ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កោះហៅសកម្មជន​បឹងតាមោកចំនួន ៣នាក់ដែលសកម្ម​ក្នុងការតវ៉ា​រឿង​ដីធ្លី ឱ្យចូលខ្លួនទៅ​បំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

ក្នុងដីកាបង្គាប់ឱ្យចូលខ្លួន ឱ្យដឹងថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា បានបង្គាប់ឱ្យ​អ្នកស្រី ប្រាក់ សុភា,អ្នកស្រី សឿន ស្រីសុទ្ធ និងអ្នកស្រី ស៊ា ដាវី ចូល​បំភ្លឺនៅតុលាការ នា​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ទាក់ទិននឹងការ «យកឈើចាក់បំបុកក្រុមការងាររដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់» កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។

ទោះជាបែបនេះក្ដី អ្នកស្រី ស៊ា ដាវី ដែលរង​ការចោទ​ក្នុងសំណុំរឿងនេះ បានច្រានចោលការចោទប្រកាន់ ដោយ​លើកឡើងថា ជនបង្កហេតុគឺជាអាជ្ញាធរ ដែលប្រដាប់ដោយរណារ និងបាន​ចុះមកកាប់បំផ្លាញស្ពានឈើរបស់ពលរដ្ឋ ហើយបណ្ដាលឱ្យពលរដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរ​។

អ្នក​ស្រី ដាវី និយាយថា៖ «[យកឈើចាក់បំបុកក្រុមការងាររដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់] គាត់សរសេរបំផ្លើសទាំងអស់ គឺរឿងនេះ ជារឿងចុះកាត់ស្ពានប្រជាពលរដ្ឋនៅខាងក្រោយផ្ទះ ដែលធ្វើឆ្លង[ស្ពាន]ទៅ​ ដើម្បីរកខ្  អីហ្នឹង»

អ្នកស្រី ដាវី បានស្នើយ៉ាង​ទទូចដល់​តុលាការឱ្យ​​បញ្ឈប់ការ​ចេញ​ដីកានានា ដែលសំដៅដាក់បន្ទុកលើប្រជាពលរដ្ឋនៅ​បឹងតាមោក ដែលកំពុងប្រឈមនឹងការបាត់បង់ដីធ្លីដោយអយុត្តិធម៌បន្ថែម​ទៀត។
អ្នកស្រី​និយាយថា៖ «សំណូមពរតុលាការកុំចេះតែចេញដីកា អាណិតពួកខ្ញុំជាប្រជាពលរដ្ឋក្រីក្រផង មានទំនាស់ដីធ្លី មិនទទួលបានយុត្តិធម៌ទេ បានតែដីកាប្ដឹងបទចោទញុះញង់ ពួកខ្ញុំទទួលអត់បានទេ វាអយុត្តិធម៌ណាស់»។

ប្រជាសហគមន៍បឹងតាមោករូបនេះ បន្តថា អ្នកស្រី ពុំដែលស្គាល់ឈ្មោះអ្នកដាក់ពាក្យបណ្ដឹងប្រឆាំងខ្លួននោះទេ ហើយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ អ្នកស្រី នឹងចូលខ្លួនបំភ្លឺតាមការកោះហៅពីតុលាការ។

ពលរដ្ឋរងពាក្យបណ្ដឹងមួយរូបទៀត គឺអ្នកស្រី សឿន ស្រីសុទ្ធ និយាយថា នៅថ្ងៃកើតហេតុ(ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ២០២៣) អ្នកស្រីបានឃើញអាជ្ញាធរចុះមកប្រតាយប្រតប់ជាមួយពលរដ្ឋ និង​បង្កឱ្យមានស្នាមរបួសជាំដៃជាំជើង​លើពលរដ្ឋជាច្រើននាក់ ខណៈនោះ អ្នកស្រី​គ្រាន់តែបានឈរថតពីចម្ងាយប៉ុណ្ណោះ។

អ្នកស្រី​និយាយថា៖ «ពួកគាត់ប្ដឹងនេះ គាត់ធ្វើបាបពួកខ្ញុំ ហើយខ្ញុំអត់មានបានប្រព្រឹត្តអី។ ថ្ងៃណុងខ្ញុំបានចូលរួមមែន តែខ្ញុំនៅកណ្ដាលស្ពាននៅថត ខ្ញុំមានពេលណាទៅកាន់ឈើទៅបុកគាត់។ គាត់ប្ដឹងខ្ញុំចឹង ខ្ញុំហួសចិត្តមែនទែន ដោយសារច្បាប់លើគាត់ គាត់ចង់ធ្វើបាពលរដ្ឋ បើគាត់ចង់បានដីពួកខ្ញុំ ឱ្យគាត់ចរចាមក គាត់ចុះទិញផ្ទាល់មក មិនមែនប្រើដីកាគំរាមកំហែងពួកខ្ញុំចឹងទេ»

