មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ច្រានចោលការស្នើសុំពីគណបក្សភ្លើងទៀនឱ្យដោះលែងអ្នកទោស នយោបាយនិងអ្នកទោសមនសិការឱ្យមានសេរីភាពដើម្បីពួកគេអាចជួបជុំក្រុមគ្រួសារក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ​​​​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា កម្ពុជាពុំមានអ្នកទោសមនសិការ ឬអ្នកទោសន​យោបា​យកំពុងជាប់ឃុំនោះទេ។លោកចាត់ទុក ការអំពាវនាវរបស់គណបក្សភ្លើងទៀននេះថា មានចេតនាបង្កឱ្យមានភាពចលាចលក្នុងសង្គមថែមទៀតផង។ក្រៅពីនេះ បើតាមអ្នកនាំពាក្យអ្នកទោសទាំងអស់លុះត្រាបានអនុវត្តទោ​ស​​​តាមច្បាប់កំណ​​ត់​​​​ទើបអាចដោះលែងបាន។

លោកបន្តថា៖ «អំពាវនាវក្នុងគោលបំណងអ្វី?។ ចង់ឱ្យបង្កអសន្តិសុខស្រុកទេសអី? អត់មានអំពាវនាវបានទេ ផ្លូវច្បាប់គឺដោះស្រាយផ្លូវច្បាប់ ជាប់គុកគ្រប់ទើបដោះលែង» 

ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅពេលនេះ នៅក្រោយពេលដែលគណបក្សភ្លើងទៀន បាន​​ស្នើ​​ជា​​ចំហ​​ឱ្យផ្តល់សេរីភាព ចំពោះអ្នកកំពុងជាប់​ឃុំនៅក្នុងពន្ធនាគារ ដែលជាអ្នកនយោបាយ និងសកម្មជ​​​នស​ង្គ​​មផង។​​កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ គណបក្សភ្លើងទៀនបានចេញលិខិតមួយដោយអំពាវនាវឱ្យ​ ដោះលែងសកម្មជនគណបក្សភ្លើងទៀន និងអ្នកទោសមនសិការទាំងអស់ដែលកំពុងជាប់ពន្ធនាគារ ដើម្បី​​បើ​​កផ្លូវឱ្យ​ពួកគេបានជួបជុំគ្រួសារក្នុងពិធិបុណ្យភ្ជំបិណ្ឌនេះ។

អ្នកស្រី មុយ ថាន្នី វ័យ៤១ឆ្នាំ ជាភរិយារបស់ លោក  ថាន់ ណារិន ដែលជា​ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំ​ខេត្តត្បូងឃ្មុំ និយាយថា ម្ដាយរបស់លោក ណារិន ដែលមានវ័យជាង៨០ឆ្នាំ កំពុងតែនឹករលឹកកូ​​ន​​ប្រុសរបស់ខ្លួន​ជារៀងរាល់ថ្ងៃ ហើយសង្ឃឹមថានឹងបានធ្វើបុណ្យរួមគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

អ្នកស្រីបន្តថា៖ «ភ្ជុំណ្ចង់ឱ្យគាត់មកវត្តជុំបងប្អូនម៉ែឪ ចង់ឱ្យដោះលែងឆាប់ៗមុនភ្ជុំ។ ណាមួយគាត់មានម្ដាយចាស់ ប្ដីខ្ញុំម្ដាយគាត់នឹករលឹករាល់ថ្ងៃ គាត់អាយុ៨០ជាងហើយ» 

ជំទាស់នឹងចោទប្រកាន់របស់មន្រ្តីបក្សកាន់អំណាចនេះ អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ថ្លែងថា ការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងសកម្មជនសហជីពនានានៅពេលកន្លងមកនេះ មានកា​​រ​​បង្កប់នូ​​វ​​ចេតនានយោបាយពីក្រោយ ដោយលោកចាត់ទុកថា អាជ្ញាធរកម្ពុជាគ្មានភស្តុតាងជាក់ស្ដែកណាមួយដើ​​ម្បី​​ចោ​​ទ​​ប្រកាន់ប្រឆាំងពួកគេនោះទេ។ 

