សាលាឧទ្ធរណ៍តំបន់ព្រះសីហនុ កោះហៅតំណាងសហគមន៍ដែលមានទំនាស់ដីធ្លីឈ្មោះ«សហគមន៍១៩៧ » ចំនួន០៩នាក់ ឱ្យចូលសវនការនៅថ្ងៃព្រហស្បត្តិ៍ក្នុងសប្តាហ៍នេះ ក្រោយពួកគេបានប្តឹងទាស់ប្រឆាំងសាលាក្រមសាលាដំបូងខេត្តកោះកុង ដែលចោទប្រកាន់ពួកគេពីបទបរិហារកេរ្តិ៍ និងញុះញង់។
ដីកាកោះដែលចេញកាលពីថ្ងៃទី ១៨ តុលា ហើយគេហទំព័រ Newsroom Cambodia ទើបទទួលបាននៅថ្ងៃទី ២៣ តុលា ឆ្នាំ២០២៣ ដោយព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លោក ខៀវ ផល្លា ឱ្យដឹងថា ជនជាប់ចោទក្នុងសំណុំរឿងទំនាស់ដីធ្លីនេះ តម្រូវឱ្យចូលខ្លួនដើម្បីពិភាក្សាដេញក្រោមបទចោទ«បរិហារកេរ្តិ៍ និងញុះញង់ »។
តាមរយៈដីកាកោះចេញដាច់ដោយឡែកៗពីគ្នា ក្នុងខ្លឹមសារតែមួយ ដែលបង្គាប់ឱ្យពលរដ្ឋទាំង៩នាក់ ត្រូវចូលសវនាការនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺតុលាការបានកំណត់យកថ្ងៃទី ២៦ ខែតុលា ពេលរសៀល ដើម្បីបើកសវនាការ លើបណ្តឹងទាស់ប្រឆាំងសាលក្រមដែលចេញដោយតុលាការខេត្តកោះកុង។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តុលាការខេត្តកោះកុង បានសម្រេចចោទប្រកាន់សកម្មជនដីធ្លីចំនួន៩នាក់ ក្រោមបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញតិ្តមាត្រា ៣១១, ៣១២, ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅ ខេត្តកោះកុង។
ចំណែក សកម្មជនដីធ្លីម្នាក់ក្នុងចំណោម៩នាក់គឺអ្នកស្រី អឹប តឹង ដែលបានចូលរួមប្ដឹងទាមទារឱ្យតុលាការទម្លាក់បទចោទប្រឆាំងលើអ្នកស្រី បានបដិសេធថាខ្លួនមិនបានបរិហារកេរ្តិ៍ ឬធ្វើសកម្មភាពណាមួយ ដែលបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដូចក្នុងដីកាចោទប្រកាន់របស់តុលាការឡើយ។
អ្នកស្រីបន្តថា៖ «បងនិយាយថា លោក ហេង ហ៊ុយ រំលោភលើដីពលរដ្ឋ១៩៧គ្រួសារ ពាក្យនេះមិនមែនបរិហារ ឬញុះញង់ទេ»។
បើតាមអ្នកស្រី អឹប តឹង ដីសហគមន៍ដែលអ្នកស្រីចោទថា លោក ហេង ហ៊ុយ កំពុងព្យាយាមរំលោភយកនាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ មានភាពប្រសើរឡើង តាមរយៈការដាំដុះដូចជាស្វាយចន្ទីរ ខ្នុរ និងធ្វើស្រែចំការជាដើម។
អ្នកស្រីបន្តថា៖«បាត់បង់ដីហ្នឹងទៅបងប៉ះពាល់មែនទេ។ អាស្រ័យផលគោក្របី យើងដាំដំណាំហូបចុកអីនៅលើដីហ្នឹងទាំងអស់ ពេលអត់មានដីហ្នឹង ធ្វើឱ្យពួកបងអត់មានអីធ្វើ។ ចឹងពួកបងត្រូវធ្លាក់ខ្លួនធ្វើការនៅខាងក្រៅ ហើយកូនបាត់បង់ការសិក្សា ហើយឪពុកម្ដាយត្រូវទៅធ្វើការដោះបំណុលុំ និយាយទៅបាត់បង់ដីហ្នឹងដូចបាត់បង់ជីវិតហ្មង»។
