អង្គភាពប្រឆាំងអំពើពុករលួយកំពុងពិនិត្យឯកសារដោះបន្ទុករបស់អភិបាលរងស្រុកបូរីជលសារ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងដែលចោទប្រកាន់ថា លោកបានលួចកិបកេងយកប្រាក់ឧបត្ថមចំនួន៦ពាន់ដុល្លារអាមេរិកពីអតីតឧបនាយករដ្ឋមន្ត្រីម្នាក់ ដែលថវិកាចំណាយនេះសម្រាប់យកទៅកសាងសមិទ្ធិផលសង្គម។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប្រាប់គេហទំព័រ Newsroom Cambodia នៅថ្ងៃទី៤ ខែតុលា ថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងពិនិត្យមើលឯកសារដោះបន្ទុក របស់អភិបាលរងស្រុកបូរីជលសារ ដែលដាក់ចូលមកដើម្បីបំភ្លឺប្រឆាំងការចោទប្រកាន់។
បើទោះជាបែបណា អ្នកនាំពាក្យរូបនេះបានបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ជុំវិញករណីករណីនេះ ក្រោមហេតុផលថា នេះជាការកិច្ចការផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអាចនាំឱ្យប៉ះពាល់ដល់នីតិវិធី នៃការស៊ើបអង្កេតក្តី។
លោកបន្តថា៖ «លោក សាន់ សុះ បានធ្វើការបំភ្លឺមក អ.ប.ព រួចហើយ។ ខ្ញុំអាចជម្រាបបានថាយើងស្ថិតក្នុងដំណាក់កាលពិនិត្យលើការបំភ្លឺ និងឯកសារដែល លោក សាន់ សុះ មកភ្ជាប់មក» ។
កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតបង្គាប់ឱ្យលោក សាន់ សុះ ដែលជាអភិបាលរងស្រុកបូរីជលសា ឆ្លើយបំភ្លឺប្រាក់ឧបត្ថមចំនួន ៦ពាន់ដុល្លារអាមេរិក របស់លោក ប៊ិន ឈិន អតីតឧបនាយករដ្ឋមន្រ្តី ត្រូវបាត់បង់ដោយមិនដឹងពីមូលហេតុ។
តាមរយៈលិខិតដដែលនេះ បញ្ជាក់ថា លុយចំនួន៦ពាន់ដុល្លារនោះ គឺចំណាយទៅលើថ្លៃធ្វើដំបូលសំយ៉ាប់មុខវិហារឥស្លាម ស្ថិតនៅក្នុងភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសា ខេត្តតាកែវ។ក៏ប៉ុន្តែថវិកានោះ ត្រូវបាត់បង់ដោយមិនដឹងពីមូលហេតុ។ផ្ទុយទៅវិញ របាយការណ៍ចំណាយសម្រាប់ធ្វើដំបូលនេះ បែរជាដាក់ថាទទួលបានពីការរៃអង្គាសថវិកាពីអ្នកភូមិ រួមទាំងជំនួយឧបត្ថម្ភពីសប្បុរសជនក្នុង និងក្រៅប្រទេសទៅវិញ។
លិខិតបន្តថា៖ «តើប្រាក់ឧបត្ថមចំនួន៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ភូមិកំពង់យោល លោកយកទៅចាត់ចែង និងចំណាយលើគម្រោងអ្វីខ្លះ?» ។
គេហទំព័រ Newsroom Cambodia ពុំទាន់អាចសុំការបកស្រាយពី លោក សាន់ សុះ អភិបាលរងស្រុកបូរីជលសារបានទេ គិតត្រឹមថ្ងៃទី៤ ខែតុលានេះ។ក៏ប៉ុន្តែអភិបាលស្រុកបូរីជលសារ លោក ស៊ូ ភិរម្យ បញ្ជាក់ដោយខ្លីថា លោក សាន់ សុះ បានប្រគល់ឯកសារបំភ្លឺទៅអង្គភាពប្រឆាំងអំពើពុករលួយ រួចរាល់ហើយកាលពីប៉ុន្មានថ្ងៃមុននេះ។
លោកបន្តថា៖ «គាត់បំភ្លឺអស់ហើយ ប៉ុន្មានថ្ងៃមុន» ។
ចំណែក ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ទាមទារឱ្យ អង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតលើករណីនេះដោយឯករាជ្យ និងស្វែងរកភាគីពាក់ព័ន្ធព្រមទាំងបង្ហាញឯកសារនានាដើម្បីបញ្ជាក់ពីភាពស្អាតស្អំ ឬពិតជាមានការកិបកេងថវិកាពីមន្រ្តីរដ្ឋាភិបាលមែនឬយ៉ាងណា។
លោកបន្តថា៖ «ចឹងទាល់តែមានការស៊ើបអង្កេត រកភស្តុតាង រកសាក្សី ដែលអាចជាប់ពាក់ព័ន្ធក្នុងរឿងហ្នឹងឆ្លើយតប។ ទើបយើងអាចបញ្ជាក់ ថាតើពិតជាមានការកិបកេងថវិកាពិតប្រាកដដែរឬទេ? »។
បើទោះជាបែបណា អង្គភាពប្រឆាំងអំពើពុករលួយ ចាត់ទុកការបំភ្លឺពីរបស់លោក សាន់ សុះ នេះថាអាចជាមូលដ្ឋានសម្រាប់ការពិចារណាថាតើសំណុំរឿងបាត់បង់លុយចំនួន ៦ពាន់ដុល្លារអាមេរិកនេះ ត្រូវបញ្ចប់នីតិវិធី ឬបន្តពាក្យបណ្ដឹងតាមផ្លូវច្បាប់បន្តទៀត៕