ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ សមុទ្រ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពស់រាបឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពខ្យល់មូសុងដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ រួមជាមួយលំហូរខ្យល់បក់មកពីទិសខាងត្បូង ខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្តាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់លើផ្ទៃដីពី៥០% ទៅ៦០%។ ដោយឡែក បណ្តាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាបនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ៥០%»។
ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះស្ថានភាពខ្យល់មូសុងនេះ ថាអាចនឹងបង្កជាជំនន់ទឹកភ្លៀង៕