ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណៈជនកុំឲ្យជឿលើការផ្សាយពាណិជ្ជកម្មលើប្រព័ន្ធអនឡាញ ដូចជាផលិតផលបំប៉នសុខភាព ឱសថសម័យ ឱសថបុរាណ គ្រឿងសម្អាង គ្លីនិក និងពហុព្យាបាលមួយចំនួនដែលគ្មានការអនុញ្ញាត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងបានសម្គាល់ឃើញថាការផ្សាយពាណិជ្ជកម្មតាមអនឡាញពីការលក់ផលិតផលបំប៉នសុខភាព ថ្នាំសម័យ ថ្នាំបុរាណ គ្រឿងសម្អាង គ្លីនិក និងពហុព្យាបាលមួយចំនួនគ្មានការអនុញ្ញាតដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
តាមសេចក្ដីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «ក្រសួងសុខាភិបាលអំពាវនាវដល់សាធារណជន មិនត្រូវជឿ ឬទិញផលិតផល បំប៉នសុខភាព ឱសថសម័យ ឱសថបុរាណ គ្រឿងថែរក្សាសម្រស់ និងបន្ទប់ពិគ្រោះជម្ងឺ គ្លីនិក ពហុព្យាបាលឯកជន ដែលគ្មានប្រភពច្បាស់លាស់និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល»។
ក្រសួងសុខាភិបាលបន្ថែមថា ចំពោះអាជីវករលក់ផលិតផល បំប៉នសុខភាព ឱសថ គ្រឿងសម្អាង បន្ទប់ពិគ្រោះជម្ងឺ គ្លីនិក ត្រូវគោរពច្បាប់រាល់ការផ្សព្វផ្សាយ ចែកចាយ ឬលក់ផលិតផលទាំងនេះ ត្រូវមានលេខបញ្ចិកា (NOTIFICATION) និងមានការអនុញ្ញាតពីក្រសួង។
ក្រសួងសុខាភិបាលបន្ថែមទៀតថា៖ «គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗ ត្រូវពង្រឹងច្បាប់ស្ដីពីការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ នឹងពង្រឹងសីលធ៌មវិស័យសុខាភិបាលឲ្យបានច្បាស់លាស់ និងចូលរួមទប់ស្កាត់ការផ្ដល់សេវាសុខាភិបាលដោយគ្មានការអនុញ្ញាត និងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលដោយគ្មានមូលដ្ឋានច្បាស់លាស់បំផ្លើសការពិតដែលធ្វើឲ្យពលរដ្ឋយល់ច្រឡំ» ។
ក្រសួងសុខាភិបាលសង្ឃឹមថា អាជីវករ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់ភាពអសកម្មទាំងនេះ ដើម្បីជៀសវាងការប៉ះពាល់និងបង្កគ្រោះថ្នាក់ដល់សុខុមាលភាពពលរដ្ឋកម្ពុជា៕