ផ្ទុយទៅវិញ លោក រ៉ុង ឈុន ចាត់ទុកថា ប្រសិនបើរាល់ការចាប់ខ្លួន និងចោទប្រកាន់កន្លងទៅ មិនជាប់​​ពា​​ក់​​ព័ន្ធ​នឹងជម្លោះនយោបាយទេ​ តើមានចាំបាច់អ្វីរាល់ពេលមានអ្ន​​កស្ម័គ្រចិត្តចុះចូលជាមួយ​​និងគណ​​ប​ក្ស​​​​ប្រ​​​​​​​​ជា​​​​​​ជ​ន​​ក​ម្ពុជា ពួកគេទាំងនោះ ត្រូវរួចផុតពីការចោទប្រកាន់តាមផ្លូវតុលាការហើយថែមទាំងផ្តល់តួនាទី ឱ្យ​​​ថែមទៀតផង​​​​។ 

លោកបន្តថា៖«មួយចំនួនសូមទោសហើយសុំចុះចូលជាមួយបក្សកាន់អំណាចក៏ត្រូវបានមានការដោះលែ​​ងចឹ​​ បានយើងមើលឃើញថាកម្ពុជា យើងមិនមែនការអនុវត្តច្បាប់ទេ គឺជារឿងនយោបាយ បើអនុវត្តច្បាប់គ្រាន់តែសូមទោសមិនបានដោះលែងទេ» 

ក្រោយការកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត បានរយៈពេលជិត១ សប្ដាហ៍ ក្នុងជំនួបមួយនៅថ្ងៃទី ២​​៨​ ខែសីហា ឆ្នាំ២០២៣ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានស្នើ​​ឱ្យលោក ហ៊ុន ម៉ាណែត ដោះលែងមនុស្ស និងសកម្មជននយោបាយមួយចំនួន ដូចជា លោក កឹម សុខា និងកញ្ញា សេង ធារី ជាដើម។

គេសង្កេតឃើញថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្មានឆ្នាំចុងក្រោ​​យ​នេះ ពិសេសនៅអាណត្តិទី៦ បានរងការរិះគន់ ពីសំណាក់សហគមន៍អន្តរជាតិ ជាពិសេសបណ្ដាប្រទេសលោកខាងលិច ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។

នៅក្រោយការបោះឆ្នោតបានមួយថ្ងៃ និយាយដោយឥតលាក់លៀមសហរដ្ឋអាមេរិក បានរិះគន់ដោ​​យចំ​​ៗ​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧កន្លងទៅនេះ គឺគ្មានសេរី និងយុត្តិធម៌ទេ។ជាងនេះ​​ទៀ​​ត សហរដ្ឋអាមេរិក ក៏ត្រូវបង្ខំចិត្តរឹតបន្តឹងទិដ្ឋាការលើមន្រ្តីរដ្ឋាភិបាលមួយចំនួន ក្នុងការចេញចូល​​សហ​រដ្ឋ​​អា​​​​មេរិកដែរ។

កាលពីចុងឆ្នាំ២០២១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងកម្ពុជាតាមរយៈការលក់អាវុធ និងសម្ភារៈ​​​យោ​ធា ក្រោមហេតុផលថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានរំលោភលើសិទ្ធិម​​នុ​​ស្សនិងប្រព្រឹត្តិអំពើពុករលួយ។

ការដាក់ទណ្ឌកម្មនេះរបស់អាមេរិកនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងកាត់បន្ថយអំពើពុករលួយ។បន្ថែមពីលើនេះ ក្នុងឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប ក៏បានកាត់ផ្ដាច់ប្រព័ន្ធអនុ​​​គ្រោះ​ពន្ធ EBA ២០ភាគរយពីប្រទេសកម្ពុជា ដោយរកឃើញថា រដ្ឋាភិបាលមិនបានបន្ទន់ឥរិយាបថ ក្នុងកា​​រធ្វើ​ឱ្យប្រសើរឡើង ផ្នែកសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ជាពិសេសសិទ្ធិក្នុងការជួបជុំ រួមទាំង​​សិទ្ធិប​​​ញ្ចេ​ញ​​ម​​តិ​៕