ក្រសួងបរិស្ថានស្នើម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនវិស័យឯកជនទាំងអស់ ចូលរួមជំរុញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» ដើម្បីថែរក្សាបរិស្ថានឲ្យបានស្អាត និងរក្សាអនាម័យសុខភាព សុខុមាលភាពសាធារណៈ។
បើតាមលិខិតរបស់ក្រសួងបរិស្ថានជូនទៅម្ចាស់សហគ្រាស ក្រុមហ៊ុន វិស័យឯកជន ចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលមិនដល់៦០ថ្ងៃ ក្រោយដាក់ចេញនូវយុទ្ធនាការក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» មានសិស្សានុសិស្សទូទាំងប្រទេស ព្រមទាំងលោកគ្រូ អ្នកគ្រូ បានចូលរួមប្រមាណជាង២លាននាក់ មកពីសាលាជាង ៩០០០ បានចូលរួម។
លិខិតដដែលបន្ថែមថា៖ «ដើម្បីឱ្យយុទ្ធនាការនេះក្លាយជាចលនាមួយមានកម្លាំងខ្លាំងក្លាអាចនាំកម្ពុជាឱ្យក្លាយជាប្រទេសនាំមុខគេក្នុងការប្រយុទ្ធប្រឆាំងសំណល់រឹង ពិសេសសំណល់ប្លាស្ទិក ខ្ញុំស្នើសុំអ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ដែលជាម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន មេត្តាចូលរួមជំរុញចលនា និងដឹកនាំបុគ្គលិក កម្មករទាំងអស់ អនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនេះនៅតាមបណ្ដារោងចក្រ សហគ្រាស ក្រុមហ៊ុន សំដៅជំរុញអនុវត្តការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យកុំបីអាក់ខានឡើយ»។
ក្រសួងបន្ថែមក្នុងលិខិតនោះថា រោងចក្រ សហគ្រាស កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវត្តអារាមមួយចំនួនក៏បាននិងកំពុងចូលរួមយ៉ាងផុសផុលនៅទូទាំងប្រទេស៕