ក្រសួង​សុខាភិ​បាលបាន​​អំពាវ​នាវដល់​​សាធារណៈជន​កុំឲ្យ​ជឿ​លើកា​​រ​ផ្សាយ​ពាណិជ្ជកម្ម​​​លើ​ប្រព័ន្ធ​អនឡាញ​ ដូចជា​​​ផលិតផល​បំប៉នសុខភាព​ ឱសថ​សម័យ​​ ឱសថ​បុរាណ​ គ្រឿងសម្អាង គ្លីនិក និង​​ពហុព្យាបាល​មួយ​ចំនួន​ដែល​គ្មាន​ការអនុញ្ញាត​។

បើ​តាមសេច​ក្ដី​ប្រកាសព័ត៌មាន​​របស់​​ក្រសួង​សុខាភិបាល​ ចេញ​កាលពី​ថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២៣ បញ្ជាក់​ថា ក្រសួង​​បាន​សម្គាល់​ឃើញ​​ថា​ការ​ផ្សាយពាណិជ្ជកម្ម​តាម​អនឡាញ​ពីការលក់​ផលិត​ផល​បំប៉ន​សុខភាព​ ថ្នាំសម័យ​​ ថ្នាំបុរាណ​​​ គ្រឿងសម្អាង​​ គ្លីនិក និង​​ពហុព្យា​បាល​មួយ​ចំនួន​​​​​​គ្មាន​​ការអនុញ្ញាតដែល​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សុខភាពធ្ងន់ធ្ងរ។

តាមសេចក្ដី​​ប្រកាស​​ព័ត៌មាន​ដដែល​បន្ថែមថា​៖ «​ក្រសួង​សុខាភិ​បាល​​អំពាវនាវ​ដល់​សាធារណ​ជន​ មិនត្រូវជឿ ឬទិញ​ផលិតផល​ បំប៉ន​សុខភាព​ ឱសថ​សម័យ​ ឱសថ​​​បុរាណ​ គ្រឿងថែ​រក្សា​សម្រស់​ និង​បន្ទប់​ពិគ្រោះ​ជម្ងឺ​​ គ្លីនិក ពហុព្យាបាលឯក​ជន ដែលគ្មាន​ប្រភព​ច្បាស់​លាស់​និងគ្មានការ​អនុញ្ញាត​ពីក្រសួងសុខាភិបាល​»។

ក្រសួង​សុខាភិបាល​បន្ថែមថា​ ចំពោះអាជីវករ​លក់ផលិតផល​​ បំប៉នសុខភាព​ ឱសថ គ្រឿង​សម្អាង​ បន្ទប់​ពិគ្រោះ​ជម្ងឺ​ គ្លីនិក​ ត្រូវ​គោរព​ច្បាប់រាល់ការផ្សព្វ​ផ្សាយ​ ចែកចាយ​ ឬលក់​ផលិតផល​ទាំងនេះ​​​​ ត្រូវមាន​លេខ​​បញ្ចិកា ​​(NOTIFICATION​)​ និង​មានការ​អនុញ្ញាតពី​ក្រសួង​។

ក្រសួង​សុខាភិ​បាល​​បន្ថែមទៀត​ថា​៖ «គណៈ​​វិជ្ជាជីវៈ​សុខាភិបាល​នីមួយៗ​ ត្រូវពង្រឹង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រកប​ដោយវិ​ជ្ជាជីវៈ​​ នឹងពង្រឹង​​សីលធ៌ម​វិស័យសុខាភិបាល​ឲ្យបានច្បាស់​លាស់​ និង​ចូលរួម​ទប់ស្កាត់​ការផ្ដល់​សេវា​សុខាភិបាល​ដោយគ្មានការ​អនុញ្ញាត​ និង​ការផ្សព្វ​ផ្សាយពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​វិជ្ជាជីវៈ​​សុខាភិបាល​ដោយគ្មាន​មូលដ្ឋានច្បាស់​លាស់បំផ្លើសការពិត​ដែលធ្វើ​ឲ្យ​ពលរដ្ឋយល់​ច្រឡំ»​ ។

ក្រសួង​សុខាភិបាល​សង្ឃឹមថា​ អាជីវករ​​​ អ្នកប្រកប​​វិជ្ជាជីវៈ​សុខាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ទប់ស្កាត់ភាពអសកម្ម​ទាំង​នេះ ដើម្បី​ជៀស​វាងការ​ប៉ះពាល់​និង​បង្ក​គ្រោះថ្នាក់​ដល់​សុខុមាលភាពពលរដ្ឋកម្ពុជា​៕