ទោះយ៉ាងណា​​ អភិបាលខណ្ឌព្រែកព្នៅ លោក​ ធឹម​ សំអាន​​ ថ្លែងថា ប្រសិនបើអ្នកសារព័ត៌មានចង់ជ្រាបច្បាស់ជុំវិញករណីនេះ អាចទៅ​មើលឃ្លីប​វីដេអូដែលបង្ហាញពីសកម្មភាពក្នុងថ្ងៃកើតហេតុ នៅរដ្ឋបាលខណ្ឌព្រែកព្នៅដោយផ្ទាល់បាន។

លោកមានប្រសាសន៍ថា៖ «ចេះតែមានប្រជាពលរដ្ឋចោទប្រកាន់មកលើអាជ្ញាធរ ធម្មតាអាជ្ញាធរត្រូវតែចេះប្រយ័ត្នប្រយែងហើយ ចឹងមានឃ្លីបវីដេអូថតគាត់រហូត ជេរគេគ្រប់ទាំងអស់ហើយតាំងកាន់ប្រដាប់ប្រដាវាយគេ[…] ចឹងដល់ប្អូនចង់ដឹងច្បាស់ប្អូនមកកន្លែងបង បងមានទូរទស្សន៍មានអីបង្ហាញឱ្យមើល»

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ជំរុញឱ្យតុលាការពិចារណាចំពោះការលើកលែងការចោទប្រកាន់ដល់សហគមន៍បឹងតាមោក ដោយចៀសវាងពួកគេបាត់បង់សិទ្ធិទាំងស្រុង ក្នុងការទាមទាររកដំណោះស្រាយជុំវិញវិវាទដីធ្លីដែលកំពុងកើតមាននៅពេលបច្ចុប្បន្ន។

លោក​ថា៖ «យើងសង្ឃឺមថា តុលាការនឹងអាចពិចារណាក្នុងការលើកលែងការចោទប្រកាន់ ហើយនឹងមិនដាក់បន្ទុកពួកគាត់បន្ថែម ដោយដាក់ពួកគាត់ក្នុងការឃុំបណ្ដោះអាសន្នអីទៀតទេ»

បើតាមមន្រ្តីសង្គមស៊ីវិលរូបនេះ គិត​មកដល់ពេលនេះ មានប្រជាសហគមន៍​បឹងតាមោកចំនួន៩នាក់ហើយ ដែលរងពាក្យបណ្ដឹងទាក់ទិននឹងការតវ៉ាដីធ្លីនេះ ក្នុងនោះមានពលរដ្ឋ​​ខ្លះរងការចោទប្រកាន់ចំនួន​ ២ករណី ខណៈពលរដ្ឋ​​ខ្លះទៀត​រងការចោទប្រកាន់មួយ​​ករណី។

បើតាមសមាគម​ធាងត្នោត គិតមកដល់​ខែកក្កដា ឆ្នាំ២០២៣ បឹងតាមោក ឬបឹងកប់ស្រូវ ដែលកំណត់ដោយអនុក្រឹត្យ​លេខ២០ អនក្រ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា ត្រូវបានកែសម្រួលពីទ្រព្យសម្បត្តិសាធារណៈរដ្ឋ មកជាទ្រព្យសម្បត្តិ​ឯកជន​របស់រដ្ឋ និងប្រគល់ជូនបុគ្គលឯកជន និង​ស្ថាប័ននានាជាបន្តបន្ទាប់សរុបចំនួន ៧០លើក ដែលមានផ្ទៃដីសរុបចំនួន ២ ៣៦៩,៨៩១៣ហិកតា។ 

ទាក់ទិននឹងការកាត់ឆ្វៀលផ្ទៃបឹងនេះ ក៏បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ដែលរស់នៅ​ភាគ​ខាងជើ​ងនៃ​បឹងតាមោក ស្ថិតក្នុង​ភូមិ​សំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កំពុងប្រឈមនឹង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ ហើយពួកគេបានធ្វើការតវ៉ាទៅកាន់​ស្ថាប័នរដ្ឋជាច្រើនរួមទាំង ក្រសួងរៀបចំ​ដែនដី​​ រដ្ឋសភា និងខុទ្ទកាល័យអតីត​​​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ផងដែរ។

ក្រៅពីការស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋ ប្រជាសហគមន៍បឹងតាមោកជាញឹកញាប់ ក៏បានប្រមូលផ្ដុំគ្នានៅ​កន្លែងពួកគេរស់នៅ ដោយប្រើជម្រើសលើកបដាស្រែកតវ៉ា សុំប្លង់កម្មសិទ្ធិ ដោយ​អះអាង​ថា ពួកគេបានរ​ស់នៅ​ម្ដុំបឹងតោមោកនេះតាំងពីទស្សវត្ស៩០ ប៉ុន្តែអាជ្ញាធរពុំទាន់ចេញប្លង់កម្មសិទ្ធិឱ្យនៅឡើយ៕