សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កំពុងធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុកដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានារបស់កសិករ ព្រមទាំងដាក់បញ្ចូលពួកគេឱ្យស្ថិតក្រោមប្រព័ន្ធគាំពារសង្គមផ្នែកថែទាំសុខភាពហៅកាត់ថា ប.ស.ស។
យុទ្ធនាការដែលប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុកនេះ គឺ CCFC ប្រើរយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ តាមរយៈហ្វេសប៊ុកផេក របស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា CCFC មានគោលបំណងសំខាន់៣ក្នុងការបង្កើតយុទ្ធនាការនេះ។ក្នុងនោះ លោក ថា CCFC ជំរុញឱ្យរដ្ឋាភិបាលធានាសង្វាកផលិតកម្មកសិកម្មរបស់កសិករកុំឱ្យមានការរអាក់រអួលរាប់ចាប់ពីការដាំដុះដល់ការប្រមូលផល និងដាក់តំណាងកសិករក្នុងការរៀបចំគោលនយោបាយជាតិផ្សេងៗទាក់ទិននឹងវិស័យកសិកម្ម ព្រមទាំងដាក់បញ្ចូលប្រជាកសិករឱ្យទទួលបាននូវកិច្ចគាំពារសង្គមហៅកាត់ថា ប.ស.ស ផងដែរ។
លោកបន្តថា៖«យើងដឹងហើយថាប្រព័ន្ធស្បៀងអាហារនិងគាំពារសង្គមគឺមានទំនាក់ទំនងគ្នាជិតស្និទ្ធ។ ពិសេសក្នុងបរិបទដែលអង្គការសហប្រជាជាតិគិតអំពីប្រព័ន្ធស្បៀងអាហារលើពិភពលោកដែលជាកត្តាប្រឈមគឺទំនិញឡើងថ្លៃនេះ។ យើងចង់ឱ្យរដ្ឋាភិបាលឬក៏ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ធ្វើការឆ្លើយតបយ៉ាងណាដោះស្រាយនូវបញ្ហាទាំងអស់ហ្នឹង ហើយយើងចង់បានគាំពារសង្គមមួយជាក់លាក់ដើម្បីដោះស្រាយបញ្ហា»។
កសិករម្នាក់នៅខេត្តស្វាយរៀង អ្នកស្រី ម៉ែន ដាវី ត្អូញត្អែរពីការប្រកបមុខរបរធ្វើស្រែ ដោយកសិកររូបនេះ ថា មានការចំណាយថ្លៃដើមខ្ពស់ និងពុំសូវយល់ដឹងពីការផលិតជីធម្មជាតិ។
អ្នកស្រីស្នើឱ្យរដ្ឋាភិបាលចាត់មន្រ្តីចុះពន្យល់ណែនាំទាក់ទិននឹងការបង្កើតជីកំប៉ុស និងបញ្ចុះថ្លៃជីគីមី ពីជិត២០ម៉ឺនរៀលក្នុងមួយបេរមកជាង១០ម៉ឺនរៀលបានហើយ។
អ្នកស្រីបន្តថា៖ «ចង់ឱ្យរដ្ឋផ្ដល់ជំនាញផ្នែកកសិកម្ម ការធ្វើជីធម្មជាតិ ជីកំប៉ុស។ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងការនាំចូលអាជីពីខាងក្រៅ ជីគីមីនាំចូលប៉ុន្តែឱ្យបញ្ចុះតម្លៃ។…ជី[គីមី]មួយបេរ១៦ទៅ១៧ម៉ឺន បើជីនៅត្រឹមតែ១១ម៉ឺនអីអាចធ្វើ[ស្រូវ]បាន ព្រោះស្រូវថោក យើងធ្វើអត់កើត»។
ជាកសិកររស់នៅភូមិតាខេង ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង អ្នកស្រី ដាវី និយាយថា ទាំងអ្នកស្រី និងកសិករផ្សេងទៀត មានការរឹតត្បិតលើការចំណាយថ្លៃព្យាបាល ដោយសារចំណូលមិនគ្រប់គ្រាន់នឹងការចំណាយដែលទទួលបានពីរបរធ្វើស្រែនេះ។ស្ថិតក្រោមហេតុផលនេះ អ្នកស្រី ចង់ឃើញរដ្ឋាភិបាលបញ្ចូលកសិករឱ្យទទួលបានកិច្ចគាំពារសង្គមផ្នែកថែទាំសុខភាព ដូចផ្នែកដទៃទៀតដែរ។
អ្នកស្រីបន្តថា៖ «ពិបាកមែនទែនពេលខ្លះ ដល់ពេលយើងធ្វើស្រែ អត់ទាំងលុយទិញជី ស្រូវធ្វើអត់កើត។ ពេលខ្លះឈឺរកតែលុយមួយពាន់លុយខ្មែរទៅពេទ្យក៏ពិបាកដែរ មិនមែនតែខ្ញុំទេ កសិករផ្សេងទៀតក៏ជួបបញ្ហាហ្នឹងដែរ។ ជួបគាត់លើកឡើងបញ្ហាហ្នឹង គាត់ថាពេលខ្លះសុខចិត្តអត់ព្រមទៅពេទ្យទេ រងចាំឱ្យជំងឺវាទៅតាមពេលវេលាទៅធូរតិចៗទៅ។ កន្លែងហ្នឹងធ្វើឱ្យពួកខ្ញុំប៉ះពាល់សុខភាពមែនទែន»។
អ្នកនាំពាក្យក្រសួងកសិកម្ម លោកស្រី អ៊ឹម រចនា ពុំបានអត្ថាធិប្បាយជុំវិញការស្នើសុំពាក់ព័ន្ធនឹងការដោះស្រាយបញ្ហារបស់កសិករ និងធានាឱ្យមានស្ថេរភាពប្រព័ន្ធស្បៀងនោះទេ ក្រោយគេហទំព័រ Newsroom Cambodia ផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាម នៅថ្ងៃនេះ។
ចំណែក អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន មានប្រសាសន៍ដោយខ្លីថា ក្រសួងការងារកំពុងសិក្សាលើការពង្រឹករបបធានារ៉ាប់រងសង្គមជាមួយអង្គការ GRET ពាក់ព័ន្ធវិស័យកសិកម្មនេះ។
លោកបន្តថា៖ «ពាក់ព័ន្ធនឹងវិស័យកសិកម្មបច្ចុប្បន្ន ប.ស.ស. កំពុងសិក្សាជាមួយអង្គការ GRET ក្រោមគម្រោង ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម»។
ថ្លែងក្នុងថ្ងៃបើកយុទ្ធនាការបោះឆ្នោតសកលឆ្នាំ២០២៣ អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយជាអាទិភាពចំនួន៦ចំណុច ដែលជាគោលការណ៍សម្រាប់អភិវឌ្ឍន៍សង្គម។
លោកបន្តថា គោលនយោបាយទាំងនោះមាន ការផ្ដល់ការថែទាំសុខភាពដល់គ្រួសារងាយរងគ្រោះ ហានិភ័យ និងពង្រីកសេវាថែទាំសុខភាពសម្រាប់សមាជិកក្រុមគ្រួសារកម្មករនិយោជិត និងមន្រ្តីសាធារណៈ ព្រមទាំងការផ្ដល់ការគាំពារសង្គមដល់ពលរដ្ឋប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រាយមន្រ្តីកសិកម្មគ្រប់ឃុំទាំងអស់នៅជនបទដើម្បីចុះជួយពន្យល់កសិករពីរបៀបធ្វើកសិកម្ម៕