មិនខុសគ្នាទេ អ្នកស្រី ដេត ហ៊ួ ដែលមានឈ្មោះនៅក្នុងដីកាកោះហៅដោយសាលាឧទ្ធរណ៍ព្រះសីហនុ ក៏ឯកភាពដែរថា លោក ហេង ហ៊ុយ បានរំលោភលើដីពលរដ្ឋនេះ មិនមែនជាការបរិហារកេរ្តិ៍ ឬញុះញង់នោះទេ។
អ្នកស្រីបន្តថា៖ «ខ្ញុំអត់ដែលបានញុះញង់អីផង គ្រាន់តែលើកអំពីបញ្ហាដីធ្លីដែលលោក ហេង ហ៊ុយ បានរំលោភយក»។
តាមរយៈការផ្តល់សម្ភាសន៍ជាមួយគេហទំព័រ Newsroom Cambodia ពលរដ្ឋដែលមានឈ្មោះនៅក្នុងដីកាបញ្ជាក់ជំហរថា ពួកគេនឹងចូលរួមសវនការ ទៅតាមការកំណត់ដោយតុលាការ នៅពេលខាងមុខនេះ។
គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយបានទេទាំង អភិបាលស្រុកស្រែអំបិល លោក ជា ច័ន្ទកញ្ញា លោក ហេង ហ៊ុយ និង អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ដោយទូរសព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ចំណែក មន្រ្តីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) ប្រចាំខេត្តកោះកុង លោក ង៉ែត ស៊ីណាត់ អំពាវនាវឱ្យសាលាឧទ្ធរណ៍ព្រះសីហនុ ទម្លាក់បទចោទលើពលរដ្ឋទាំង៩នាក់នេះ ដោយសារពួកគេបានរងគ្រោះពីការបាត់បង់ដីធ្លីម្តងរួចទៅហើយ បែរជារងការចោទប្រកាន់ពីតុលាការបន្ថែមទៀត។
លោកបន្តថា៖ «គួរតែទម្លាក់បទចោទលើពួកគាត់ ពីព្រោះគាត់ជាជនរងគ្រោះ បាត់បង់ដីធ្លី ហើយគាត់[សាលាឧទ្ធរណ៍ព្រះសីហនុ] គួរតែទម្លាក់ការចោទហ្នឹងហើយរកយុត្តិធម៌ឱ្យគាត់នៅពេលដែលគាត់ទាមទារដីធ្លី។ […] គាត់តវ៉ាគ្រប់ទីកន្លែងដើម្បីបានដីធ្លីមកវិញ បែរជាគាត់ក្លាយជាអ្នកជនជាប់ចោទនៅក្នុងរឿងហ្នឹងវិញ ចឹងវាមានភាពអយុត្តិធម៌ចំពោះគាត់»។
ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ រហូតដល់ពេលបច្ចុប្បន្ន។ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតារ ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគមន៍ នៅមិនទាន់អាចរកច្រកចេញបាននៅឡើយ។
ចំណែកអាជ្ញាធរ និងភាគីពាក់ព័ន្ធតែងបដិសេធជារឿយៗ ពីការចោទប្រកាន់របស់ពលរដ្ឋ ដែលលើកឡើងថាការតស៊ូមតិរបស់ពួកគេ មិនដែលទទួលបានការការពារ និងដោះស្រាយដោយសន្តិវិធីពីអាជ្ញាធរម្តងណាឡើយ។ផ្ទុយទៅវិញកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដែលការពារដីធ្លី តែងទទួលរងការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងពីអាជ្ញាធរជាបន្តបន្ទាប់៕