កុមារីអាយុ២ឆ្នាំ​ម្នាក់​​រស់នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ​​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ស្លាប់​​ដោយ​​​វីរុស​ផ្តាសាយ​បក្សី ប្រភេទ H5N1​​​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​​សុ​ខាភិបាល។​

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល ចេញ​នៅថ្ងៃទី៩ ​ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា នេះ​​ជាករណី​ផ្ដាសាយបក្សីទី៥៩ ដែល​កើត​មាន​លើម​នុស្ស និងបាន​​​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​៤០នាក់ ចាប់តាំងពីឆ្នាំ​២០០៥មក។ ហើយនេះជាករណីទី៣ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ២០២៣។

កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ​បុរសអាយុ៥០ឆ្នាំ​ម្នាក់​​រស់​ននៅ​ភូមិម្រាក់ទាប ឃុំត្រស់ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ក៏​បាន​​ស្លាប់ដោយសារ​វីរុស​ផ្តាសាយបក្សី H5N1 នេះ​ផង​ដែរ។  

ក្នុង​សេចក្តី​ប្រកាសព័ត៌មាន​ដដែល​បន្ថែម​ថា ក្រសួងសុខាភិបាល​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ ​និង​កំពុង​ស្វែង​រក​ប្រភព​ចម្លង​ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍។​

សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដដែលបញ្ជាក់​តាម​ន័យ​ដើម​ថា៖ «ក្រសួង​សុខាភិបាល​សូម​ក្រើន​រំឭកសារជាថ្មី​ម្តងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ សូម​យក​ចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​​លើជំងឺ​ផ្តាសាយ​បក្សី​ជានិច្ច ពីព្រោះ​ជំងឺផ្តាសាយបក្សី H5N1 នៅតែបន្ត​គំរាម​កំហែង​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាពិសេស​លើ​កុមារ​ដែល​ជា​ក្រុមហានិភ័យ​​ និង​មាន​ភាព​​ងាយ​រងគ្រោះ»។

បើតាម​ក្រសួង​សុខាភិបាល ជំងឺផ្ដាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែល​ជា​ធម្មតា​ចម្លង​រវាង​សត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាម​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយបក្សីដែលឈឺ ឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ​ពេទ្យទាន់ពេលវេលា៕​