ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយុវជនមាតាធម្មជាតិចំនួន ៣រូប ចាកចេញពីប្រទេសកម្ពុជា ទៅទទួលពានរង្វាន់ Right Livelihood ឆ្នាំ២០២៣ ដោយផ្ទាល់នៅប្រទេសស៊ុយអ៊ែតនោះទេ ដោយលើកហេតុផលថា គ្មានភាពចាំបាច់។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមយុវជនចលនាមាតាធម្មជាតិចំនួន ៣រូប រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានដាក់ពាក្យស្នើទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំចាកចេញពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថានកម្រិតអន្តរជាតិ ដែលមានឈ្មោះថា Right Livelihood ២០២៣ នៅប្រទេសស៊ុយអ៊ែត(Sweden) ក្រោយអង្គការអន្តរជាតិមួយ បានប្រកាសផ្តល់ពានរង្វាន់នេះដល់ពួកគេ។
តែយ៉ាងណា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ នៅថ្ងៃទី០២ ខែតុលានេះ បានចារឆ្លើយតបនៅលើពាក្យស្នើសុំនោះថា «គ្មានភាពចាំបាច់ និងមិនអនុញ្ញាតឱ្យចេញក្រៅប្រទេស»។
សមាជិកចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា យល់ឃើញថា គឺជាលេសរបស់ព្រះរាជអាជ្ញា ចំពោះការឆ្លើយថាវាជារឿងមិនចាំបាច់ក្នុងការទៅទទួលពានរង្វាន់នោះដោយផ្ទាល់។ លោកបានដាក់ជាចម្ងល់ថា តើមិនមានចាំបាច់កម្រិតណា? បើពានរង្វាន់នេះត្រូវបានគេចាត់ទុកថាជាពានកិត្តិយសជាសកល និងមានគណៈកម្មការជាច្រើនប្រទេសក្នុងការវិនិច្ឆ័យ។ លោកបញ្ជាក់ថា នេះជាពានរង្វាន់ដំបូងសម្រាប់យុវជនកម្ពុជា ហើយក៏ជាកិត្តិយសមួយ មិនមែនសម្រាប់តែចលនាមាតាធម្មជាតិទេ តែសម្រាប់ប្រទេសជាតិទាំងមូល។
លោក ថុន រដ្ឋា និយាយថា៖ «ចំពោះការសម្រេចរបស់ព្រះរាជអាជ្ញានៅក្នុងថ្ងៃនេះ គឺជារឿងអយុត្តិធម៌មែនទែនសម្រាប់ពួកយើងដែលជាយុវជនស្រឡាញ់ធនធានធម្មជាតិ ហើយយើងបានចំណាយលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីទៅការពារធនធានធម្មជាតិ ហើយរហូតទទួលបានពានរង្វាន់កិត្តិយស សម្រាប់ប្រទេសជាតិទាំងមូល»។
ទោះជាយ៉ាងណា លោកថា ក្រោយព្រះរាជអាជ្ញាបដិសេធ ក្រុមចលនាមាតាធម្មជាតិ បាននិងកំពុងជ្រើសរើសសមាជិកផ្សេងទៀត ដែលមិនជាបំរាមតុលាការ ដើម្បីទៅទទួលពានរង្វាន់នេះជំនួស ខណៈពានរង្វាន់នេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកទឹកចិត្ត ផ្តល់តម្លៃ និងជំរុញឱ្យរួបលោក ក៏ដូចជាសមាជិកចលនាមាតាធម្មជាតិផ្សេងទៀត កាន់តែសកម្មក្នុងការការពារ និងថែរក្សាបរិស្ថានសម្រាប់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ជាមោទភាពមួយដ៏សំខាន់ដែលកិច្ចការពារបរិស្ថាន ដែលកើតចេញពីយុវជនខ្មែរ ដែលមានការទទួលស្គាល់ដោយអន្តរជាតិ រហូតទៅដល់ប្រគល់ពានរង្វាន់ដ៏ធំមួយនេះ មកដល់ពួកយើង ហើយក៏នឹងបង្ហាញយ៉ាងច្បាស់មួយទៀតថា សកម្មភាពដែលពួកយើងបានធ្វើកន្លងមក គឺជាសកម្មភាពដែលស្របច្បាប់»។
