ក្រសួងធនធានទឹក និងឧតុនិយម​​​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ សមុទ្រ តំបន់ទំនាបកណ្តាល និងតំបន់ខ្ពស់រាប​​ឱ្យ​ប្រុងប្រយ័ត្នខ្ពស់​ចំពោះ​ស្ថាន​ភាព​ខ្យល់​មូសុង​​​ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយ​នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ​ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ រួមជាមួយលំហូរខ្យល់បក់មកពីទិសខាងត្បូង ខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖ «ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅ​តាម​បណ្តា​ខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំនាប​កណ្តាល រួមទាំងរាជធានីភ្នំពេញ​នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ លាយឡំជាមួយផ្គររន្ទះ និង​ខ្យល់​កន្ត្រាក់​ដែលគ្របដណ្តប់លើផ្ទៃដីពី​៥០% ទៅ​៦០%។ ដោយឡែក បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ខ្ពង់រាប​នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅ​បង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៤០% ទៅ៥០%»។

ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវដល់ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ឱ្យ​បាន​​​ខ្ពស់​ចំពោះ​ស្ថានភាព​ខ្យល់​មូសុងនេះ ​ថា​អាច​នឹង​បង្កជាជំនន់ទឹកភ្លៀង៕​