ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅសកម្មជនបឹងតាមោកចំនួន ៣នាក់ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី ឱ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ក្នុងដីកាបង្គាប់ឱ្យចូលខ្លួន ឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានបង្គាប់ឱ្យអ្នកស្រី ប្រាក់ សុភា,អ្នកស្រី សឿន ស្រីសុទ្ធ និងអ្នកស្រី ស៊ា ដាវី ចូលបំភ្លឺនៅតុលាការ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ទាក់ទិននឹងការ «យកឈើចាក់បំបុកក្រុមការងាររដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់» កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
ទោះជាបែបនេះក្ដី អ្នកស្រី ស៊ា ដាវី ដែលរងការចោទក្នុងសំណុំរឿងនេះ បានច្រានចោលការចោទប្រកាន់ ដោយលើកឡើងថា ជនបង្កហេតុគឺជាអាជ្ញាធរ ដែលប្រដាប់ដោយរណារ និងបានចុះមកកាប់បំផ្លាញស្ពានឈើរបស់ពលរដ្ឋ ហើយបណ្ដាលឱ្យពលរដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រី ដាវី និយាយថា៖ «[យកឈើចាក់បំបុកក្រុមការងាររដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់] គាត់សរសេរបំផ្លើសទាំងអស់ គឺរឿងនេះ ជារឿងចុះកាត់ស្ពានប្រជាពលរដ្ឋនៅខាងក្រោយផ្ទះ ដែលធ្វើឆ្លង[ស្ពាន]ទៅ ដើម្បីរកខ្យង រកលៀស អីហ្នឹង»។
អ្នកស្រី ដាវី បានស្នើយ៉ាងទទូចដល់តុលាការឱ្យបញ្ឈប់ការចេញដីកានានា ដែលសំដៅដាក់បន្ទុកលើប្រជាពលរដ្ឋនៅបឹងតាមោក ដែលកំពុងប្រឈមនឹងការបាត់បង់ដីធ្លីដោយអយុត្តិធម៌បន្ថែមទៀត។
អ្នកស្រីនិយាយថា៖ «សំណូមពរតុលាការកុំចេះតែចេញដីកា អាណិតពួកខ្ញុំជាប្រជាពលរដ្ឋក្រីក្រផង មានទំនាស់ដីធ្លី មិនទទួលបានយុត្តិធម៌ទេ បានតែដីកាប្ដឹងបទចោទញុះញង់ ពួកខ្ញុំទទួលអត់បានទេ វាអយុត្តិធម៌ណាស់»។
ប្រជាសហគមន៍បឹងតាមោករូបនេះ បន្តថា អ្នកស្រី ពុំដែលស្គាល់ឈ្មោះអ្នកដាក់ពាក្យបណ្ដឹងប្រឆាំងខ្លួននោះទេ ហើយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ អ្នកស្រី នឹងចូលខ្លួនបំភ្លឺតាមការកោះហៅពីតុលាការ។
ពលរដ្ឋរងពាក្យបណ្ដឹងមួយរូបទៀត គឺអ្នកស្រី សឿន ស្រីសុទ្ធ និយាយថា នៅថ្ងៃកើតហេតុ(ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣) អ្នកស្រីបានឃើញអាជ្ញាធរចុះមកប្រតាយប្រតប់ជាមួយពលរដ្ឋ និងបង្កឱ្យមានស្នាមរបួសជាំដៃជាំជើងលើពលរដ្ឋជាច្រើននាក់ ខណៈនោះ អ្នកស្រីគ្រាន់តែបានឈរថតពីចម្ងាយប៉ុណ្ណោះ។
អ្នកស្រីនិយាយថា៖ «ពួកគាត់ប្ដឹងនេះ គាត់ធ្វើបាបពួកខ្ញុំ ហើយខ្ញុំអត់មានបានប្រព្រឹត្តអី។ ថ្ងៃណុងខ្ញុំបានចូលរួមមែន តែខ្ញុំនៅកណ្ដាលស្ពាននៅថត ខ្ញុំមានពេលណាទៅកាន់ឈើទៅបុកគាត់។ គាត់ប្ដឹងខ្ញុំចឹង ខ្ញុំហួសចិត្តមែនទែន ដោយសារច្បាប់លើគាត់ គាត់ចង់ធ្វើបាបពលរដ្ឋ បើគាត់ចង់បានដីពួកខ្ញុំ ឱ្យគាត់ចរចាមក គាត់ចុះទិញផ្ទាល់មក មិនមែនប្រើដីកាគំរាមកំហែងពួកខ្ញុំចឹងទេ»។
