អង្គភាពប្រឆាំងអំពើពុករលួយកំពុងពិនិត្យឯកសារដោះបន្ទុករបស់អភិបាលរងស្រុកបូរីជលសារ ពាក់ព័ន្ធនឹ​​ង​​ពាក្យបណ្ដឹងដែលចោទប្រកាន់ថា លោកបានលួច​កិបកេងយកប្រាក់ឧបត្ថមចំនួន៦ពាន់ដុល្លារអាមេរិកពីអតីតឧបនា​​យ​​ករដ្ឋមន្ត្រីម្នាក់ ដែលថវិកាចំណាយនេះសម្រាប់យកទៅកសាងសមិទ្ធិផលសង្គម។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ ប្រាប់គេហទំព័រ Newsroom Cambo​​di​a នៅថ្ងៃទី៤ ខែតុលា ថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងពិនិត្យមើលឯកសារដោះបន្ទុក របស់អភិបា​​ល​​​​រងស្រុកបូរីជលសារ ដែលដាក់ចូលមកដើម្បីបំភ្លឺប្រឆាំងការចោទប្រកាន់។

បើទោះជាបែបណា អ្នកនាំពាក្យរូបនេះបានបដិសេធក្នុងការផ្តល់ព័ត៌មានលម្អិត ជុំវិញករណីករណីនេះ ក្រោ​​​​ម​​ហេតុផលថា នេះជាការកិច្ចការផ្ទៃក្នុងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអាចនាំឱ្យប៉ះ​​ពាល់​​ដ​​ល់​​​​​នីតិវិធី នៃការស៊ើបអង្កេតក្តី។

លោកបន្តថា៖ «លោក សាន់  សុះ បានធ្វើការបំភ្លឺមក អ.ប.ព រួចហើយ។ ខ្ញុំអាចជម្រាបបានថាយើងស្ថិតក្នុងដំណាក់កាលពិនិត្យលើការបំភ្លឺ និងឯកសារដែល លោក សាន់  សុះ មកភ្ជាប់មក»

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតបង្គាប់ឱ្យលោក សា​​ន់ សុះ ដែលជាអភិបាលរងស្រុកបូរីជលសា ឆ្លើយបំភ្លឺប្រាក់ឧបត្ថមចំនួន ៦ពាន់ដុល្លារអាមេរិក របស់​​លោ​ក ប៊ិន ឈិន អតីតឧបនាយករដ្ឋមន្រ្តី ត្រូវបាត់បង់ដោយមិនដឹងពីមូលហេតុ។

តាមរយៈលិខិតដដែលនេះ បញ្ជាក់ថា លុយចំនួន៦ពាន់ដុល្លារនោះ គឺចំណាយទៅលើថ្លៃធ្វើដំបូល​​សំ​​យ៉ា​ប់​​មុខវិហារឥស្លាម ស្ថិតនៅក្នុងភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសា ខេត្តតាកែវ។ក៏ប៉ុន្តែថវិកានោះ ត្រូ​វបាត់បង់ដោយមិនដឹងពីមូលហេតុ។ផ្ទុយទៅវិញ របាយការណ៍ចំណាយសម្រាប់ធ្វើដំបូលនេះ បែ​​រ​ជា​​ដា​ក់ថាទទួលបានពីការរៃអង្គាសថវិកាពីអ្នកភូមិ រួមទាំងជំនួយឧបត្ថម្ភពីសប្បុរសជនក្នុង និងក្រៅប្រទេសទៅ​​វិញ​​។

លិខិតបន្តថា៖ «តើប្រាក់ឧបត្ថមចំនួន៦០០០ដុល្លារអាមេរិក របស់ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ដើម្បីធ្វើដំបូលសំយ៉ាបមុខវិហារឥស្លាម ភូមិកំពង់យោល លោកយកទៅចាត់ចែង និងចំណាយលើគម្រោងអ្វីខ្លះ?»

គេហទំព័រ Newsroom Cambodia ពុំទាន់អាចសុំការបកស្រាយពី លោក សាន់ សុះ អភិបាលរងស្រុកបូរីជលសារបានទេ គិតត្រឹមថ្ងៃទី៤ ខែតុលានេះ។ក៏ប៉ុន្តែអភិបាលស្រុកបូរីជលសារ លោក ស៊ូ ភិរម្យ បញ្ជា​​ក់​​ដោ​​យខ្លី​ថា លោក សាន់ សុះ បានប្រគល់ឯកសារបំភ្លឺទៅអង្គភាពប្រឆាំងអំពើពុករលួយ រួចរាល់ហើយកាលពី​​ប៉ុន្មានថ្ងៃមុននេះ។

លោកបន្តថា៖ «គាត់បំភ្លឺអស់ហើយ ប៉ុន្មានថ្ងៃមុន»

ចំណែក ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ទាមទារឱ្យ អង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើ​​បអង្កេតលើករណីនេះដោយឯករាជ្យ និងស្វែងរកភាគីពាក់ព័ន្ធព្រមទាំងបង្ហាញឯកសារនានាដើម្បីប​​ញ្ជា​​​ក់ពីភាពស្អាតស្អំ ឬពិតជាមានការកិបកេងថវិកាពីមន្រ្តីរដ្ឋាភិបាលមែនឬយ៉ាងណា។

លោកបន្តថា៖ «ចឹងទាល់តែមានការស៊ើបអង្កេត រកភស្តុតាង រកសាក្សី ដែលអាចជាប់ពាក់ព័ន្ធក្នុងរឿងហ្នឹងឆ្លើយតប។ ទើបយើងអាចបញ្ជាក់ ថាតើពិតជាមានការកិបកេងថវិកាពិតប្រាកដដែរឬទេ? »។

បើទោះជាបែបណា អង្គភាពប្រឆាំងអំពើពុករលួយ  ចាត់ទុកការបំភ្លឺពីរបស់លោក សាន់ សុះ នេះថាអាច​ជាមូលដ្ឋា​​ន​​សម្រាប់ការពិចារណាថាតើសំណុំរឿងបាត់បង់លុយចំនួន ៦ពាន់ដុល្លារអាមេរិកនេះ ត្រូវបញ្ចប់នី​​តិ​​វិធី ឬបន្តពាក្យបណ្ដឹងតាមផ្លូវច្បាប់បន្តទៀត៕