដាំដំណាំដែលដំណើរការដោយក្រុមហ៊ុន ក្រោមការ​​គ្រប់គ្រងដោ​យ​​ភរិយារបស់លោក គឺ​លោកស្រី គឹម ហ៊ាង និងកូន ៥នាក់ របស់ពួក​គេ។

កាលពីខែមករា ឆ្នាំ២០២៣នេះ ផ្ទៃដីឧទ្យានបទុមសាគរ ទំហំជាង ៦ ០០០​​ហិកតា ត្រូវកាត់ប្រគល់ឱ្យក្រុមហ៊ុនកោះកុង រ៉ាប់ប៊ើរ ផ្លេនថេសិន (Koh Kong Rubber Plantation) របស់​លោក លី ភួនរ៉ាត់ កូនប្រុស​ពៅរ​បស់​លោក លី យ៉ុងផាត់ បន្ថែម​ទៀត។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន ​មើលឃើញថា កន្លងមកមានការកាត់ដី​ព្រៃ​ឧទ្យាន​​ជាតិ ឬ​តំបន់​​អភិរក្សមួយចំនួន ទៅឱ្យ​​អ្នក​មាន​អំណាច ក្រុមហ៊ុនវិនិយោគ និងអ្នកជំនួញជាហូរហែ ​ដើម្បី​​ជា​កម្មសិទ្ធិឯកជន។ ករណីនេះ​លោកដាក់ជាចម្ងល់ថា តើការកាត់ឆ្វៀលដីសាធារណៈទាំងអ​ស់​នោះទៅឱ្យឯកជន ឈរនៅលើគោលការណ៍​អ្វី​ខ្លះ និង​​បានផ្តល់ប្រយោជន៍អ្វីខ្លះ ទៅដល់សហគមន៍ និងប្រជាជាតិទាំងមូល?។ 

លោកបន្តថា រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា ក៏មិនបាន​​បង្ហាញព័ត៌​មាន​ទាំង​អស់​នោះ​ជាសាធារណៈ ដែល​ការណ៍នេះលោកចាត់ទុកថា ជាចំណុចខ្វះខាតនៃការអនុវត្តដោយតម្លាភាព និងគណនេយ្យភាពនៅក្នុងសង្គម។

លោកបន្ថែមថា៖ «កម្ពុជាយើងគួរតែមានការប្រុងប្រយ័ត្ននៅក្នុងការអភិវឌ្ឍ ដើម្បីកុំឱ្យសកម្មភាពដែលធ្វើនៅក្នុងរូបភាពនៃការអភិវឌ្ឍហ្នឹង វាទៅជាការបំផ្លិចបំផ្លាញទាំងធនធានធម្មជាតិ ការបំផ្លិចបំផ្លាញឧទ្យានដែលជាតំបន់អភិរក្សសម្រាប់ជាតិទាំងមូល និងដើម្បីប្រយោជន៍របស់សង្គមរយៈពេលវែង»

ជាមួយគ្នានេះ លោកប៉ា ចន្ទរឿន ក៏បាន​ជំរុញឱ្យរដ្ឋាភិបាលថ្មី​ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវ​​ពង្រឹង​ការអនុវត្ត​ច្បាប់នៃការគ្រប់គ្រង និងអភិរក្សនៃតំបន់ឧទ្យានជាតិឱ្យបានតឹងរឹង ដើម្បី​ការពារ​ធនធាន​ធម្ម​ជាតិ​ និង​បញ្ចៀសឱ្យបាននូវផលជះអវិជ្ជមាន និងបន្សល់ទុកនូវភាពអយុត្តិធម៌ដល់ប្រជាពលរដ្ឋ។ 

លោកបន្ថែមទៀត​ថា៖ «មុនសម្រេចកាត់ដីឬក៏ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន ឬក៏អ្នកមានធនធានណាម្នាក់ ទៅវិនិយោគតំបន់ណាមួយ គេតែងតែលើកយករឿងហ្នឹង ទៅជជែកនៅក្នុងសភា ព្រោះយន្តការសភា ជាកន្លែងឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់រាស្ត្រ[…]សមាជិកសភាហ្នឹង អាចសួរនាំ សួររកដើមចម និងបញ្ជាក់គ្រប់ភាគីពាក់ព័ន្ធ ថាការផ្តល់នោះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ ធ្វើឡើងដោយមានតម្លាភាព ធ្វើឡើងដោយមិនមានអំពើពុករលួយ និងធ្វើទៅដើម្បីជាប្រយោជន៍របស់សង្គមទាំងមូល»។

