សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្ដល់សាលក្រមតុលាការជាន់ទាបឱ្យនៅដដែល ដោយច្រានចោលបណ្ដឹងទម្លាក់បទចោទប្រកាន់លើមន្រ្តីសហជីព និងសកម្មជនផ្សេងទៀត ពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ខែគោលកម្មករនិយោជិត កាលពីជិត១០ឆ្នាំមុន នៅរាជធានីភ្នំពេញ ប៉ុន្តែលើកលែងការផាកពិន័យជាប្រាក់ ៨លានរៀលលើមនុស្ស ៤នាក់។
កាលពីខែមករា ឆ្នាំ២០១៤ មនុស្ស ១០នាក់ ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ាមួយនៅខាងក្រៅរោងចក្រយ៉ាកជីន (Yakjin) ដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទីដែលបាតុករទាមទារដំឡើងប្រាក់ឈ្នួល។
ក្រោយមក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សកម្មជនមួយចំនួន មានលោក ថេង សាវឿន, លោក វន់ ពៅ, លោក ចាន់ ពុទ្ធិស័ក និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទផ្តើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោងតាមមាត្រា២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ។ ចំណែកសកម្មជនផ្សេងទៀត រួមមាន លោក រ៉េត រដ្ឋា, លោក ណាគ្រី វ៉ាន់ដា, លោក យ៉ុង សំ, លោក ឈឹម ធឿន, លោក តេង ចន្ធី និងលោក ឡន សាន ត្រូវបានរកឃើញពិរុទ្ធភាពពីបទហិង្សាមានស្ថានទម្ងន់ទោស។
បុរសទាំងនោះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់៤ឆ្នាំកន្លះ ប៉ុន្តែទោសរបស់ពួកគាត់ទាំងអស់គ្នាត្រូវបានព្យួរ និងត្រូវបានដោះលែងក្រោយសវនាការនៅខែឧសភា ឆ្នាំ២០១៤។ បុរស៤នាក់ត្រូវពិន័យជាប្រាក់៨លានរៀល។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ឱ្យដឹងថា ក្នុងសំណុំរឿងនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង បានសម្រេចតម្កល់សំណុំរឿងនេះទុកជាបានការដដែល ប៉ុន្តែបានសម្រេចលុបចោលការបង់ប្រាក់ពិន័យចំនួន ៨លានរៀលចេញវិញ។
យ៉ាងណា លោក វន់ ពៅ ចាត់ការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញថា ជាការសម្រេចដោយអយុត្តិធម៏ទៅលើរូបលោកដែលជាជនរងគ្រោះ ដោយត្រូវអាជ្ញាធរវាយដំពេញខ្លួន ហើយជាប់ពន្ធនាគារទៀត។ លោកបន្តថា អស់រយៈពេលជិត ១០ឆ្នាំមកហើយ ដែលលោកទន្ទឹងរងចាំយុត្តិធម៌ ក្រោយក្រុមអ្នកការពារសិទ្ធិមនុស្សបានសម្រេចប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់ពីបទ «ផ្ដើមគំនិតឱ្យមានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»នេះ។
លោកនិយាយថា៖ «ខ្ញុំយល់ឃើញថា រឿងនេះគឺខ្ញុំជាអ្នករងគ្រោះ មិនទាន់បានយុត្តិធម៌នៅឡើយបែរជារងនូវការចោទប្រកាន់ពីប្រព័ន្ធតុលាការដដែល។ ចឹងវាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំដែលជាអ្នករងគ្រោះ ដែលគេវាយស្ទើរតែស្លាប់បាត់បង់ជីវិត គេចាប់ដាក់ពន្ធនាគារចេញពីពន្ធនាគារមកហើយនូវជាប់ទោសទណ្ឌទៀត»។
លោក វន់ ពៅ អះអាងថា លោកនឹងពិភាក្សាជាមួយមេធាវីដើម្បីដាក់បណ្ដឹងសារទុក្ខទៅតុលាការកំពូល ក្នុងពាក់កណ្ដាលខែតុលានេះ។
ចំណែក ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន មានប្រសាសន៍ថា ការតម្ដល់សាលក្រមនេះ ជាការចង្អុលបង្ហាញថា ការទទួលបាននូវយុត្តិធម៌ គឺពិបាកសម្រាប់លោក និងមនុស្ស៩នាក់ទៀត ដែលជាជនរងគ្រោះនៃអំពើហិង្សាយ៉ាងព្រៃផ្សៃកាលពីជិត១០ឆ្នាំមុន។
លោកថា៖ «វាជារឿងមួយដែរ មើលឃើញថា ដំណើរការនៃការផ្ដល់យុត្តិធម៌នៅកម្ពុជាពិបាកសម្រាប់អ្នកដែលរងគ្រោះ ដូចជាពួកយើង»។
Newsroom Cambodia ពុំអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ជុំវិញសំណុំរឿងនេះបានទេ៕