ស្ថានទូតអាមេរិកប្រចាំកម្ពុជាស្នើ ឱ្យរដ្ឋាភិបាលកម្ពុជា ​រក្សាគោលនយោបាយការបរទេសដែល​មានឯករាជ្យ និងតុល្យភាព ដោយមិនលម្អៀងលើក្រុមប្រទេសណាមួយ ដើម្បីតម្ដល់ប្រយោជន៍ប្រជាជនកម្ពុជានិងការបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសកលនានា។

យោងតាមទំព័រហ្វេសប៊ុកស្ថាន​ទូត​អាមេរិកប្រចាំកម្ពុជា ឱ្យដឹងថា ក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy និង​លោកនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នៅវិមានសន្តិភាព នា​​ថ្ងៃ​ទី២៨ ខែក​ញ្ញា ឆ្នាំ២០២៣ បាន​ពិភាក្សា​លើបញ្ហា​មួយចំនួន ក្នុងនោះសហរដ្ឋអាមេរិក ក៏បានលើកឡើង​ពីការគាំទ្រ​របស់​ខ្លួន ក្នុងការ​បំផ្លាញចោលអាវុធ ដូចជា ការ​ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ព្រមទាំង​ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការឆបោក​តាមប្រព័ន្ធអ៊ីនធឺណិតជាដើម។

ក្នុងជំនួប​នោះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថា៖ «លោកឯកអគ្គរដ្ឋទូត Murphy បានសុំឱ្យ​ថ្នាក់ដឹកនាំកម្ពុជារក្សាគោនយោបាយការបរទេសដែលមានឯករាជ្យ​ និងតុល្យភាព ដើម្បីជាឧត្តមប្រយោជន៍​នៃប្រជាជនកម្ពុជា និងដើម្បីបន្តសកម្មភាពធំៗ ប្រឆាំងនឹងការជួញដូរមនុស្ស និង​ការឆបោក​តាមប្រព័ន្ធអ៊ីនធឺណិត»។

អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធក្នុងការអត្ថាធិប្បាយជុំវិញការស្នើនេះ ដោយ​ឱ្យ​សួរទៅកាន់អ្នកនាំពាក្យនាយករដ្ឋមន្រ្តីជំនួសវិញ ដោយ​លោកអះ​​អាងថា នេះជាជំនួប​ទ្វេភាគី ដូច្នេះ​ជាកាតព្វកិច្ចរបស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តី។

គេហទំព័រ Newsroom Cambodia ពុំអាចសុំ​ការអត្ថាធិប្បាយពីលោក មាស សោភ័ណ្ឌ ប្រធានក្រុម​អ្នកនាំពាក្យនាយករដ្ឋមន្រ្តី និង លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេស បាន​ទេ​ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដោយទូរសព្ទចូលមិនមានអ្នកទទួល។

ចំណែក ​ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីកម្ពុជា ទាក់ទិននឹងលទ្ធផលនៃជំនួបរវាង ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពុំបាន​លើកយកចំណុចនេះមកបញ្ជាក់នោះទេ។ តែយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍នោះ លើកឡើងថា ក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកពិភាក្សាពីការផ្ដល់ជំនួយរបស់អាមេរិក​ចំនួន ១៨លានដុល្លារឡើងវិញ ការសហការគ្នាជុំវិញការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងការស្រាវជ្រាវរកធាតុជនជាតិអាមេរិកដែលបាត់ខ្លួននៅកម្ពុជាក្នុងសម័យសង្រ្គាម។

ទោះជាយ៉ាងណា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នាពេលថ្មីៗនេះ    លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងពីគោលជំហរនយោបាយការបរទេសកម្ពុជា ក្នុងនាមលោកជាមេដឹកនាំទៅកាន់មជ្ឈដ្ឋានអន្តរជាតិ​ថា កម្ពុជាប្រកាន់ភ្ជាប់ពីគោលនយោ​បាយ​អព្យា​ក្រឹត និងកា​រ​គោរព​យ៉ាង​ម៉ឺងមាត់ចំពោះ​​រដ្ឋធម្មនុញ្ញកម្ពុជា ដោយ​ពុំអនុញ្ញាតឱ្យ​បរទេស​​ដាក់​មូលដ្ឋានទ័ព និងប្រើប្រាស់ទឹកដីកម្ពុជា ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋណាមួយ​នោះ​ទេ។

អ្នក​ស្រាវ​ជ្រាវ​ពី​ការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា សហរដ្ឋអាមេរិកកំពុងបង្ហាញក្ដីមន្ទិលសង្ស័យនៃនយោបាយការបរទេសកម្ពុជា អាចនឹងមានភាពលម្អៀងទៅរក​ចិន ដោយ​សារ​ប្រទេសទាំង២ មានកិច្ច​សហការកាន់តែស្អិតរមួត។

លោក​និយាយ​ថា៖​ «អ្វីដែលសហរដ្ឋអាមេរិកលើកឡើងជាចេតនាមួយ ដើម្បីបង្ហាញពីភាពមិនទុកចិត្តទៅលើភាពលម្អៀងរបស់កម្ពុជា ទៅជាមួយចិន ជាពិសេសដូចជាក្នុងរយៈពេលថ្មីៗនៅក្នុងដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិនក៏ជាផ្នែកមួយធ្វើឱ្យអាមេរិកនៅតែបន្តការតាមដានលើទំនាក់ទំនងកម្ពុជា-ចិន»។

កន្លងមក ប្រទេសកម្ពុជា ត្រូវបានក្រុមប្រទេសលោកខាងលិចបង្ហាញក្ដីបារម្ភជុំវិញការខិតជិតទៅរកប្រទេសចិនកុម្មនីស្ត ដែលនឹងអាចទាញកម្ពុជាទៅរកអំណាចផ្ដាច់ការ។ ឆ្លើយតបទៅនឹងក្ដីបារម្ភនេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងជាសាធារណៈម្ដងហើយម្ដងទៀតថា ប្រសិនបើប្រទេសកម្ពុជាមិនពឹងផ្អែកប្រទេសចិនលើការអភិវឌ្ឍសង្គម តើឱ្យកម្ពុជាពឹងផ្អែកប្រទេសមួយណា?៕