លោក ថុន រដ្ឋា បន្ថែមថា សកម្មភាពចលនាមាតាធម្មជាតិកន្លងមក គ្រាន់តែចូលរួមជួយបំពេញចំណុចខ្វះខាត និងលាតត្រដាងនូវការពិត ដើម្បីឱ្យមានដំណោះស្រាយចំពោះបញ្ហាទាំងអស់នោះ ដោយពួកគេគ្មានចេតនាណាមួយដើរប្រាកចេញពីច្បាប់ជាតិនោះឡើយ។
សមាជិកចលនាមាតាធម្មជាតិម្នាក់ទៀត កញ្ញា ភួន កែវរស្មី លើកឡើងថា នេះជាពានរង្វាន់ទី២ហើយ ដែលក្រុមយុវជនចលនាមាតាធម្មជាតិទទួលបាន ក្រោមការខិតខំប្រឹងប្រែង ដើម្បីការពារបរិស្ថាន និងថែរក្សាធនធានធម្មជាតិក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត១០ឆ្នាំមកនេះ។ ទោះបីមានសមាជិកមួយចំនួនត្រូវរងបទចោទពីតុលាការ និងខ្លះទៀតជាប់ពន្ធនាគារក្តី ក៏កញ្ញាថា យុវជនចលនាមាតាធម្មជាតិ នឹងមិនបោះបង់ឆន្ទៈក្នុងការការពារធនធានធម្មជាតិនោះឡើយ។
កញ្ញានិយាយថា៖ «យើងនឹងនៅតែបន្តភាពសកម្មក្នុងការការពារទៅលើធនធានធម្មជាតិដដែល យើងនៅតែប្តេជ្ញាចិត្តថាការងាររបស់ពួកយើងប្រាកដ១០០%មិនមានអ្វីខុសទេ យើងនៅបន្តភាកសកម្មនេះ ដើម្បីការពារទ្រព្យសម្បត្តិជាតិរបស់យើង»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ Right Livelihood បានឱ្យដឹងថា ការផ្តល់ពានរង្វាន់ Right Livelihood Award សម្រាប់ឆ្នាំ២០២៣ ដល់ក្រុមយុវជនចលនាមាតាធម្មជាតិនេះ ដោយសារតែពួកគេមានភាពក្លាហាន និងចូលរួមក្នុងការការពារបរិស្ថានធម្មជាតិរបស់ប្រទេសកម្ពុជា ក្នុងបរិបទនៃលំហប្រជាធិបតេយ្យ ត្រូវបានរិតត្បិតក្នុងកម្រិតធ្ងន់ធ្ងរ។
នាយកប្រតិបត្តិនៃអង្គការ Right Livelihood លោក Ole Von Uexkull បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ចលនាមាតាធម្មជាតិ គឺជាម្ចាស់ពានរង្វាន់ Right Livelihood Award ដំបូងគេនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនវ័យក្មេងដ៏ក្លាហាន ដែលកំពុងតស៊ូដើម្បីសិទ្ធិបរិស្ថាន និងលិទ្ធិប្រជាធិបតេយ្យ ដោយត្រូវប្រឈមមុខនឹងការគាបសង្កត់ពីសំណាក់របបដឹកនាំរបស់ប្រទេសកម្ពុជា។ តាមរយៈសកម្មភាពរបស់ពួកគេបានរួមចំណែកការពារបរិស្ថាន និងសិទ្ធិរស់រាន ព្រមទាំងលើកកម្ពស់សំឡេងសហគមន៍ និងប្រឆាំងអំពើពុករលួយ ទោះបីមានការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញតាមផ្លូវច្បាប់ ក៏ពួកគេនៅបន្តតស៊ូយ៉ាងអង់អាច»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការទាញយកផលប្រយោជន៍អំពីការអភិវឌ្ឍអ្វីមួយ សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ លោកបន្តថា រដ្ឋាភិបាល ក៏បានគិតគូរ និងសិក្សាពីផលប៉ះពាល់យ៉ាងម៉ត់ចត់ដែរ នៅពេលមានការអនុញ្ញាតឱ្យមានការអភិវឌ្ឍនៅតំបន់ធម្មជាតិណាមួយ។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលមានគោលនយោបាយ បើកន្លែងណាមានផលប្រយោជន៍គួរអភិវឌ្ឍន៍ ត្រូវតែអភិវឌ្ឍន៍ ប៉ុន្តែមានសកម្មជនមួយចំនួន ដែលតាំងខ្លួនថាជាសកម្មជន យល់ឃើញផ្ទុយតាមតែចិត្តខ្លួនយល់ឃើញ ទៅជាថាការអភិវឌ្ឍហ្នឹងទៅជាប៉ះពាល់បរិស្ថានអី អាហ្នឹងជាការយល់ឃើញរបស់ពួកគាត់»។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ចន្ទរឿន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា គួរមានការលើកទឹកចិត្ត និងគាំទ្រសកម្មភាពរបស់យុវជន ក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ លោកក៏បានជំរុញឱ្យរដ្ឋាភិបាល និងយុវជន មានការយល់ពីគ្នាទៅវិញទៅមក អំពីការអភិវឌ្ឍដែលមានទំនាក់ទំនងនឹងបរិស្ថាន។
លោកបញ្ជាក់ថា៖ «សកម្មភាពរបស់យុវជន ពួកគាត់ល្អ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍមួយ ដែលអាចទទួលយកបានទាំងអស់គ្នា ទាំងពលរដ្ឋ និងរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាល និងសកម្មជនបរិស្ថាន គួរយល់គ្នាឱ្យបានច្រើនជាងនេះទៀត»។
អស់រយៈពេលជាង៤០ឆ្នាំមកនេះ Right livelihood ត្រូវបានផ្តល់ និងគាំទ្រដល់បុគ្គលនានា ដែលមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាសកល។ មកទល់បច្ចុប្បន្ននេះ មានម្ចាស់ជ័យលាភីចំនួន ១៩៤នាក់ មកពី៧៦ប្រទេសបានទទួលពានរង្វាន់នេះ ដែលក្នុងនោះរួមមានសកម្មជនបរិស្ថានស៊ុយអែត Greta Thunberg អ្នកការពារសិទ្ធិមនុស្សអ៊ុយក្រែន។ Oleksandra Matviichuk អ្នកតស៊ូមតិដើម្បីសិទ្ធិស្តីក្រុងហ្គោ បណ្ឌិត Denis Mukwege។
បើតាមការលើកឡើងរបស់ក្រុមយុវជនមាតាធម្មជាត គឺចាប់តាំងពីឆ្នាំ ២០១៣មក ពួកគេបានធ្វើសកម្មភាពជាច្រើន ដោយរួមមាន យុទ្ធនាការបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង យុទ្ធនាការបញ្ឈប់ការបូមខ្សាច់នៅខេត្តកោះកុង យុទ្ធនាការប្រឆាំងនឹងការបង្ហូរទឹកកង្វក់នៅខេត្តព្រះសីហនុ បញ្ហាសំរាម ការសាងសង់អគាររំលោភលើឆ្នេរសមុទ្រ និងការលុបបឹងនានាក្នុងរាជធានីភ្នំពេញជាដើម។ យ៉ាងណា ក្រុមយុវជនទាំងនោះ ក៏កំពុងប្រឈមនឹងបទចោទរបស់តុលាការ ក្នុងសំណុំរឿង «រួមគំនិតក្បត់» ដែលពួកគេមិនត្រូវបានអនុញ្ញាតឱ្យចេញទៅក្រៅប្រទេសឡើយ៕