សាលាដំបូងខេត្តកំពង់ធំ គ្រោងប្រកាសសាលក្រម លើបណ្ដឹងប្រឆាំងតំណាងជនជាតិដើមភាគតិចកួយជាង ១០០គ្រួសារ នៅស្រុកសណ្ដាន់ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូមួយ នៅខែក្រោយ។
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ធំ បានបើកសវនការលើសំណុំរឿងតំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន និងអ្នកស្រី ចាន់ ឡាយហាគ ទាក់ទិននឹងបទចោទ«ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សូ សុវណ្ណារ៉េត មានប្រសាសន៍ថា ក្រោយបញ្ចប់ការសួរដេញដោលក្នុងសំណុំរឿងនេះ ចៅក្រមជំនុំជម្រះ លោក សុខ ឧត្តម បានសម្រេចកំណត់យកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រកាសសាលក្រមជុំវិញបណ្ដឹងប្រឆាំងនឹង អ្នកស្រី ហេង សាភេន និងអ្នកស្រី ចាន់ ឡាយហាគ។
លោកបញ្ជាក់ថា៖ «សវនាការព្រឹកមិញ[ថ្ងៃទី២៤ ខែតុលា]នេះ ចៅក្រមជំនុំជម្រះគាត់បានបញ្ចប់នីតិវិធីអស់ហើយ។ លោកលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក»។
បើតាមជនរងការចោទប្រកាន់ អ្នកស្រី ហេង សាភេន ឱ្យដឹងថា ក្នុងសវនាការព្រឹកនេះ ក្រោយស្ដាប់សាក្សីចំនួន ៦នាក់ ចៅក្រមបានប្រកាសថា ដើមបណ្ដឹង លោក ឆេង ផាន់ តំណាងឱ្យក្រុមហ៊ុនសម្បត្តិ ផ្លេធីណឹម បានសម្រេចដកពាក្យបណ្ដឹងវិញ។
តំណាងជនជាតិដើមភាគតិចកួយរូបនេះ បានបដិសេធចំពោះការចោទប្រកាន់ថា អ្នកស្រី និងកូនស្រី ឈ្មោះ ចាន់ ឡាយហាគ បានប្រើហិង្សាលើម្ចាស់អចលវត្ថុ ដោយអះអាងថា ពួកគាត់គ្រាន់តែអាស្រ័យផលលើដីសហគមន៍របស់ខ្លួនប៉ុណ្ណោះ។
អ្នកស្រីនិយាយថា៖ «សំណូមពរឱ្យតុលាការបញ្ឈប់ការចោទប្រកាន់ ព្រោះអីការចោទប្រកាន់ខ្ញុំវាមិនពិត»។
តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ទៅតាមបណ្តឹងរបស់ក្រុមហ៊ុន ដែលចោទអ្នកស្រីថាបានរំលោភយកដីរបស់ក្រុមហ៊ុន ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣០ ខែមិថុនា។
ក្នុងអំឡុងពេលតុលាការខេត្តកំពង់ធំ កំពុងបើកសវនការជំនុំជម្រះ គេសង្កេតឃើញមានប្រជាពលរដ្ឋប្រមាណ ៥០នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តនេះ ដើម្បីគាំទ្រដល់តំណាងពួកគេនៅក្នុងសវនការ។
អ្នកគាំទ្រម្នាក់ក្នុងចំណោមពលរដ្ឋដែលរងចាំនៅមុខសាលាដំបូងខេត្តកំពង់ធំ លោក ហ៊ាន ហ៊ាក វ័យ៤៤ឆ្នាំ អះអាងថា ជនជាតិដើមភាគតិចកួយ ពុំបានរំលោភយកដីក្រុមហ៊ុនដូចការចោទប្រកាន់នោះទេ។
លោកនិយាយថា៖ «សម្រាប់ជនជាតិដើមភាគតិចពួកខ្ញុំនេះ គឺចង់ថា ដីនេះទុកឱ្យទៅជាសម្បតិ្តរបស់ជនជាតិដើមភាគិតចពួកគាត់វិញ[…] យើងជាជនជាតិដើមភាគតិច មិនចង់ឱ្យបាត់នូវអត្តសញ្ញាណទំនៀមទម្លាប់របស់ពួកគាត់»។
គេហទំព័រ Newsroom Cambodia ពុំអាចសុំការបកស្រាយពីដើមបណ្តឹង គឺលោក ឆេង ផាន់ តំណាងឱ្យក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម បានទេគិតត្រឹមល្ងាចថ្ងៃអង្គារម្សិលមិញ។
អភិបាលរងខេត្តកំពង់ធំ លោក សុក ហៃ បានបដិសេធក្នុងការអត្ថាធិប្បាយជុំវិញករណីនេះ ដោយប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់តុលាការវិញ។
លោកបញ្ជាក់ថា៖ «រឿងរបស់តុលាការសួរទៅកាន់អ្នកនាំពាក្យរបស់សាលាដំបូងទៅ[…] រឿងតុលាការសម្រេចទៅខាងណាខាងណីខ្ញុំម៉េចដឹង»។
របាយការណ៍របស់ប្រជាសហគមន៍ បង្ហាញថា កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុនសម្បត្តិផ្លេធីណឹម បានបោះបង្គោលរំលោភយកដីសមូហភាពសហគមន៍ និងឈូសឆាយផលដំណាំរបស់អ្នកភូមិ អស់ជាច្រើនហិកតា ហើយពលរដ្ឋបានស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងក្រសួងរៀបចំដែនដី ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ជនជាតិដើមភាគតិចកួយចំនួន ១០៤គ្រួសារ នៅភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏បានដាក់ញត្តិទៅអាជ្ញាធរខេត្តជាថ្មីទៀត សុំឱ្យអន្តរាគមន៍ជួយបញ្ឈប់ក្រុមហ៊ុន កុំឱ្យឈូសឆាយលើដីរបស់ខ្លួន និងកំណត់ព្រំដែនឱ្យបានច្បាស់លាស់រវាងដីពួកគេនិងដីក្រុមហ៊ុន ក្រោយមានជម្លោះជាង១០ឆ្នាំ។
បើតាមផែនទីសម្គាល់ទីតាំងរបស់រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុនសម្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co., LldTD) ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ ២ ៤៩៦ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