ក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកការសម្រេចរបស់ សាលាឧទ្ធរណ៍ភ្នំពេញដែលតម្កល់សាលក្រមរបស់តុលាការដំបូងគឺជាផ្នែកមួយមិនបានផ្តល់យុត្តិធម៌សម្រាប់មេដឹកនាំសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក នី សុខា ដែលចូលស្ដាប់សវនាការ អះអាងនៅថ្ងៃទី ២០ តុលា ថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការដាក់បន្ទុកលើថ្នាក់ដឹកនាំសហជីព ដើម្បីអាចចោទប្រកាន់ពួកគេថា បានប្រព្រឹត្តនូវអំពើញុះញង់ និងបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសង្គមនោះទេ។លោកបន្តថា ការប្រជុំតាមប្រព័ន្ធហ្សូម(Zoom)សម្រាប់ត្រៀមរៀបចំទុកជាមុនក្នុងការបង្កើតកម្មវិធីអ្វីមួយ[កូដកម្ម] វាជាគោលការណ៍ទូទៅសម្រាប់ស្ថាប័ននីមួយៗ។
លោកបន្តថា៖ «បើយើងមើលការដេញដោលហាក់បីជាមិនមានភស្តុតាំងអីក្នុងការដាក់បន្ទុកឱ្យធ្ងន់ធ្ងរពាក់ព័ន្ធនឹងបទចោទញុះញង់បង្កភាពវឹកវរអីទាំងអស់ហ្នឹង។ […] ចឹងវាគួរណាស់តែគាត់ទទួលបាននូវយុត្តិធម៌ ដោះលែងគាត់ឱ្យមានសេរីភាព ប៉ុន្តែយើងគិតថាការសម្រេចនេះនូវតែទទួលរងអយត្តិធម៌» ។
បើតាម លោក នី សុខា ការរក្សាសាលក្រមតុលាការជាន់ទាប ដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកយន់ ណារ៉ុង គឺជាការសម្រេចដែលល្អឥតខ្ចោះនោះ វាពិតជាពិបាកទទួលយក ព្រោះការសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ខ្វះភាពឯរាជ្យ ។
លោកបន្តថា៖«មូលហេតុក្រុមប្រឹក្សាអង្គចៅក្រមគាត់យល់ថាអ្វីៗដែលសាលាដំបូងធ្វើការសន្និដ្ឋានវាជារឿងត្រឹមត្រូវ ដោយគាត់រក្សាការចោទប្រកាន់ »។
ការរិះគន់របស់អ្នកការពារសិទ្ធិមនុស្សនេះ ក្រោយពេលសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ១៩ តុលា ឆ្នាំ២០២៣ បានបើកសវនាការលើបណ្តឹងទាស់ ប្រឆាំងនឹងសាលក្រមរបស់តុលាការភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារ កញ្ញា ឈឹម សុីថរ២ឆ្នាំ និងជនជាប់ចោទ៨នាក់ផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារចន្លោះពី១ឆ្នាំ ទៅ១ឆ្នាំ៦ខែ ប៉ុន្តែទោសទាំងនោះត្រូវព្យូរ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
សេចក្តីសម្រេចដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍លោក យន់ ណារ៉ុង នេះត្រូវបានសកម្មជនសិទ្ធិមនុស្ស និងជនជាប់ចោទដែលចូលរួមស្ដាប់សវនការ ចាត់ទុកថា តំណាងអយ្យការបានចោទសួរដេញដោលពីថវិកា និងការចាត់ចែងថវិកាទាំងនោះរបស់សហជីពណាហ្គាវើលដ៍ ព្រមទាំងលើកយកភស្តុតាងពាក់ព័ន្ធនឹងការប្រជុំតាមប្រព័ន្ធហ្សូមរបស់សកម្មជនសហជីព។
ជនជាប់ចោទក្នុងសំណុំរឿងនេះមួយរូប បានថ្លែងក្រោយបញ្ចប់សវនាការថា ភស្តុតាងដែលព្រះរាជអាជ្ញាលើកយកទាក់ទិននឹងការជជែកគ្នាតាមប្រព័ន្ធហ្សូមមានភាពមិនប្រក្រតី ដោយមានការកាត់សំឡេងដោយឡែកៗរបស់ កញ្ញា ឈឹម ស៊ីថរ ហើយស្ដាប់ទៅអាចមានការយល់ច្រលំថាបង្កឱ្យមានការញុះញង់កើតឡើង។
អ្នកស្រីបន្តថា៖ «គេកាត់[សំឡេង]ខ្លីៗ គេអត់យកសម្ដីពេញទាំងដុលរបស់កញ្ញា ឈឹម ស៊ីថរ មកនិយាយទេ។ ដល់ពេលចឹងមានចំណុចខ្លះគេកាត់ទៅវាស្មើដូចយើងញុះញង់ចឹង។ តាមពិតជាក់ស្ដែងបើសិនជាយកការប្រជុំសម្ដីទាំងមូលរបស់គាត់មក គឺគោលដៅនៃការប្រជុំដើម្បីតែបញ្ចៀសនៃការប្រើហិង្សាណាមួយដែលធ្វើឱ្យតបតទៅអាជ្ញាធរចឹងធ្វើឱ្យមានហិង្សា»។
