គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចំនួន៤គណបក្សបានព្រមព្រៀងគ្នាបង្កើតទៅជាសម្ព័ន្ធគណបក្សដែលមានសំឡេងតែមួយ ក្នុងន័យដើម្បីប្រមូលកម្លាំងអ្នកប្រជាធិបតេយ្យ សម្រាប់ចូលរួមប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រ នៅក្នុងការបោះឆ្នោតទាំង២លើកនៅអាណត្តិបន្ទាប់ក្នុងពេលខាងមុខទៀតនេះ។
ការបង្កើតសម្ព័ន្ធភាពនយោបាយក្រោមពាក្យស្លោក«សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នេះ ធ្វើឡើងនៅព្រឹកថ្ងៃ ទី១១ ខែតុលា ឆ្នាំ២០២៣ដែលមានគណបក្សនៅរដ្ឋាភិបាលរដ្ឋាភិបាលចំនួន៤បានចុះហត្ថលេខារួមគ្នា។សម្ព័ន្ធភាពថ្មោងថ្មីដែលគេសង្កេតឃើញថាមានឈាមជ័រ ជាអ្នកដែលធ្លាប់ចេញពីអ្នកប្រជាធិបតេយ្យដូចគ្នានេះមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។
ប្រធានស្តីទីគណបក្សភ្លើងទៀន លោក សុក ហាច ដែលបានចូលរួមនៅក្នុងពិធីប្រកាសចងសម្ព័ន្ធនេះ ថ្លែងថា ការចងសម្ព័ន្ធភាពគណបក្សនយោបាយនេះ គឺមានគោលបំណងបង្កើនកម្លាំងក្នុងប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ជាមួយបក្សកាន់អំណាច។
យ៉ាងនេះក្តី លោកបដិសេធក្នុងការអត្ថាធិប្បាយលម្អិតជុំវិញរចនាសម្ព័ន្ធក្នុងការចងសម្ព័ន្ធភាពនេះ ដោយអះអាងថា វាមានភាពឆាប់រហ័សក្នុងការកំណត់ពីចំណុចនេះ។
ជាមួយគ្នានេះ លោក សុក ហាច ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ស្រុក-ខណ្ឌ រាជធានី-ខេត្តខាងមុខ ប្រសិនបើគណបក្សភ្លើងទៀននៅតែត្រូវបានរារាំងក្នុងការចូលរួមបោះឆ្នោតនោះ គណបក្សជំទាស់នេះនឹងរួមគ្នាជាមួយគណបក្សណាមួយក្នុងចំណោមគណបក្សចងសម្ព័ន្ធភាពទាំង៣ ដើម្បីអាចចូលរួមការបោះឆ្នោត។
លោកបញ្ជាក់ថា៖«បើសិនជាគណបក្សភ្លើងទៀននៅតែមិនទាន់ទទួលសិទ្ធិចូលរួមការបោះឆ្នោតព្រឹទ្ធសភា។ សិទ្ធិចូលការបោះឆ្នោតក្រុមប្រឹក្សា ស្រុក–ខេត្ត។ ពេលណុង គឺយើងអាចរកដៃគូណាមួយនៅក្នុងចំណោមសម្ព័ន្ធភារពហ្នឹង» ។
ការចងសម្ព័ន្ធភាពនយោបាយដោយត្រៀមទុកមុនរយៈពេល៤ឆ្នាំ សម្រាប់ការបោះឆ្នោតអាណត្តិក្រោយនេះ អ្នកនយោបាយទាំងនោះ បានលើកឡើងថា វាបង្កើតឱ្យមានឱកាសជាច្រើនសម្រាប់ពួកគេក្នុងការចុះពន្យល់ពលរដ្ឋដែលជាអ្នកគាំទ្រនៅតាមមូលដ្ឋានរៀងៗខ្លួន។
ក្រៅពីការកំណត់គោលដៅប្រកួតប្រជែងការបោះឆ្នោតហើយនោះអ្នកនយោបាយក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគតនេះ ក៏នឹងមានការពិភាក្សាគ្នារិះរកដំណោះស្រាយលើបញ្ហាប្រជាពលរដ្ឋផងដែរ។
