សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្ដល់សាលក្រមតុលាការជាន់ទាបឱ្យនៅដដែល ដោយច្រានចោលបណ្ដឹងទម្លាក់បទចោទប្រកាន់លើមន្រ្តីសហជីព និងសកម្មជនផ្សេងទៀត ពាក់ព័ន្ធនឹងការតវ៉ាដំឡើងប្រាក់ខែគោលកម្មករនិយោជិត​ កាលពីជិត១០ឆ្នាំមុន នៅរាជធានីភ្នំពេញ ប៉ុន្តែលើកលែងការផាកពិន័យជាប្រាក់ ៨លានរៀលលើមនុស្ស ៤នាក់។

កាលពីខែមករា ឆ្នាំ២០១៤ មនុស្ស ១០នាក់ ក្នុងនោះមានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានចាប់ខ្លួននៅក្នុង​ការតវ៉ាមួយ​នៅ​​ខាងក្រៅរោង​ចក្រយ៉ាកជីន (Yakjin) ដែល​​មាន​​ម្ចាស់​​ជា​​ជនជាតិកូរ៉េខាងត្បូង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី​ដែលបាតុករទាមទារដំឡើងប្រាក់ឈ្នួល។

ក្រោយមក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ សកម្មជនមួយចំនួន មាន​លោក ថេង សាវឿន, លោក វន់ ពៅ, លោក ចាន់ ពុទ្ធិស័ក និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ ត្រូវបានតុលាការរកឃើញ​​ពិរុទ្ធភាព​ពីបទផ្តើម​គំនិត​ឱ្យ​​មានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យោង​តាមមាត្រា២៨ និង២១៨ នៃក្រមព្រហ្មទណ្ឌ។ ចំណែកសកម្មជនផ្សេងទៀត រួមមាន លោក រ៉េត រដ្ឋា, លោក ណាគ្រី វ៉ាន់ដា, លោក យ៉ុង សំ, លោក ឈឹម ធឿន, លោក តេង ចន្ធី និងលោក​ ឡន សាន ត្រូវ​បាន​រក​ឃើញ​​ពិរុទ្ធភាព​ពី​បទ​ហិង្សា​​​មាន​​ស្ថាន​ទម្ងន់​ទោស។

បុរស​ទាំង​នោះ​ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យជាប់​​ពន្ធនាគារ​រហូត​ដល់​៤​ឆ្នាំ​កន្លះ ប៉ុន្តែ​ទោស​របស់​ពួកគាត់​ទាំង​អស់គ្នា​​ត្រូវ​បាន​ព្យួរ និង​​ត្រូវ​បាន​ដោះ​លែង​ក្រោយ​សវនាការ​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤។ បុរស​៤​នាក់​ត្រូវ​​ពិន័យជា​ប្រាក់​៨​លាន​រៀល។

ប្រធានសមាគមប្រ​ជា​​​ធិបតេយ្យឯករាជ្យនៃសេដ្ឋ​កិច្ច​ក្រៅប្រព័ន្ធ (IDEA) លោក វន់​ ពៅ ឱ្យដឹងថា ក្នុងសំណុំរឿងនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង បានសម្រេចតម្កល់សំណុំរឿងនេះទុកជាបានការដដែល ប៉ុន្តែបានសម្រេច​លុប​ចោល​ការបង់ប្រាក់ពិន័យចំនួន ៨លាន​រៀលចេញវិញ។

យ៉ាងណា លោក ​វន់ ពៅ ចាត់ការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញថា ជា​ការ​សម្រេច​ដោយ​អយុត្តិធម៏ទៅ​លើរូបលោកដែលជាជនរងគ្រោះ ដោយត្រូវអាជ្ញាធរវាយដំពេញខ្លួន ហើយ​ជាប់​ពន្ធនាគារ​ទៀត។ លោក​បន្តថា អស់​​រយៈ​ពេលជិត ១០ឆ្នាំមកហើយ ដែល​លោកទន្ទឹងរងចាំយុត្តិធម៌​ ក្រោយក្រុម​អ្នក​ការ​ពារ​សិទ្ធិមនុស្សបាន​សម្រេច​ប្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងការចោទប្រកាន់ពីបទ «ផ្ដើម​គំនិត​ឱ្យ​មានអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»នេះ។

លោកនិយាយ​ថា៖ «ខ្ញុំយល់ឃើញថា រឿង​នេះ​គឺ​ខ្ញុំ​ជា​អ្នក​រង​គ្រោះ មិនទាន់បានយុត្តិធម៌នៅឡើយ​បែរជារងនូវការចោទប្រកាន់ពីប្រព័ន្ធតុលាការដដែល។ ចឹងវាជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់ខ្ញុំដែលជាអ្នករងគ្រោះ ដែលគេវាយស្ទើរតែស្លាប់បាត់បង់ជីវិត គេចាប់ដាក់ពន្ធនាគារចេញពីពន្ធនាគារមកហើយនូវជាប់ទោសទណ្ឌទៀត»

លោក វន់ ពៅ អះអាងថា លោកនឹងពិភាក្សាជាមួយមេធាវីដើម្បីដាក់បណ្ដឹងសារទុក្ខ​ទៅតុលាការ​កំពូល ក្នុង​ពាក់​កណ្ដាល​ខែ​តុលា​នេះ។

ចំណែក ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ​(CCFC)​ លោក ​ថេង សាវឿន មានប្រសាសន៍ថា ការ​តម្ដល់សាលក្រមនេះ ជាការចង្អុលបង្ហាញថា ការទទួលបាននូវយុត្តិធម៌ គឺពិបាកសម្រាប់លោក និងមនុស្ស៩នាក់ទៀត ដែល​ជាជន​រង​គ្រោះនៃអំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃកាលពីជិត១០ឆ្នាំមុន។

លោកថា៖ «វាជារឿងមួយដែរ មើលឃើញថា ដំណើរការនៃការផ្ដល់យុត្តិធម៌នៅកម្ពុជាពិបាកសម្រាប់​អ្នកដែលរងគ្រោះ ដូចជាពួកយើង»។

Newsroom Cambodia ពុំអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ជុំវិញសំណុំរឿងនេះបានទេ៕