ក្រសួងអប់រំ​ យុវជន និង​កីឡា ហាម​ឃាត់​សិស្សា​នុសិស្ស​មិន​ឲ្យ​ប្រើ​ប្រាស់​ទូរស័ព្ទ​ ឬឧបករណ៍​អេឡិច​ត្រូ​និច​ក្នុងថ្នាក់រៀន និង​ក្នុង​បរិវេណ​សាលា​​ ដែល​​មិន​​បម្រើ​​ឲ្យ​​សកម្មភាព​​សិក្សា​​។

ក្នុង​សេចក្តី​ណែនាំ​ស្តីពីការ​ពង្រឹង​វិន័យ និង​បង្កើនប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​អេកិចត្រូនិច​ក្នុងបរិវេណ​គ្រឹះស្ថានសិក្សា​សាធារណៈ ចេញ​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៣​បញ្ជាក់ថា ក្រសួង​អប់រំ​ណែនាំ​ដល់​គ្រប់​​ស្ថាប័ន​សិក្សា​សាធារណៈ​ គ្រូបង្រៀន និង​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​អនុវត្ត​ន​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​ទាំង​នៅ​ក្នុង​ថ្នាក់រៀន និង​ក្នុង​បរិវេណ​សាលារៀន​ឱ្យ​បាន​ត្រឹម​ត្រូវ​ ​ស្របនឹង​គោល​បំណង​នៃការ​អប់រំ។​

សេចក្តី​ណែនាំ​នោះ​បន្ថែម​ថា៖ «ហាមឃាត់​ការប្រើប្រាស់​ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ក្នុង​ថ្នាក់រៀន ឬម៉ោ​ងសិក្សា ដែលមិន​បម្រើឱ្យសកម្មភាពសិក្សា ដោយ​គ្មាន​ការអនុញ្ញាត​ពី​គ្រូកំ​ពុង​បង្រៀន ជាពិសេសការលេងហ្គេម និង បណ្តាញ​ទំនាក់ទំនង​សង្គម​ដែល​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​សិក្សា។​ គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់​ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិកនាំឱ្យខាត ឬរំខានដល់ការសិក្សា»។​

ក្រសួងអប់រំបន្ថែមដោយ​ណែ​នាំ​ឱ្យ​គ​ណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជា​ប្រចាំ​អំពី​វិន័យ និង​បទបញ្ជាផ្ទៃ​ក្នុង​របស់សាលារៀន​ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃ និង​ឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង​គោលបំណងនៃការអប់រំ​។​ ជំរុញ និង​លើកទឹ​ក​ចិត្ត​ឱ្យ​សិស្ស​មាន​ទម្លាប់​ធ្វើ​ស្វ័យសិ​ក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លឹបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា។​

ក្រសួងអប់រំក៏បានស្នើ​ដល់មាតាបិតា និងអ្នកអាណាព្យាបាលត្រូវចូលរួម​តាមដាន​ និង​ជំរុញ​ការប្រើប្រាស់​​​ទូរសព្ទដៃ និង​ឧបករណ៍អេឡិចត្រូនិករបស់កូនចៅ​ឱ្យ​ស្រប​តាម​គោល​បំណង​នៃ​ការអប់រំ​ផង​ដែរ៕​