ទោះយ៉ាងណា អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ថ្លែងថា ប្រសិនបើអ្នកសារព័ត៌មានចង់ជ្រាបច្បាស់ជុំវិញករណីនេះ អាចទៅមើលឃ្លីបវីដេអូដែលបង្ហាញពីសកម្មភាពក្នុងថ្ងៃកើតហេតុ នៅរដ្ឋបាលខណ្ឌព្រែកព្នៅដោយផ្ទាល់បាន។
លោកមានប្រសាសន៍ថា៖ «ចេះតែមានប្រជាពលរដ្ឋចោទប្រកាន់មកលើអាជ្ញាធរ ធម្មតាអាជ្ញាធរត្រូវតែចេះប្រយ័ត្នប្រយែងហើយ។ ចឹងមានឃ្លីបវីដេអូថតគាត់រហូត ជេរគេគ្រប់ទាំងអស់ហើយតាំងកាន់ប្រដាប់ប្រដារវាយគេ[…] ចឹងដល់ប្អូនចង់ដឹងច្បាស់ប្អូនមកកន្លែងបង បងមានទូរទស្សន៍មានអីបង្ហាញឱ្យមើល»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ជំរុញឱ្យតុលាការពិចារណាចំពោះការលើកលែងការចោទប្រកាន់ដល់សហគមន៍បឹងតាមោក ដោយចៀសវាងពួកគេបាត់បង់សិទ្ធិទាំងស្រុង ក្នុងការទាមទាររកដំណោះស្រាយជុំវិញវិវាទដីធ្លីដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន។
លោកថា៖ «យើងសង្ឃឺមថា តុលាការនឹងអាចពិចារណាក្នុងការលើកលែងការចោទប្រកាន់ ហើយនឹងមិនដាក់បន្ទុកពួកគាត់បន្ថែម ដោយដាក់ពួកគាត់ក្នុងការឃុំបណ្ដោះអាសន្នអីទៀតទេ»។
បើតាមមន្រ្តីសង្គមស៊ីវិលរូបនេះ គិតមកដល់ពេលនេះ មានប្រជាសហគមន៍បឹងតាមោកចំនួន៩នាក់ហើយ ដែលរងពាក្យបណ្ដឹងទាក់ទិននឹងការតវ៉ាដីធ្លីនេះ ក្នុងនោះមានពលរដ្ឋខ្លះរងការចោទប្រកាន់ចំនួន ២ករណី ខណៈពលរដ្ឋខ្លះទៀតរងការចោទប្រកាន់មួយករណី។
បើតាមសមាគមធាងត្នោត គិតមកដល់ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវ ដែលកំណត់ដោយអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និងស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០លើក ដែលមានផ្ទៃដីសរុបចំនួន ២ ៣៦៩,៨៩១៣ហិកតា។
ទាក់ទិននឹងការកាត់ឆ្វៀលផ្ទៃបឹងនេះ ក៏បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ដែលរស់នៅភាគខាងជើងនៃបឹងតាមោក ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ហើយពួកគេបានធ្វើការតវ៉ាទៅកាន់ស្ថាប័នរដ្ឋជាច្រើនរួមទាំង ក្រសួងរៀបចំដែនដី រដ្ឋសភា និងខុទ្ទកាល័យអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ។
ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បានប្រមូលផ្ដុំគ្នានៅកន្លែងពួកគេរស់នៅ ដោយប្រើជម្រើសលើកបដាស្រែកតវ៉ា សុំប្លង់កម្មសិទ្ធិ ដោយអះអាងថា ពួកគេបានរស់នៅម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរពុំទាន់ចេញប្លង់កម្មសិទ្ធិឱ្យនៅឡើយ៕