ចំណែក កញ្ញា ភួង កែវរស្មី សកម្មជន​ចលនា​មាតាធម្មជាតិ យល់ឃើញថា ការផ្តល់ដីទៅឱ្យ​ក្រុមឧកញ៉ា ឬក្រុមហ៊ុនឯកជនសម្រាប់ការអភិវឌ្ឍ ពីសំណាក់រដ្ឋាភិបាល គឺ​កម្រផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ឬ​ប្រទេស​​ជាតិ​ណាស់។

សកម្មជនបរិស្ថានរូបនេះ បន្តថា​ ព្រៃឈើ និងធនធានធម្មជាតិ ជាធនធានកម្រដែលបំផ្លាញហើយ មិនងាយកកើតឡើងវិញ ព្រោះត្រូវការពេល​រាប់រយឆ្នាំ ទើបមានព្រៃឈើ និង​រ៉ែឡើងវិញ និងប្រើពេលរាប់ឆ្នាំទើបសម្បូរសត្វ​ព្រៃឡើងវិញ។ កញ្ញាបន្ថែមថា បើ​ការប្រើប្រាស់ធនធានធម្មជាតិច្រើនហួសហេតុ និង​មិន​មាន​តម្លាភាព​នឹងបង្កនូវ​ហានិភ័យ ឬគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗ​សម្រាប់កូនចៅជំនាន់ក្រោយ ដែលករណីនេះ រដ្ឋាភិបាលត្រូវទទួលខុសត្រូវ និងបញ្ឈប់ទង្វើទាំងអស់នេះជាបន្ទាន់ ដើម្បីស្តារស្ថានភាពឡើងវិញ។

កញ្ញា ភួង កែវ រស្មី និយាយថា៖ «មិនមែនមានតែ[ឧទ្យានជាតិ]បុទុមសាគរទេ គឺមានច្រើននៅកំពងផែទឹកជ្រៅ កោះកុងក្រៅទាំងមូលទៅឱ្យគាត់[ឧកញ៉ាឬក្រុមហ៊ុនឯកជន]ទៀត។ យើងពិតជាបារម្ភ ហើយរឿងទាំងអស់ហ្នឹងបានកើតឡើងមកហើយ ជាមួយនឹងការបាត់បង់ព្រៃឈើ ហើយនងការបំផ្លិតបំផ្លាញព្រៃឈើ ជម្លោះដីធ្លជាមួយពលរដ្ឋ បណ្តេញប្រជាពលរដ្ឋចេញពីបទុមសាគរ ក៏បានកើតឡើងហើយដែរ»

សកម្មជនបរិស្ថានមួយរូបទៀត​ លោក សាន់ ម៉ាឡា យល់ថា កាលដែលរដ្ឋាភិបាលកាត់ដីឧទ្យានជាតិ ឱ្យ​ក្រុម​ហ៊ុនឯ​កជន គ្រប់គ្រង និង​អភិវឌ្ឍន៍ទៅ​ជាតំបន់សេដ្ឋកិច្ចពិសេស ឬជាតំបន់កសិឧស្សាហកម្មនោះ គឺផ្ទុយទៅនឹង​ការ​ប្តេជ្ញាចិត្តរបស់​រដ្ឋាភិបាលដែល​ថានឹង​បង្កើនគម្របព្រៃឈើឱ្យបាន ៦០ភាគរយត្រឹមឆ្នាំ២០៣០។ 

លោកបន្តថា៖ «យើងមានការបារម្ភជាខ្លាំង នៅពេលដែលសាធារណជនបន្តរិះគន់ និងសម្តែងការមិនសប្បាយចិត្តចំពោះការបំផ្លិចបំផ្លាញព្រៃឈើ ក៏ប៉ុន្តែរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ស្តាប់ ដោះស្រាយ ឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាក្តីព្រួយបារម្ភរបស់មហាជន និងយុវជនទេ»

