ស្ថានទូតអាមេរិកប្រចាំកម្ពុជាស្នើ ឱ្យរដ្ឋាភិបាលកម្ពុជា រក្សាគោលនយោបាយការបរទេសដែលមានឯករាជ្យ និងតុល្យភាព ដោយមិនលម្អៀងលើក្រុមប្រទេសណាមួយ ដើម្បីតម្ដល់ប្រយោជន៍ប្រជាជនកម្ពុជានិងការបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសកលនានា។
យោងតាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា ឱ្យដឹងថា ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានពិភាក្សាលើបញ្ហាមួយចំនួន ក្នុងនោះសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការគាំទ្ររបស់ខ្លួន ក្នុងការបំផ្លាញចោលអាវុធ ដូចជា ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
ក្នុងជំនួបនោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា៖ «លោកឯកអគ្គរដ្ឋទូត Murphy បានសុំឱ្យថ្នាក់ដឹកនាំកម្ពុជារក្សាគោនយោបាយការបរទេសដែលមានឯករាជ្យ និងតុល្យភាព ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗ ប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធក្នុងការអត្ថាធិប្បាយជុំវិញការស្នើនេះ ដោយឱ្យសួរទៅកាន់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីជំនួសវិញ ដោយលោកអះអាងថា នេះជាជំនួបទ្វេភាគី ដូច្នេះជាកាតព្វកិច្ចរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី។
គេហទំព័រ Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយពីលោក មាស សោភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី និង លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេស បានទេ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។
ចំណែក ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីកម្ពុជា ទាក់ទិននឹងលទ្ធផលនៃជំនួបរវាង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពុំបានលើកយកចំណុចនេះមកបញ្ជាក់នោះទេ។ តែយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍នោះ លើកឡើងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកពិភាក្សាពីការផ្ដល់ជំនួយរបស់អាមេរិកចំនួន ១៨លានដុល្លារឡើងវិញ ការសហការគ្នាជុំវិញការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងការស្រាវជ្រាវរកធាតុជនជាតិអាមេរិកដែលបាត់ខ្លួននៅកម្ពុជាក្នុងសម័យសង្រ្គាម។
ទោះជាយ៉ាងណា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នាពេលថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងពីគោលជំហរនយោបាយការបរទេសកម្ពុជា ក្នុងនាមលោកជាមេដឹកនាំទៅកាន់មជ្ឈដ្ឋានអន្តរជាតិថា កម្ពុជាប្រកាន់ភ្ជាប់ពីគោលនយោបាយអព្យាក្រឹត និងការគោរពយ៉ាងម៉ឺងមាត់ចំពោះរដ្ឋធម្មនុញ្ញកម្ពុជា ដោយពុំអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានទ័ព និងប្រើប្រាស់ទឹកដីកម្ពុជា ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋណាមួយនោះទេ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងបង្ហាញក្ដីមន្ទិលសង្ស័យនៃនយោបាយការបរទេសកម្ពុជា អាចនឹងមានភាពលម្អៀងទៅរកចិន ដោយសារប្រទេសទាំង២ មានកិច្ចសហការកាន់តែស្អិតរមួត។
លោកនិយាយថា៖ «អ្វីដែលសហរដ្ឋអាមេរិកលើកឡើងជាចេតនាមួយ ដើម្បីបង្ហាញពីភាពមិនទុកចិត្តទៅលើភាពលម្អៀងរបស់កម្ពុជា ទៅជាមួយចិន ជាពិសេសដូចជាក្នុងរយៈពេលថ្មីៗនៅក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិនក៏ជាផ្នែកមួយធ្វើឱ្យអាមេរិកនៅតែបន្តការតាមដានលើទំនាក់ទំនងកម្ពុជា-ចិន»។
កន្លងមក ប្រទេសកម្ពុជា ត្រូវបានក្រុមប្រទេសលោកខាងលិចបង្ហាញក្ដីបារម្ភជុំវិញការខិតជិតទៅរកប្រទេសចិនកុម្មនីស្ត ដែលនឹងអាចទាញកម្ពុជាទៅរកអំណាចផ្ដាច់ការ។ ឆ្លើយតបទៅនឹងក្ដីបារម្ភនេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងជាសាធារណៈម្ដងហើយម្ដងទៀតថា ប្រសិនបើប្រទេសកម្ពុជាមិនពឹងផ្អែកប្រទេសចិនលើការអភិវឌ្ឍសង្គម តើឱ្យកម្ពុជាពឹងផ្អែកប្រទេសមួយណា?៕