សាលាឧទ្ធរណ៍ព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចដោះលែងសកម្មជនដីធ្លីចំនួន២នាក់ ក្នុងខេត្តកោះកុង ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយរងចាំការកោះហៅចូលសវនការដើម្បីជំនុំជម្រះក្ដីក្នុងសំណុំរឿង «បរិហាកេរ្តិ៍ និងញុះញង់»។
លោក សំ ចំរើន ជាមេធាវីការពារជនជាប់ចោទ ថ្លែងថា សាលាឧទ្ធរណ៍ព្រះសីហនុ បានបង្គាប់ឱ្យដោះលែងកូនក្ដីរបស់លោក គឺអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ឱ្យមានសេរីភាពឡើងវិញ ខណៈលោកក៏កំពុងរៀបចំឯកសារ ដើម្បីដាក់ទៅកាន់តុលាការ ដែលជាបែបបទក្នុងការដោះលែងឱ្យនៅក្រៅឃុំ។
លោកនិយាយថា៖ «យើងកំពុងរៀបចំឯកសារសុំទៅតុលាការដើម្បីគេដោះលែងគាត់ទៅផ្ទះវិញ។ ឥឡូវគាត់នៅពន្ធនាគារ។ ឯកសារហ្នឹងប្រហែលជាអាចស្អែក គាត់អាចចេញទៅផ្ទះស្អែក»។
នៅព្រឹកនេះដែរ ក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយឈ្មោះ យុវជនសហគមន៍តានី197 បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយរំលេចឱ្យឃើញពីប្រជាពលរដ្ឋប្រមាណ ៥០នាក់ ឈរតវ៉ានៅមុខសាលាឧទ្ធរណ៍ព្រះសីហនុ ដោយកាន់បដាទាមទារឱ្យតុលាការដោះលែងសកម្មជនដីធ្លីទាំង២នាក់នេះផងដែរ។
តំណាងសហគមន៍ក្រីក្រ៩៥៥ ក្នុងខេត្តកោះកុង លោក ហាក់ ទៀត សម្ដែងការសាទរចំពោះអ្នកស្រី ផាវ ញ៉ើង និងអ្នកស្រី សេង លីន ដែលត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាព ខណៈលោកយល់ថា សកម្មជនដីធ្លីទាំង២នាក់ នឹងអាចជួបជុំគ្រួសារ ព្រមទាំងមានឱកាសច្រើនក្នុងការរិះរកមធ្យោបាយសម្រាប់តតាំងក្ដីនាពេលខាងមុខ។
លោកថា៖ «វាល្អប្រសើរ ឱ្យគាត់នៅក្រៅឃុំដើម្បីតតាំងក្ដី បើនៅក្នុងឃុំស្មានថាស្រួល?។ បើនៅក្រៅ យើងអាចធ្វើបានសព្វគ្រប់បែបយ៉ាងចឹង»។
គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក លឹម ស៊ីណាត អ្នកនាំពាក្យសាលាឧទ្ធរណ៍ព្រះសីហនុ បានទេគិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការដាក់ឱ្យនៅក្រៅឃុំនេះ ជាករណីមួយដ៏ល្អសម្រាប់សកម្មជនដីធ្លីទាំង២នាក់។ យ៉ាងណា លោកទាមទារឱ្យតុលាការទម្លាក់បទចោទប្រកាន់លើអ្នកទាំង២ផងដែរ ដើម្បីឱ្យពួកគេមានសេរីភាពពេញលេញ។
លោក សំអាត មើលឃើញថា ជាញឹកញយប្រព័ន្ធតុលាការបានដើរតួនាទីសំខាន់ ក្នុងការចាប់សកម្មជនដីធ្លី ប៉ុន្តែវិវាទដីធ្លីបែរជាមានដំណើរការយឺតយ៉ាវក្នុងការដោះស្រាយជូនប្រជាសហគមន៍ទៅវិញ។
លោកនិយាយថា៖«ចឹងយើងជាអង្គការសង្គមស៊ីវិល សូមឱ្យតុលាការទម្លាក់រាល់បទចោទប្រកាន់ចំពោះសហគមន៍នៅកោះកុងហ្នឹង ហើយអាជ្ញាធរងាកមកដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី អាហ្នឹងបានជាដំណោះស្រាយល្អ»។
កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ អ្នកទាំង២ ត្រូវបានតុលាការខេត្តកោះកុង ប្រកាសសាលក្រមដោយដាក់ពន្ធនាគារចំនួន ១ឆ្នាំ និងរួមគ្នាសងសំណង ៤០លានរៀល ក្រោមបទចោទ «បរិហារកេរ្តិ៍ជាសាធារណ: និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយកន្លែងស្ថិតក្នុងភូមិកងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។
បើតាមក្រុមប្រជាពលរដ្ឋ ទំនាស់ដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុនដំណាំអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ នេះ បានកើតឡើងតាំងពីឆ្នាំ២០០៦មក ដោយប៉ះពាល់ពលរដ្ឋចំនួន ១៩៧គ្រួសារ លើទំហំដីប្រមាណ ១ ២០០ហិកតា។ ពលរដ្ឋទាំងនោះបន្តថា ទំនាស់នេះ នៅពុំទាន់មានដំណោះស្រាយណាមួយនៅឡើយ៕