យ៉ាងណាមិញ លោកបាន​អំពាវនាវឱ្យរដ្ឋាភិបាលពិចារណបញ្ឈប់ការកាត់ដីតាមតំបន់ធម្មជាតិ ឬក៏បឹងធម្មជាតិ​ឱ្យក្រុមហ៊ុនឯកជន ដោយបង្វែរដីទាំងអស់នោះ ទៅជាការអភិវឌ្ឍ​អេកូទេសចរណ៍ធម្មជាតិ ដើម្បី​នាំចំណូលដល់​រដ្ឋ និងផ្តល់ផលប្រយោជន៍ជូន​ប្រជា​ពលរដ្ឋមូលដ្ឋាន។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីឧកញ៉ា លី យ៉ុង​ផាត់ និង​កូនរបស់​គាត់​ គឺលោក លី ភួនរ៉ាត់ បាន​ទេ។

អភិបាលរងខេត្តកោះកុង លោកសុខ សុទ្ធី ច្រានចោលចំពោះការ​ផ្សាយរបស់​កាសែត Mongabay ដែលថា រដ្ឋាភិ​បាលកម្ពុជា បានកាត់ដីតំបន់ឧទ្យានជាតិបុទុមសាគរអស់ ៨០% ទៅ​ឱ្យ​ក្រុមឧកញ៉ា កាន់កាប់ជាកម្ម​សិទ្ធិ។ 

លោកបញ្ជាក់ថា៖ «ដីឧទ្យានជាតិមាន ១៨ម៉ឺនហិកតា គ្រាន់តែរដ្ឋាភិបាល[ផ្តល់សិទ្ធិ]វិនិយោគឱ្យ[ក្រុមហ៊ុនឯកជន​] ៦ពាន់ហិកតា [ថា]អស់ ៨០ភាគរយ វាមិនត្រូវ។ Mongabayហ្នឹងវានិយាយអត់ត្រូវ វាពួកអាខូច»។

តាមទិន្នន័យពីផ្កាយរណប​​ចេញ​ផ្សាយ​ដោយ​​អង្គការ​ Global Forest Watch និងស្ថាប័ន​រុករក​និងវិភាគទិន្នន័យ​ដីសកលរបស់​សាកលវិទ្យាល័យ​ Maryland (​University of Maryland’s Global Land Analysis and Discovery (GLAD) Laboratory) កាល​ពី​ដើមខែមិថុនា ឆ្នាំ២០២៣ ឱ្យដឹងថា ​សកម្ម​ភាព​កាប់​​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០២២ មាន​ខ្លាំង​ជាង​ឆ្នាំ​២០២១ ក្នុង​​តំបន់​ព្រៃ​ការពារ​​ចំនួន​៤ ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត ​ក៏​កំពុង​មាន​អត្រា​បាត់​បង់​ព្រៃ​ឈើ​ក្នុង​អត្រា​ខ្ពស់​ដែរ​។ តំបន់​ព្រៃ​ការពារ​ចំនួន​៤ ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំងជាង​គេ ​គឺ​ឧទ្យានជាតិ​បុទុមសាគរ ឧទ្យានជាតិ​ជួរភ្នំក្រវាញកណ្ដាល​ ដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​។

តែយ៉ាងណា ប្រភពដដែល បញ្ជាក់ថា ដី​គម្រប​ព្រៃ​ឈើ​ជាង ​៣៥ ០០០​​ហិកតា​ បាន​បាត់​បង់​ក្នុង​ឆ្នាំ​២០២២ ហើយ​បើ​ធៀប​នឹង​ ២​ឆ្នាំ​មុន គឺ​មាន​ចំនួន​តិច​ជាង ដែល​កាល​នោះ​ក្នុង​មួយ​ឆ្នាំ​បាត់​បង់​ចំនួន​ ​៤០ ០០០​ហិកតា​។​

ពាក់ព័ន្ធនឹងឧទ្យានជាតិបទុមសាគរនេះ​ដែរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​មួយ ដែលចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដោយសម្រេចផ្តល់ដីសម្បទាន ចំនួន ៩ ៩៦៨ហិកតា ក្នុង​​ឧទ្យានជាតិនេះ ឱ្យទៅ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា​​ គិត ម៉េង៕