ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យ​យុវជនមាតាធម្មជាតិចំនួន ៣រូប ចាកចេញពីប្រទេស​កម្ពុជា ទៅ​ទទួលពានរង្វាន់ Right Livelihood ឆ្នាំ២០២៣ ដោយផ្ទាល់នៅប្រទេសស៊ុយអ៊ែត​​​នោះ​ទេ ដោយលើកហេតុ​​ផល​ថា គ្មានភាពចាំបាច់។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមយុវជន​​ចលនាមាតាធម្មជាតិចំនួន ៣រូប​​ រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា បានដាក់ពាក្យស្នើទៅសាលា​ដំបូង​រាជធានីភ្នំពេញ ដើម្បីសុំចាកចេញពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣​ ទៅទទួលពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន​កម្រិត​អន្តរជាតិ​ ដែលមានឈ្មោះថា Right Livelihood ២០២៣ នៅ​ប្រទេសស៊ុយអ៊ែត(Sweden) ក្រោយ​អង្គការអន្តរជាតិមួយ បាន​ប្រកាស​ផ្តល់ពានរង្វាន់នេះដល់ពួកគេ។

តែយ៉ាងណា ព្រះរាជអាជ្ញាអម​សាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ នៅថ្ងៃទី០២ ខែតុលានេះ បាន​ចារឆ្លើយតបនៅលើពាក្យស្នើ​សុំ​នោះថា «គ្មានភាពចាំបាច់ និងមិនអនុញ្ញាតឱ្យ​ចេញក្រៅប្រទេស»

សមាជិកចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា យល់ឃើញ​ថា គឺជាលេសរបស់ព្រះរាជអាជ្ញា ចំពោះការឆ្លើយថាវាជារឿងមិនចាំបាច់ក្នុងការទៅទទួលពានរង្វាន់នោះដោយផ្ទាល់។ លោក​បានដាក់ជាចម្ងល់ថា តើមិនមាន​ចាំបាច់​កម្រិតណា? បើពានរង្វាន់នេះត្រូវបានគេ​ចាត់ទុកថាជាពានកិត្តិយសជាសកល និងមានគណៈកម្មការជាច្រើនប្រទេសក្នុងការវិនិច្ឆ័យ។ លោកបញ្ជាក់ថា នេះជាពានរង្វាន់ដំបូងសម្រាប់យុវជនកម្ពុជា ហើយក៏ជា​កិត្តិយសមួយ មិនមែនសម្រាប់តែចលនាមាតាធម្មជាតិទេ តែ​សម្រាប់ប្រទេសជាតិទាំងមូល។

លោក ថុន រដ្ឋា និយាយ​ថា៖ «ចំពោះការសម្រេចរបស់ព្រះរាជអាជ្ញានៅក្នុងថ្ងៃនេះ គឺជារឿង​អយុត្តិធម៌មែនទែនសម្រាប់ពួកយើងដែល​ជា​យុវជនស្រឡាញ់ធនធានធម្មជាតិ ហើយយើងបានចំណាយលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីទៅការពារធនធានធម្មជាតិ ហើយ​រហូតទទួលបានពានរង្វាន់កិត្តិយស សម្រាប់ប្រទេសជាតិទាំងមូល»

ទោះជាយ៉ាងណា លោកថា ក្រោយព្រះរាជអាជ្ញាបដិសេធ ក្រុមចលនាមាតាធម្មជាតិ បាននិង​កំពុងជ្រើស​រើស​​សមាជិក​ផ្សេងទៀត ដែលមិនជាបំរាម​តុលាការ ដើម្បីទៅទទួលពានរង្វាន់នេះជំនួស ខណៈ​ពានរង្វាន់នេះ​ដើរតួនាទីយ៉ាង​​សំខាន់ ក្នុងការលើកទឹកចិត្ត ផ្តល់តម្លៃ និង​ជំរុញឱ្យរួបលោក ក៏ដូចជា​សមាជិកចលនាមាតាធម្មជាតិផ្សេងទៀត កាន់តែសកម្ម​ក្នុងការ​ការ​ពារ និង​ថែរក្សាបរិស្ថានសម្រាប់ប្រទេសកម្ពុជា។

លោក​បញ្ជាក់​ថា៖  «ជាមោទភាពមួយដ៏សំខាន់ដែលកិច្ចការពារបរិស្ថាន ដែលកើតចេញពីយុវជនខ្មែរ ដែលមានការទទួលស្គាល់ដោយអន្តរជាតិ រហូតទៅដល់ប្រគល់ពានរង្វាន់ដ៏ធំមួយនេះ មកដល់ពួកយើង ហើយក៏នឹងបង្ហាញយ៉ាងច្បាស់មួយទៀតថា សកម្មភាពដែលពួកយើង​បានធ្វើកន្លងមក គឺជាសកម្មភាពដែលស្របច្បាប់»។