អ្នកស្រី ឈឹម សុខន យល់ថា ការបង្កើតឱ្យមានភស្តុតាងក្លែងក្លាយបែបនេះ វាជំរុញឱ្យមានភាពអយុត្តិធម៌ធ្លាក់លើជនជាប់ចោទទាំង៩នាក់ដែលត្រូវបាត់បង់សេរីភាព និងជាប់ពន្ធនាគារជាដើម។
អ្នកស្រីបន្តថា៖ «វាអយុត្តិធម៌សម្រាប់ពួកខ្ញុំដែលជាជនរងគ្រោះ នៅពេលណាដែលគាត់ប្រើប្រាស់រូបភាពបែបហ្នឹងទៅ អ្នករងគ្រោះយើងអ្នកខាតអត្ថប្រយោជន៍យើងបាត់បង់សេរីភាព ជាប់គុកជាប់ច្រវ៉ាក់ »។
នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងថា តាមការអះអាងរបស់កញ្ញា ឈឹម ស៊ីថរ សហជីពបានចាត់ចែងថវិកាដែលទទួលបានយកទៅជួយសមាជិកដែលភាគច្រើនរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។
អ្នកស្រី និយាយថា៖ «ចឹងយើងឃើញហើយថាការធ្វើកូដកម្ម តើកូដករមានបានបង្កហិង្សាណាមួយទេ ឬក៏អាជ្ញាធរទៅវិញទេដែលមកបង្រ្កាបហើយប្រើហិង្សាលើពួកគាត់?»។
បើតាម លោកស្រី ចក់ សុភាព ក្នុងសវនាការមានជនជាប់ចោទចំនួន៦នាក់ ក្នុងចំណោម៩នាក់។ សម្រាប់៣នាក់អវត្តមានក្នុងនោះម្នាក់កំពុងមាតុភាព និងបុរស២នាក់ទៀត ផ្លាស់ប្ដូទីលំនៅ ហើយពុំទទួលបានដីកាកោះហៅពីតុលាការទេ។
កូដករមួយរូបដែលឈរគាំទ្រនៅមុខសាលាឧទ្ធរណ៍ភ្នំពេញអំឡុងពេលតុលាការបើកសវនាការ អ្នកស្រី រឿន មុំម៉ារីណែត វ័យ ៣០ឆ្នាំ ស្នើឱ្យតុលាការបង្ហាញភស្តុតាងឱ្យបានច្បាស់ក្រោយសម្រេចរក្សាសាលក្រមដែលចោទថាពួកគាត់បានប្រព្រឹត្តអំពើញុះញង់។
កញ្ញាបន្តថា៖«បើសិនជាយាយថាបង្កឱ្យមានភាពវឹកវរខ្ញុំចង់ឱ្យគាត់[តុលាការ]បង្ហាញភស្តុតាងថាកន្លែងណាពួកខ្ញុំពិតជាបានបង្កភាពវឹកវរដល់សង្គមមែន ព្រោះពួកយើងដើរតាមនីតិវិធីច្បាប់យើងទៅមុខណាហ្គាវើលដ៍តើ ហេតុអីចោទពួកយើងបង្កឱ្យមានភាពវឹកវរដល់ក្នុងសង្គម?»។
កាលពីដើមឆ្នាំ២០២០ ជាឆ្នាំដែលមានការរីករាលនៃជំងឺកូវីដ១៩ ហើយក្រុមហ៊ុនណាហ្គាវើលដ៍ បានផ្អាកការងារ និងកាត់បន្ថយបុគ្គលិកមួយចំនួន ក្រោមហេតុផលវិបត្តិការងារ។ ប៉ុន្តែនៅអំឡុងខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុនល្បែងមួយនេះ បានបញ្ឈប់បុគ្គលិកក្នុងលក្ខខណៈទ្រង់ទ្រាយធំ ដែលភាគច្រើនជាថ្នាក់ដឹកនាំសហជីព ប្រតិភូចរចា និងសមាជិកសហជីពមូលដ្ឋានក្រោមហេតុផលថាក្រុមហ៊ុនជួបវិបត្តិហិរញ្ញវត្ថុដោយសារបញ្ហាកូវីដ១៩។
ក្រោយមានការបញ្ឈប់ ដែលក្រុមកូដករចាត់ទុកថា ធ្វើឡើងដោយគ្មានហេតុផលនេះហើយ ទើបបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមធ្វើកូដកម្មដោយអហិង្សាចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយពួកគេប្រើប្រាស់ស្ទើរគ្រប់និតិវិធី ផ្ទុយទៅវិញនៅតែពុំមានដំណោះស្រាយដល់សព្វថ្ងៃ។
អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់បានព្រមានចាត់វិធានការផ្លូវច្បាប់ជាញឹកញាប់ ដោយចោទប្រកាន់ថា ការតវ៉ានេះគឺមានអ្នកគាំទ្រនៅពីក្រោយ ទើបក្រុមកូដករ នៅមានកម្លាំង និងធនធានតវ៉ាដល់បច្ចុប្បន្ន។ បើទោះបែបណា គេសង្កេតឃើញថា ក្នុងពេលដែលក្រុមកូដករ តវ៉ា អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់ចេញមុខអន្តរាគមន៍ដែរ ក៏ប៉ុន្តែចេតនាស្វែងរកដំណោះស្រាយរបស់លោក ស ខេង នេះត្រូវបរាជ័យទៅវិញ៕