អាជ្ញាធរខេត្តព្រះសីហនុអះអាងថា មនុស្ស២នាក់ជាម្ដាយ និងកូនដែលបាត់ខ្លួននៅ​​ល​ម្ហ​​សមុទ្រកម្ពុជា ត្រ​​ង់​ចំណុច​​កោះតាង ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ គឺរកមិនទាន់ឃើញនៅ​​ឡើ​​យ​​​​ទេ​​គិតត្រឹមល្ងាចថ្ងៃចន្ទ។

ថ្លែងប្រាប់ Newsroom Cambodia នៅថ្ងៃទី ២ ខែ តុលា មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម លោ​​ក វិត សុភ័ក្រ មានប្រសាសន៍ គិតត្រឹមម៉ោង៥ល្ងាចថ្ងៃចន្ទ គឺអាជ្ញាធរមិនទាន់រកឃើញម​​នុ​​ស្ស២នាក់ដែ​​លបានបាត់ខ្លួននៅឡើយទេ ខណៈប្រតិបត្តិការនៃការរុករក អ្នកបាត់ខ្លួនទាំងពីរនាក់នេះ បានចាប់ផ្ដើមតាំ​​ងពីម៉ោង៧ព្រឹក តែនៅមិនទាន់មានតម្រុយណាមួយនៅឡើយ។

មិនតែប៉ុណ្ណោះ ឥឡូវនេះកងទ័ពជើងទឹក ព្រមទាំងកងកម្លាំងការពារព្រំដែនទឹកកម្ពុជាកំពុងសហការគ្នាដើ​ម្បី​ពង្រីកការរុករកបន្ថែមទៀតពាក់ព័ន្ធនឹងម្ដាយ និងកូនដែលបាត់ខ្លួននៅក្នុងលម្ហសមុទ្រក្បែរកោះតាងនោះ​​។

លោកបន្តថា៖«កំពុងតែរកឥឡូវហ្នឹងនៅលើផ្ទៃសមុទ្រ ខាងលម្ហ ក៏ដូចជាការពារព្រំដែនទឹកកំពុងតែរក។ […] (ជនរងគ្រោះ?) ឮថាម្ដាយនិងកូន »

ចំណែក អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា ករណីម្ដាយ និងកូនដែលបាន​បាត់ខ្លួនក្នុងលម្ហសមុទ្រ បានកើតឡើងតាំងពីថ្ងៃទី ១ខែ តុលា។ លោកបន្តថា គិតត្រឹមម៉ោង៥កន្លះល្ងាច ថ្ងៃ​​ទី០២ ខែតុលា លោកនៅមិនទាន់ទទួលបានព័ត៌មានលម្អិតពីអាជ្ញាធរក្រុងកោះរ៉ុងទាក់ទិននឹងជនរងគ្រោះទាំងពីរនាក់នេះទេនៅឡើយទេ។

លោកបន្តថា៖«ខ្ញុំអត់ទាន់ទទួលបានរបាយការណ៍លម្អិតទេ។ ចាំមើលបានរបាយការណ៍លម្អិត ចាំមើលខ្ញុំផ្ដល់ទៅបន្តបន្ទាប់»

កាសែតក្នុងស្រុក បានចេញផ្សាយថា នៅយប់ថ្ងៃទី០១ ខែតុលា មានស្រ្តី វ័យ២៤ឆ្នាំ និងកូនស្រីតូច រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្លាក់ពីលើទូកនេសាទ ហើយក៏បាត់ខ្លួនក្នុងលំហសមុទ្រនោះ​​​​ភ្លាមដែរ។ប្រភពដដែលបន្តថា ទូកនេសាទដែលជួបនូវឧបទ្ទវហេតុនេះ គឺមានផ្ទុកមនុស្សចំនួន៦នាក់​​។

ករណីស្រដៀងគ្នានេះដែរ កាលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ មានករណីលិចទូកដោយបាត់ខ្លួនមនុស្សចំនួន២នាក់ ស្ថិតក្នុងតំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ ប៉ុន្តែជនរងគ្រោះទាំង២នាក់នោះត្រូវរកឃើញ ហើ​​យ​​នៅ​​​​មានជីវិត ខណៈដែលពួកគេបានប្រើប្រាស់ធុងទឹកជ័រ ដើម្បីបណ្តែតតាមទឹកនៅ​​​​ក្នុងស​​មុ​​ទ្រ​ដែល​​ប្រើ​​រយៈ​​ពេលជិត១៤ម៉ោង​ ទើបត្រូវបានសង្រ្គោះដោយអ្នកនេសាទតាមទូក៕