លោក ថុន រដ្ឋា បន្ថែម​ថា សកម្មភាពចលនាមាតាធម្មជាតិកន្លងមក គ្រាន់តែចូលរួមជួយបំពេញចំណុចខ្វះខាត និងលាតត្រដាងនូវការ​ពិត​​ ដើម្បីឱ្យមានដំណោះស្រាយ​ចំពោះបញ្ហាទាំងអស់នោះ ដោយពួកគេ​​គ្មានចេតនាណាមួយដើរប្រាកចេញពីច្បាប់ជាតិនោះឡើយ។

សមាជិកចលនាមាតាធម្មជាតិម្នាក់ទៀត​ កញ្ញា ភួន កែវរស្មី លើកឡើងថា នេះជាពានរង្វាន់ទី២ហើយ ដែលក្រុមយុវជនចលនាមាតាធម្មជាតិទទួលបាន ក្រោមការ​​ខិត​ខំ​ប្រឹង​ប្រែង ដើម្បីការពារបរិស្ថាន និង​ថែរក្សាធនធានធម្មជាតិក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត១០ឆ្នាំមកនេះ។ ទោះបីមាន​សមាជិកមួយចំនួនត្រូវរងបទចោទពីតុលាការ និងខ្លះទៀតជាប់ពន្ធនាគារក្តី ក៏កញ្ញាថា យុវជនចលនាមាតាធម្មជាតិ នឹង​មិនបោះបង់ឆន្ទៈក្នុងការ​ការពារធនធានធម្មជាតិនោះឡើយ។

កញ្ញានិយាយថា៖ «យើងនឹងនៅតែបន្តភាពសកម្មក្នុងការការពារទៅលើធនធានធម្មជាតិដដែល យើងនៅតែប្តេជ្ញាចិត្តថាការងាររបស់ពួកយើងប្រាកដ១០០%មិនមានអ្វីខុសទេ យើងនៅបន្តភាកសកម្មនេះ ដើម្បីការពារទ្រព្យសម្បត្តិជាតិរបស់យើង»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​អង្គការ​ Right Livelihood បានឱ្យដឹងថា ការ​​ផ្តល់ពានរង្វាន់ Right Livelihood Award សម្រាប់ឆ្នាំ២០២៣ ដល់ក្រុមយុវជនចលនាមាតាធម្មជាតិនេះ ដោយសារ​តែ​ពួកគេមានភាពក្លាហាន​ និងចូលរួម​ក្នុងការ​​​​ការពារ​បរិស្ថាន​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា ​ក្នុង​បរិបទ​នៃ​លំហ​ប្រជាធិបតេយ្យ ត្រូវ​​បានរិតត្បិត​ក្នុងកម្រិតធ្ងន់ធ្ងរ។

នាយកប្រតិបត្តិនៃអង្គការ Right Livelihood លោក Ole Von Uexkull បានលើកឡើងក្នុងសេចក្តីប្រកាស​ព័ត៌មាន​ថា ចលនាមាតាធម្មជាតិ គឺជាម្ចាស់ពានរង្វាន់ Right Livelihood Award ដំបូងគេនៅក្នុងប្រទេសកម្ពុជា។

លោកបញ្ជាក់ថា៖ «ចលនាមាតាធម្មជាតិ គឺជាក្រុមសកម្មជនវ័យក្មេងដ៏ក្លាហាន ដែលកំពុងតស៊ូដើម្បីសិទ្ធិបរិស្ថាន និងលិទ្ធិប្រជាធិបតេយ្យ ដោយ​ត្រូវប្រឈមមុខនឹងការគាបសង្កត់ពីសំណាក់របបដឹកនាំរបស់ប្រទេសកម្ពុជា។ តាមរយៈសកម្មភាពរបស់ពួកគេបានរួមចំណែកការ​ពារ​បរិស្ថាន និងសិទ្ធិរស់រាន ព្រម​ទាំងលើកកម្ពស់សំឡេង​សហគមន៍ និងប្រឆាំងអំពើពុករលួយ ទោះបីមានការចាប់ខ្លួន និងធ្វើទុក្ខ​បុក​ម្នេញតាម​ផ្លូវ​ច្បាប់ ក៏​ពួកគេនៅបន្តតស៊ូយ៉ាងអង់អាច»។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយច្បាស់​លាស់​ក្នុង​ការ​ទាញយកផលប្រយោជន៍អំពីការអភិវឌ្ឍអ្វីមួយ សម្រាប់ជាតិ និ​ងប្រជាពលរដ្ឋ។ លោក​បន្តថា រដ្ឋាភិបាល ក៏បាន​គិត​គូរ និង​សិក្សា​ពីផលប៉ះពាល់​យ៉ាងម៉ត់ចត់ដែរ នៅពេល​មានការ​អនុញ្ញាតឱ្យ​មានការ​អភិវឌ្ឍ​​នៅតំបន់​ធម្មជាតិណាមួយ។

លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលមាន​គោលនយោបាយ បើ​ក​ន្លែងណាមាន​ផលប្រយោជន៍គួរអភិវឌ្ឍន៍ ត្រូវតែអភិវឌ្ឍន៍ ប៉ុន្តែមានសកម្មជន​មួយ​ចំនួន ដែល​តាំងខ្លួនថាជាសកម្មជន យល់ឃើញផ្ទុយតាមតែចិត្តខ្លួនយល់ឃើញ ទៅជាថាការអភិវឌ្ឍហ្នឹងទៅជាប៉ះពាល់បរិស្ថានអី អាហ្នឹងជាការយល់ឃើញរបស់ពួកគាត់»។

ប្រធាន​​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក ប៉ា ចន្ទរឿន មាន​ប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា​​ គួរ​​មានការលើក​ទឹក​ចិត្ត និងគាំទ្រ​​សកម្មភាព​របស់​​យុវជន ​ក្នុងកិច្ចការការពារបរិស្ថាន និងធនធានធម្មជាតិ។​ ជាមួយគ្នានេះដែរ លោកក៏បាន​ជំរុញឱ្យរដ្ឋាភិបាល និងយុវជន មានការយល់ពីគ្នាទៅវិញទៅមក​ អំពីការអភិវឌ្ឍដែលមាន​ទំនាក់​ទំនងនឹង​បរិស្ថាន។

លោកបញ្ជាក់ថា៖ «សកម្មភាពរបស់យុវជន ពួកគាត់ល្អ ដើម្បីជំរុញឱ្យមានការអភិវឌ្ឍមួយ ដែលអាចទទួលយកបាន​ទាំងអស់គ្នា ទាំងពលរដ្ឋ និងរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាល និងសកម្មជនបរិស្ថាន គួរយល់គ្នាឱ្យបានច្រើនជាង​នេះ​ទៀត»។

អស់រយៈពេលជាង៤០ឆ្នាំមកនេះ Right livelihood ត្រូវបានផ្តល់ និងគាំទ្រដល់បុគ្គលនានា ដែលមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាសកល។ មកទល់បច្ចុប្បន្ននេះ មានម្ចាស់ជ័យលាភីចំនួន ១៩៤នាក់ មកពី៧៦ប្រទេស​បានទទួលពានរង្វាន់នេះ ដែលក្នុងនោះរួមមានសកម្មជនបរិស្ថានស៊ុយអែត Greta Thunberg អ្នកការពារសិទ្ធិមនុស្សអ៊ុយក្រែន។ Oleksandra Matviichuk អ្នកតស៊ូមតិដើម្បីសិទ្ធិស្តីក្រុងហ្គោ បណ្ឌិត Denis Mukwege។

បើតាមការលើកឡើង​របស់​ក្រុមយុវជនមាតាធម្មជាត គឺ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣មក ​ពួកគេ​​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ​ដោយ​រួម​មាន​ យុទ្ធនាការ​បញ្ឈប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង ​យុទ្ធនាការ​បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះ​កុង​ យុទ្ធនា​ការ​ប្រឆាំង​នឹង​ការ​បង្ហូរ​ទឹក​កង្វក់​នៅ​ខេត្ត​ព្រះ​សីហនុ ​បញ្ហា​សំរាម​ ការ​សាង​​សង់​​អគារ​រំលោភ​លើ​ឆ្នេរ​សមុទ្រ ​និង​ការ​លុប​បឹង​នានាក្នុង​រាជ​ធានី​ភ្នំពេញ​ជាដើម។ យ៉ាងណា ក្រុមយុវជនទាំង​​នោះ ​ក៏​កំពុង​ប្រឈម​នឹង​បទ​ចោទ​របស់​តុលាការ ​ក្នុង​សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស​ឡើយ៕