ចំណែក ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ ថ្លែងក្នុងពិធីនេះថា បន្តទៅនេះគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបេះនឹងមានការពិភាក្សាគ្នាដើម្បីរកមធ្យោបាយធានាថា ពលរដ្ឋរស់នៅមានជីវភាពសមរម្យ។
លោកបន្តថា៖ «រឿងដែលយើងត្រូវខ្វល់គឺ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រៅពីរឿងបោះឆ្នោត» ។
ក្នុងពិធីចុះហត្ថលេខារបស់គណបក្សទាំង៤ កាលពីព្រឹកថ្ងៃទីពុធនេះគេសង្កេតឃើញមានតំណាងអង្គការសង្គមស៊ីវិលមួយចំនួនបានចូលរួមឃ្លាំងមើល ពីព្រឹត្តិការណ៍នៃការចងសម្ព័ន្ធភាពនេះដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងប្រទេសប្រជាធិបតេយ្យ ប្រសិនបើអ្នកនយោបាយប្រកួតប្រជែងមានការប្រកៀកប្រកិតគ្នានោះ នឹងជំរុញឱ្យពួកគេខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម។
លើសពីនេះទៅទៀត ការចងសម្ព័ន្ធភាពនយោបាយនេះ អាចទទួលបានជំនឿចិត្តពីប្រជាពលរដ្ឋឬយ៉ាងណានោះ គឺត្រូវការពេលវេលាក្នុងការតាមដានបន្តទៀត។ក្រៅពីនេះ លោក ក៏មានការព្រួយបារម្ភថា សម្ព័ន្ធភាពនយោបាយនេះ អាចរងនូវការរំលាយពីសំណាក់ដៃគូប្រកួតប្រជែងដែរ។
លោកបន្តថា៖«នៅពេលដែលរួមគ្នាកម្លាំងខ្លាំងអត់អាចទុកឱ្យបានទៅកម្ទេចបំផ្លាញអីចោលដូចដែលយើងឃើញកន្លងមកយើងឃើញថារូបភាពនយោបាយហ្នឹងគ្មានអីប្រសើរទេ។ខ្ញុំមិនចង់ឃើញរូបភាពបែបហ្នឹងកើតឡើងដដែលៗទេ តាមការលើកឡើងខ្ញុំគិតថាតម្កល់ប្រយោជន៍ជាតិជាធំ» ។
សម្រាប់លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាវិញស្វាគមន៍ចំពោះគណបក្សនយោបាយទាំងអស់ដែលមានបំណងចងសម្ព័ន្ធភាពជាមួយគណបក្សរបស់លោក។តាមរយៈសារសំឡេង ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ លោក ហ៊ុន សែន អះអាងថា ក្នុងនាមគណបក្សដែលចាស់វង្សា គឺមិនទាមទារកំណត់លក្ខខណ្ឌណាមួយរបស់បក្សដែលចង់មានមេត្រីភាពជាមួយគណបក្សគ្រប់គ្រងអំណាចនេះឡើយ។
លោកបន្តថា៖ «គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សទាំងអស់។ហើយចាត់ទុកគណបក្សទាំងអស់ជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា»។
គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេគិតត្រឹមល្ងាចថ្ងៃពុធនេះ ដោយទូរសព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
នៅក្នុងថ្ងៃតែមួយនេះដែរ គណបក្សនយោបាយចំនួន២១ បានប្រកាសសុំចងសម្ព័ន្ធភាពនយោបាយ ជាមួយនិងគណបក្សប្រជាជនកម្ពុជា។ក្នុងចំណោមគណបក្សនយោបាយទាំងនោះ គឺសង្កេតឃើញ មានគណបក្សនយោបាយចំនួន១២ ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ក្នុងនីតិកាលទី៧នេះ ក៏មានវត្តមាន នៅក្នុងបញ្ជីនៃការស្នើសុំចង់សម្ព័ន្ធភាពនេះដែរ៕