ក្រសួងអប់រំ យុវជន និងកីឡា ហាមឃាត់សិស្សានុសិស្សមិនឲ្យប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចក្នុងថ្នាក់រៀន និងក្នុងបរិវេណសាលា ដែលមិនបម្រើឲ្យសកម្មភាពសិក្សា។
ក្នុងសេចក្តីណែនាំស្តីពីការពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេកិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ចេញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣បញ្ជាក់ថា ក្រសួងអប់រំណែនាំដល់គ្រប់ស្ថាប័នសិក្សាសាធារណៈ គ្រូបង្រៀន និងសិស្សានុសិស្សទាំងអស់ ឱ្យអនុវត្តនការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចទាំងនៅក្នុងថ្នាក់រៀន និងក្នុងបរិវេណសាលារៀនឱ្យបានត្រឹមត្រូវ ស្របនឹងគោលបំណងនៃការអប់រំ។
សេចក្តីណែនាំនោះបន្ថែមថា៖ «ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង បណ្តាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា។ គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនាំឱ្យខាត ឬរំខានដល់ការសិក្សា»។
ក្រសួងអប់រំបន្ថែមដោយណែនាំឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀនដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹងគោលបំណងនៃការអប់រំ។ ជំរុញ និងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លឹបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា។
ក្រសួងអប់រំក៏បានស្នើដល់មាតាបិតា និងអ្នកអាណាព្យាបាលត្រូវចូលរួមតាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិករបស់កូនចៅឱ្យស្របតាមគោលបំណងនៃការអប់រំផងដែរ៕