ក្រសួងបរិស្ថានស្នើ​​ម្ចាស់​រោងចក្រ សហគ្រាស និង​​ក្រុមហ៊ុន​វិស័យ​ឯកជន​ទាំងអស់ ចូលរួម​​ជំរុញ​​យុទ្ធនាការ​កាត់បន្ថយការប្រើប្រាស់ប្លា​ស្ទិក «ថ្ងៃនេះខ្ញុំមិនប្រើប្លា​ស្ទិកទេ»  ដើម្បី​ថែរក្សា​បរិស្ថានឲ្យបានស្អាត និងរក្សា​អនាម័យ​សុខភាព សុខុមាលភាពសាធារណៈ។

បើ​តាមលិខិត​របស់​ក្រសួង​បរិស្ថានជូន​ទៅម្ចាស់​សហគ្រាស ក្រុមហ៊ុន​ វិស័យឯកជន​ ចេញ​នៅ​​ថ្ងៃទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ បានឱ្យដឹងថា ​ក្នុងរយៈពេលមិនដល់៦០​ថ្ងៃ ក្រោយ​ដាក់​ចេញ​នូវយុទ្ធនាការ​ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើប្លា​ស្ទិកទេ» មាន​សិស្សានុសិស្ស​ទូទាំង​ប្រទេស ព្រមទាំង​លោកគ្រូ អ្នកគ្រូ បានចូលរួមប្រមាណជាង​២​លាននាក់ មកពីសាលាជាង ៩០០០ បានចូលរួម។

លិខិត​ដដែល​​បន្ថែម​ថា៖ «ដើម្បីឱ្យយុទ្ធនាការ​នេះ​​ក្លាយជា​​ចលនា​មួយ​មាន​កម្លាំង​ខ្លាំង​ក្លា​អាច​នាំ​កម្ពុជា​​ឱ្យ​ក្លាយ​ជា​ប្រទេស​នាំមុខគេក្នុងការ​ប្រយុទ្ធប្រឆាំង​សំណល់​រឹង ពិសេស​សំណល់​ប្លាស្ទិក ខ្ញុំ​ស្នើសុំ​អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រី ដែល​ជា​​​ម្ចាស់ ឬ នាយក​រោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជន មេត្តាចូលរួមជំរុញចលនា និងដឹកនាំបុគ្គលិក កម្មករ​ទាំង​អស់ អនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកនេះនៅតាមបណ្ដារោងចក្រ សហគ្រាស  ក្រុមហ៊ុន សំដៅជំរុញ​​អនុវត្តការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​នៅកម្ពុជាឱ្យ​ទទួលបាន​នូវភាព​​ជោគជ័យកុំបីអាក់ខានឡើយ»។

ក្រសួង​បន្ថែម​ក្នុង​លិខិត​នោះ​ថា​ រោងចក្រ សហគ្រាស​ កាកបាទក្រហមកម្ពុជា សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និង​វត្ត​អារាមមួយចំនួនក៏បាននិងកំពុងចូលរួមយ៉ាង​ផុសផុល​នៅទូទាំង​ប្រទេស​៕​